សេចក្ដីសម្រេចចំនួន២០ចំណុចដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំសភាតំបន់អាស៊ី

កិច្ចប្រជុំសភាតំបន់អាស៊ី (បូ សាវី)

សេចក្ដីសម្រេចចំនួន២០ចំណុច ត្រូវបានដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំសភាតំបន់អាស៊ី ឬហៅកាត់ថា APA លើកទី៩ ដែលធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩របស់សភាតំបន់អាស៊ី (APA) លោក ងួន ញ៉ិល ថ្លែងថា សេចក្ដីសម្រេចចំនួន២០ចំណុចនេះ ព្រាងដោយគណៈកម្មាធិការអចិន្ដ្រៃយ៍ចំនួន៤ នៃសភាតំបន់អាស៊ីលើកទី៩ រួមមាន គណៈកម្មាធិការអចិន្ដ្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម បានព្រាងសេចក្ដីព្រាងសម្រេច ស្ដីពីវប្បធម៌បច្ចេកទេស សុខភាព ពលករទេសន្ដប្រវេសន៍ អំពើពុករលួយ សមាជិកសភាស្ដ្រី និងសាសនា ជាពិសេសការរត់ពន្ធវត្ថុបុរាណនិងគ្រឿងញៀន។

សេចក្ដីកម្មាធិការកិច្ចការនយោបាយព្រាងសេចក្ដីសម្រេចចំនួន៤ ផ្ដោតលើគោលការណ៍មិត្ដភាពនិងសហប្រតិបត្ដិការតំបន់អាស៊ី អន្ដរកម្មរវាងអេភីអេ និងរដ្ឋាភិបាលអាស៊ី ភេវរកម្ម អំពើហឹង្សា ពិសេសការអភិវឌ្ឍនយោបាយសំខាន់ៗនៅក្នុងតំបន់អាស៊ី និងព្រាងសេចក្ដីសម្រេចចំនួន៦ទៀត របស់គណៈកម្មាធិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច សមាហរណកម្មទីផ្សារទីផ្សារថាមពលអាស៊ី បញ្ហាបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ ពិសេសទឹកស្អាតនិងអនាម័យ។

លោក ងួន ញ៉ិន បានបន្ថែមថា កិច្ចប្រជុំនេះ នឹងពិភាក្សាផងដែរ ទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់សភាប៉ាឡេស្ទីនស្នើឲ្យសភាអាស៊ី គាំទ្រដល់ប្រជាជាតិប៉ាឡេស្ទីន និងសភាប៉ាគីស្ថានស្នើសុំបង្កើត៥ក្រុមអនុតំបន់។ ជាមួយគ្នានោះដែរ អេភីអេ នឹងពិភាក្សាជ្រើសតាំងសភាទួគី ជាប្រធានអេភីអេ បន្ទាប់ពីកម្ពុជា និងអនុប្រធានមហាសន្និបាតលើកទី៩របស់សភាតំបន់អាស៊ីទាំង៤ផងដែរ។

គួរបញ្ជាក់ថា មហាសន្និបាតលើកទី៩ របស់សភាតំបន់អាស៊ី APA ធ្វើឡើងនៅតំបន់ទេសចរណ៍អង្គរ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ