សារឆ្លើយឆ្លងរវាង ធី សុវណ្ណថា និងកូនប្រុសនាយករដ្ឋមន្រ្តី ទាក់ទងរឿងលោក កឹម សុខា ត្រូវបានគេទម្លាយ

លោក ហ៊ុន ​ម៉ា​និត និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបានចែករំលែកព័ត៌មានតៗគ្នាថា សកម្មជនគំាទ្របក្សកាន់អំណាចលោក ផែ សុវណ្ណារិទ្ធិ បានទម្លាយកម្រងសន្ទាឆ្លើយឆ្លង (chat) ធី សុវណ្ណថា ទៅកាន់លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាក្នុងបំណង “ស៊ីពែ” គេ។

ធី សុវណ្ណថា ដែលធ្លាប់រិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ ក្រោយមកបានងាកទៅគំាទ្របក្សកាន់អំណាចវិញ។ កញ្ញា ធី សុវណ្ណថា ធ្លាប់ធ្វើបាតុកម្មទាមទារឲ្យលោក កឹម សុខា ចុះចេញពីដំណែងអនុប្រធានទី១នៃរដ្ឋសភា និងករណីមួយទៀតប្តឹងលោក កឹម សុខា ថាបានបរិហារិហាកេរ្តិ៍ ពាក់ព័ន្ធនឹងសំណុំរឿងដែលគេចោទថា លោក មានសេ្នហាលួចលាក់ជាមួយ ខុម ចាន់តារាទី ហៅស្រីមុំផងដែរ។

តាមសារឆ្លើយឆ្លងគ្នារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេបញ្ចេញថ្មីៗនេះ គឺនាងតែងតែរាយការណ៍រាល់សកម្មភាពនានាប្រឆាំងនឹងលោក កឹម សុខា ទៅកាន់កូនប្រុសលោក ហ៊ុន សែន។

សារមានខ្លឹមសារថា៖ «បងនិត រសៀលម៉ោង៣ ក្រុមខ្ញុំដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆំាងអំពើពុករលួយទាក់ទងនឹងករណីលោក កឹម សុខា ទិញផ្ទះនិងដីឲ្យប្រពន្ធចុង ស្អែកនេះក្រុមខ្ញុំទៅស្វាគមន៍លោក កឹម សុខា នៅពោធិ៍សាត់ទៀតហើយ! បងស្រីមុំសារភាពហើយ បានរង្វាន់អីឲ្យខ្ញុំ! បងនិត ថ្ងៃអង្គារម៉ោងពីររសៀល ខ្ញុំហែរក្បួនពី UNទៅបក្សសង្គ្រោះជាតិ ចេញពីសង្គ្រោះជាតិទៅផ្ទះ កឹម សុខា និងសុំកម្លាំងយុវជនបង៥០នាក់ជិះម៉ូតូហែក្បួន។ លោក ម៉ានិត ថា បងអត់ឲ្យពួកគាត់ចូលរួមទេ មិនចង់ឲ្យបែកការទេ កម្លាំងបងរក្សាទុកទាក់តែពេលចំាបាច់បានប្រើគាត់»។

លើសពីនេះទៀត លោក ហ៊ុន ម៉ានិត បានសន្យាជាមួយ ធី សុវណ្ណថា នឹងប៉ាវបាយហាងនៅភ្នំពេញ ពេលធ្វើការងារបានជោគជ័យ។

ក្នុងសារនោះ ធី សុវណ្ណថា ក៏បានទាមទាររង្វាន់លើកទឹកចិត្តពី លោក ហ៊ុន ម៉ានិត បន្ទាប់ពីនាងធ្វើកិច្ចការនេះ។បើតាមសារដែលសន្ទនាតាំងអំឡុងខែកុម្ភៈដល់ខែវិច្ឆិកានេះ ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត ក៏បាននិយាយពីឈ្មោះស្រីមុំ ដែលទៅពឹងសមាគមអាហុកផងដែរ៖ «ខ្ញុំគិតថា ស្រីមុំទៅអាដហុក គឺបញ្ជា កឹម សុខា ជាអ្នកឲ្យទៅ ដើម្បីចេញមុខបដិសេធ ហើយខ្ញុំគិតថាស្រីមុំអាចគ្រោះថ្នាក់ ពូអាចសង្កេតមើលតាមដានបានទេ ខ្ញុំគិតថាគំនិត កឹម សុខា ចង់ឲ្យម្នាក់ហ្នឹង(ស្រីមុំ)បដិសេធ ហើយចង់ទម្លាក់កំហុសលើខាងរដ្ឋាភិបាលវិញ»។

រីឯលោក ហ៊ុន ម៉ានិត បានឆ្លើយដូចនេះថា៖ «បាទ! អត់អីទេ ឲ្យគេជួយមើល ប៉ុន្តែបើវាយតម្លៃទៅអត់ជាបញ្ហាអីដែរទេ»។

លោក ហ៊ុន ម៉ានិត បានឆ្លើយតបទៅ ធី សុវណ្ណថា រឿងរៀបបាតុកម្មប្រឆំាងលោក កឹម សុខា ទៀតថា៖ «ត្រឹមត្រូវរៀបចំបានល្អ ម្តងហ្នឹងដាក់មេក្រូប្រដោយ [បណ្តោយ]ទៅ ឆាឆៅ សុំទាល់តែបានចម្លើយមើស មែន ឬក៏មិនមែន»។

ទោះជាបែបនេះក្តី VOD មិនអាចសុំការបំភ្លឺបន្ថែមពី ធី សុវណ្ណថា លោក ហ៊ុន ម៉ានិត និងលោក ផែ សុវណ្ណារិទ្ធិបាននៅឡើយទេ ជុំវិញព័ត៌មាននៅលើបណ្តាញសង្គមនោះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនដឹងរឿងកូនប្រុសលោក ហ៊ុន សែន ជជែកគ្នាតាមហ្វេសប៊ុកជាមួយ ធី សុវណ្ណថា នោះទេ។ ប៉ុន្តែលោកថា ករណីលោក អ៊ូ វីរៈ ដែលធ្លាប់ចោទថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយក្រុមយុវជនដឹកនាំបាតុកម្មប្រឆំាងលោក កឹម សុខា រឿងអាស្រូវផ្លូវភេទនោះ លោកថាជារឿងលាបពណ៌ខុសពីការពិត។

លោកថា៖ «អ៊ូ វីរៈនិយាយលាបពណ៌ឲ្យគណបក្សប្រជាជន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន ព្រោះអញ្ចឹងបានយើងប្តឹងឲ្យតុលាការស្រាវជ្រាវរកយុត្តិធម៌ ឥឡូវ អ៊ូ វីរៈ និយាយអញ្ចឹង ប៉ុន្តែខាងភាគីគណបក្សប្រជាជនយល់ថា អ៊ូ វីរៈ និយាយមូលបង្កាច់ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ឲ្យតុលាការគេដោះស្រាយទៅ តុលាការគេរកឃើញម៉េច យើងគោរពឆន្ទានុសិទ្ធិ របស់តុលាការ»។

គួរបញ្ជាក់ថា កាលពីចុងខែមេសា លោក អ៊ូ វីរៈ បានលើកឡើងថារឿងរ៉ាវស្នេហាបុគ្គលឯកជនរបស់លោក កឹម សុខា និងស្រីមុំ ជាយុទ្ធសាស្រ្តរបស់គណប្រជាជនកម្ពុជា។ លោក សុខ ឥសាន ចាត់ទុកថាជា ចេតនាបំផ្លើស ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ និងជាការបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងលោក អ៊ូ វីរៈ ទៅតុលាការឲ្យចោទប្រកាន់និងផ្តន្ទាទោសទៅតាមច្បាប់និងទាមទារឲ្យលោក អ៊ូ វីរៈ ផ្តល់សំណង៤០០លានរៀលស្មើប្រមាណ១០ម៉ឺនដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ