លោក សម រង្ស៊ី ការពារជំហរគាំទ្រលោក ហ៊ុន សែន ដែលចង់ប្តូរខ្នាតផែនទី

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានការពារជំហររបស់លោកក្នុងការគាំទ្រឲ្យរដ្ឋាភិបាលប្តូរខ្នាតផែនទីប្រទេសកម្ពុជា ដែលមានចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដោយថាការប្តូរនោះ ធ្វើឲ្យមានតម្លាភាពនៃការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាម។

មាត្រា២នៃរដ្ឋធម្មនុញ្ញចែងថា៖ «បូរណភាពទឹកដីរបស់ព្រះរាជជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត១លើ១០០ពាន់ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៥៣ ហើយ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣ ដល់១៩៩៦»។

ប៉ុន្តែកាលពីចុងសប្តាហ៍មុន មេដឹកនាំកម្ពុជាលោក ហ៊ុន សែន និងមេដឹកនាំវៀតណាមអះអាងថា ពួកគេមានគម្រោងស្នើទៅប្រទេសបារាំង ឲ្យជួយធ្វើជាអាជ្ញាកណ្តាល គូរចម្លងផែនទីពីខ្នាត Bonne ១លើ១០០ពាន់ ទៅជាខ្នាត UTM ១លើ៥០ពាន់វិញដោយថា ដើម្បីឈានទៅបោះបង្គោលព្រំដែនបញ្ចប់ នៅតំបន់មួយចំនួន ដែលភាគីទាំងពីរកំពុងខ្វែងគំនិតគ្នានៅឡើយ។

ករណីនេះប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលធ្លាប់ចុះដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង ដោយថាបានបោះរំលោភបំពានបូរណភាពទឹកដីកម្ពុជានោះ បានបង្ហាញជំហរគាំទ្រឲ្យប្តូរខ្នាតផែនទីតាមការចង់បានរបស់លោក ហ៊ុន សែន និងវៀតណាម។

លោក សម រង្ស៊ី បានបង្ហាញសារលើបណ្តាញសង្គមនាថ្ងៃទី២៨ ខែវិច្ឆិកានេះ ដោយបញ្ជាក់ថា៖ «ផែនទី ១/៥០.០០០ លម្អិតជាង២ដង ហើយក៏ច្បាស់ជាង២ដង ប្រៀបធៀបទៅនឹងផែនទី១/១០០.០០០ ដោយគ្មានប្រែប្រួលអ្វីដែលជាលក្ខណៈមូលដ្ឋានឡើយ។ ពីប្រព័ន្ធបច្ចេកទេស Bonne គេឈប់ប្រើប្រាស់ហើយ សព្វថ្ងៃគេប្រើប្រព័ន្ធបច្ចេកទេស UTM»។

បើតាមលោក សម រង្ស៊ី «ការបំលែងមកប្រព័ន្ធ UTM នេះ នឹងនាំមកនូវការងាយស្រួល ក្នុងការប្រៀបធៀបជាមួយនឹងផែនទី ដែលបានយកមកប្រើប្រាស់មកដល់សព្វថ្ងៃ ដើម្បីឲ្យឃើញថាផែនទីណាខុស ផែនទីណាត្រូវ»។

ទោះជាយ៉ាងណាសារ លោក សម រង្ស៊ី នៅពេលនេះមិនបាននិយាយដល់ការចូលរួមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ដូចដែលគណបក្សកាន់អំណាចចង់បាននោះទេ។

ប៉ុន្តែការបង្ហាញជំហររបស់លោក សម រង្ស៊ី នេះត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ជាចូលរួមធ្វើឲ្យកម្ពុជាបាត់បង់ភស្តុតាងផ្លូវច្បាប់ក្នុងការសើរើបញ្ហាព្រំដែនឡើងវិញ។

ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា បើលោក សម រង្ស៊ី បង្ហាញជំហរបែបនេះតាំងពីដើមមក សកម្មជនបក្សប្រឆាំងមួយចំនួន រួមទាំងតំណាងរាស្ត្រ លោក ហុង សុខ ហួរ និងលោក អ៊ុំ សំអាន ដែលសកម្មការពារបូរណភាពទឹកដីនោះ មិនត្រូវជាប់ពន្ធនាគាររហូតសព្វថ្ងៃនេះទេ។ ព្រះអង្គថា ការប្តូរជំហរបែបនេះ អាចនឹងជំរុញឲ្យបក្សប្រឆាំងមួយនេះបរាជ័យ នៅថ្ងៃបោះឆ្នោតខាងមុខ។

ព្រះអង្គថា៖ «លោក សម រង្ស៊ី គាត់ជាអ្នកនយោបាយ ដែលធ្វើឲ្យខ្មែរស្ទើរពេញមួយនគរ គោរពជឿជាក់ទៅហើយ ក៏ប៉ុន្តែយើងអង្កេតមើលឃើញ លោក សម រង្ស៊ី ខ្លួនគាត់នោះ ជាបុគ្គលម្នាក់ មានសំដី ឬភាសាហ្នឹងរឹងមាំល្អណាស់ ក៏ប៉ុន្តែជំហររបស់គាត់តែងតែផ្លាស់ប្តូររហូត។ ហើយបើអ្នកនយោបាយរឹងតែសម្តី ហើយជំហរផ្លាស់ប្តូរយ៉ាងដូច្នេះ ឈ្មោះថាអ្នកដែលទទួលបានជ័យជម្នះនៅក្នុងដៃហើយ បែជាវិចខ្ចប់ជ័យជម្នះដែលខ្លួនមានហ្នឹង យកទៅឲ្យបុគ្គលដែលបរាជ័យ។ អញ្ចឹង អាត្មាគិតថា បើគាត់ធ្វើដូច្នេះ ជាការកម្ទេចជ័យជម្នះរបស់ខ្លួន វិចជ័យជម្នះនោះឲ្យទៅអ្នកដែលបរាជ័យទៀត»។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដាក់ឈ្មោះថា រាជ្យបុត្រសូរ្យកាយ្យ បានបង្ហោះវីដេអូឃ្លីបថា បើកែខ្នាតផែនទីខុសពីមាត្រា២នៃរដ្ឋធម្មនុញ្ញ ជាការចាញ់ប្រៀបវៀតណាម ដូចអ្នកនយោបាយខ្មែរពីអតីតកាល ធ្វើឲ្យរបូតទឹកដីកម្ពុជាក្រោមទៅវៀតណាមអញ្ចឹងដែរ។

បុរសរូបនោះបន្ត៖ «បើសិនជាយើងផ្លាស់ប្តូរផែនទីនោះពីខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់វិញ វាស្មើនឹងយើងបិទផ្លូវតវ៉ាខ្លួនឯង ដូចជាដែនកោះ ដែនដីដែលធ្លាប់រំលោភបំពានយកទៅនោះ គឺយើងមិនអាចមានសិទ្ធិទៅតវ៉ាយកមកវិញបានទេ ព្រោះផែនទីខ្នាត១លើ៥០ពាន់ ជាផែនទីដែលយួនគូសឲ្យយើង។ រឿងនេះជារឿងសំខាន់មួយរបស់ប្រទេសជាតិ។ ខ្ញុំស្នើឲ្យបក្សប្រឆាំងលើកយករឿងនេះទៅជជែកវែកញែកនៅក្នុងសភា ដើម្បីឲ្យគាត់ដោះស្រាយ។ បើធ្វើបែបនេះ តើយើងចំណេញអីដល់ប្រទេសជាតិយើង? វាអត់ចំណេញអីសោះ។ ហើយខ្ញុំសុំនិយាយថា អ្នកនយោបាយណាដែលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២អត់ខុសពីពីក្បត់ជាតិនោះទេ។ព្រោះយើងកំពុងតែហុចប្រទេសយើងឲ្យទៅប្រទេសគេ ដោយបិទផ្លូវតវ៉ាខ្លួនឯងមិនអាចប្តឹងបានទៅទៀត។ យើងធ្លាប់បាត់បង់កម្ពុជាក្រោយមួយរួចទៅហើយ ដែលយើងទុកជាមេរៀនមួយដ៏សំខាន់ ដែលយើងទុកស្រាវជ្រាវវា ហើយយើងមិនត្រូវដើរជាន់លើគន្លងនយោបាយចាស់នេះទេ»។

មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ លើកឡើងក្នុងបណ្តាញសង្គមរបស់ព្រះអង្គថា៖ «ការប្រើប្រាស់ផែនទីថ្មីខ្នាត ១/៥០.០០០ ជាការផ្ទុយមាត្រា២ នៃរដ្ឋធម្មនុញ្ញយើង ដែលចែងអោយយើងប្រើផែនទីខ្នាត១/១០០.០០០។ បើយើងធ្វើវិសោធនកម្ម មាត្រា២នៃច្បាប់រដ្ឋធម្មនុញ្ញ យើងទទួលស្គាល់ថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ស្របច្បាប់ហើយ ស្មើនឹងកាត់កោះត្រល់អោយទៅយួនជាស្ថាពរ»។

សម្រាប់អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ចលោកបណ្ឌិត ចាន់ វិបុល វិញលើកឡើងថា គេមិនត្រូវគិតថា ទាល់តែបក្សប្រឆាំងវាយប្រហាបក្សកាន់អំណាចរហូត ទើបល្អនោះទេ។ លោកវិភាគថា ការយល់ឃើញដូចគ្នាលើបញ្ហាអ្វីមួយរវាងមេដឹកនាំបក្សប្រឆាំងនិងមេដឹកនាំបក្សកាន់អំណាច លោកថាជាសញ្ញាណដ៏ល្អមួយសម្រាប់ពង្រឹងសាមគ្គីផ្ទៃក្នុង បើទោះជាឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក៏ដោយ ឲ្យតែគំនិតរួមគ្នារបស់អ្នកនយោបាយនោះបានតម្កល់ប្រយោជន៍ជាតិជាធំ។

ទោះជាយ៉ាងណាលោក សម រង្ស៊ី បញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ជំនួយបច្ចេកទេសពីប្រទេសបារាំង មិនអាចធ្វើឲ្យប្រទេសកម្ពុជាបង់ខាតអ្វីទេ។ លោកថាតែ ផ្ទុយទៅវិញ អន្តរាគមន៍ពីប្រទេសបារាំង នឹងធ្វើឲ្យសហគមន៍អន្តរជាតិ ចាប់អារម្មណ៍បញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ហើយនឹងជួយផ្តល់យុត្តិធម៌ ឲ្យប្រទេសកម្ពុជា។

លោក សម រង្ស៊ី បញ្ជាក់ដែរថាករណីនេះ ត្រូវផ្តល់យុត្តិធម៌ឲ្យអ្នកស្នេហាជាតិ ដូចជាសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងតំណាងរាស្ត្រ លោក អ៊ុំ សំអាន ដែលលោកថា ពួកគាត់បានលើកពីបញ្ហាផែនទីនេះ ដើម្បីជួយការពារបូរណភាពទឹកដីកម្ពុជា មិនគួរចាប់ពួកគាត់ដាក់គុកទេ គួរតែយកពួកគាត់មកជួយធ្វើការ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិរបស់យើងទាំងអស់គ្នា។

គួរំឭកថាលោក សម រង្ស៊ី ធ្លាប់បាននិទេសម្តងហើយ ប៉ុន្តែរូបលោកត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកផ្លូវឲ្យចូលស្រុកប្រលូកក្នុងឆាកនយោបាយឡើងវិញ ដោយលោក ហ៊ុន សែន អះអាងថា ការបើកផ្លូវពេលនោះ ដោយសារតែលោក សម រង្ស៊ី ជួយកែរដ្ឋធម្មនុញ្ញពី២ភាគ៣ទៅ៥០បូក១វិញ។

មកដល់ពេលនេះរាល់ការអនុម័តច្បាប់ណាមួយ គឺគណបក្សប្រជាជនកម្ពុជាធ្វើតែឯង ដោយមិនចាំបាច់សំឡេងគាំទ្រពីគណបក្សប្រឆាំងឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ