ក្រុម​សិទ្ធិ​មនុស្សអន្តរជាតិ​មួយ​ទៀតទាម​ទារ​ឲ្យ​បញ្ឈប់​ការ​គំរាម​កំហែង​លើ​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ទៀត បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​គំរាម​កំហែង​ទៅ​លើ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក បន្ទាប់​ពី​មេដឹកនាំ​កម្ពុជា បាន​បញ្ជា​ឲ្យ​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ត្រួត​ពិនិត្យ​ផ្លូវ​ច្បាប់ ដើម្បី​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​ចោទ​ថា មជ្ឈ​មណ្ឌល​មួយ​នេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​ជន​បរទេស និង​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ ហៅ​កាត់​ថា វេទិកា​អាស៊ី បាន​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

អង្គការ​វេទិកា​អាស៊ី ដែល​ជា​បណ្ដុំ​នៃ​អង្គការ​ចំនួន ៥៨​នៅ​តាម​បណ្ដា​ប្រទេស ១៩ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ស៊ើប​អង្កេត​ណា​មួយ​ទៅ​លើ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អនុញ្ញាត​ឲ្យ​មជ្ឈ​មណ្ឌល​​មួយ​នេះ ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​គ្មាន​ការ​រារាំង។

បន្ទាប់​ពី​មេដឹកនាំ​កម្ពុជា​ចេញ​បញ្ជា​បែប​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ក៏​បាន​លើក​ឡើង​ផង​ដែរថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ដើរ​ជិត​ដល់​ចំណុច​មួយ​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ​ដោយ​លោក កឹម សុខា ដែល​ក្រោយ​មកបាន​​លា​ឈប់ និង​ទៅ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០០៧។ អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក អ៊ូ វីរៈ រហូត​ឆ្នាំ​២០១៤ មុន​នឹង​ផ្ទេរ​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកស្រី ចក់ សុភាព រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

មជ្ឈម​ណ្ឌល​មួយ​នេះ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ពី​លោក ហ៊ុន សែន ដោយ​អះ​អាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ឯករាជ្យ​ភាព​ពី​បក្ស​នយោបាយ​ទាំង​អស់ ហើយ​ប្ដេជ្ញា​លើក​កម្ពស់​​​សិទ្ធិ​មនុស្ស ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់​លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ