សម្តេចក្រុមព្រះប្ដេជ្ញា​មិនលើក​បញ្ហាអវិជ្ជមានរបស់រដ្ឋាភិបាលក្នុងសភា

សម្តេចក្រុមព្រះ ក្រោយបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំរដ្ឋសភាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧

មេដឹកនាំ​បក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​ប្ដេជ្ញា​ថា ព្រះ​អង្គ​នឹង​មិន​រិះ​គន់​ចំណុច​ខ្វះ​ខាត​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សភា​នោះ​ទេ បន្ទាប់​ពី​បក្ស​របស់​ទ្រង់​ទទួល​បាន​អាសនៈ​សភា ដែល​ត្រូវ​បាន​បែង​ចែក​ពី​អតីត​បក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​អាសនៈ​សភា​ចំនួន ៥៥​របស់​បក្ស​នេះ ត្រូវ​បាន​ គ.ជ.ប. សម្រេច​បែង​ចែក​ទៅ​គណបក្ស​ផ្សេង​ទៀត ក្នុង​នោះ​មាន​ទាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ទទួលបាន ៤១​អាសនៈ។

ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន​នៅមន្ទីររដ្ឋសភា កាលពីម្សិលមិញ ក្រោ​​​​យ​​សភាប្រកាសសុពលភាព​នោះ ស​​ម្តេ​​ចក្រុមព្រះ នរោតម្ត រណឫទ្ធិ មាន​បន្ទូល​ថា ព្រះអង្គនឹងមិនលើកយកបញ្ហាអវិជ្ជមាននានា ដែលកើត​ឡើងក្នុង​ស​ង្គម​ រួ​ម​ទាំងការរិះគន់រឿងរឹបអូសយកអាសនៈរបស់បក្សប្រឆាំងនេះ ទៅសួរដេញដោលក្នុងសភានោះ​ទេ។

ព្រះ​​អ​​ង្គ​​មានបន្ទូលទៀតថា គណបក្ស​រាជា​និយម​របស់​ទ្រង់ នឹងរំឭកទៅតំណាងរាស្ត្រនៅតាមមណ្ឌល​នីមួយៗ ដែលទទួ​លបា​​​​​ន​​អា​​​​​​​​សនៈពីការរំលាយគណបក្សប្រឆាំងនេះ ឲ្យពង្រឹងសមត្ថភាព ​ទាក់ទាញ​ប្រ​ជាប្រិ​​យភាព ដើម្បី​ឈ្នះ​​​​​​​​​ការបោះឆ្នោតនា​ពេល​ខាង​មុខ​តែប៉ុណ្ណោះ។

ព្រះអង្គថ្លែងថា៖ «ខ្ញុំសូមជម្រាបហើយជម្រាបទៀតៗ អ្នកដែលត្រូវលើកបញ្ហា បើសិនជាមានបញ្ហា លើតុលា​ការកំ​ពូលនៃប្រទេសយើង។ បើតុលាការកំពូ​លលោក​មិនលើ​កហើ​យ…។ អម្បាញ់ម៉ិញ យើង​ខ្ញុំទាំងអស់​គ្នាងើ​ប។ ដល់តែងើបទាំ​ង​អស់​គ្នា​ជា​តំណា​ងរាស្ត្រពេញសិទ្ធិ ខ្ញុំក៏សប្បាយដែរ។ ក៏ប៉ុន្តែ ក្នុ​ងនាមខ្ញុំជាប្រធាននៃគ​ណបក្ស​រាជា​និ​យមហ្វ៊ុ​នស៊ិ​ន​ប៉ិ​ច ខ្ញុំ​ក៏សុំ​​​​​ឲ្យអ្នកទាំងអស់គ្នាខំប្រឹងប្រែងទៀត ណាលោកណា ក្នុងមណ្ឌលរបស់​ខ្លួ​នដើម្បី​បា​ន​ជាប់ឆ្នោត»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ក្នុង​ប្រ​ទេ​ស​​ប្រជាធិបតេយ្យ គេត្រូវការ​គណបក្សនៅក្រៅរដ្ឋាភិបាល ឬហៅថាបក្សប្រឆាំង មានតុល្យា​ភាព​អំណា​ច ឬមានអ្នកគាំទ្រប្រហាក់ប្រហែលបក្សកាន់អំណាចដែរ ទើបអាចជំរុញប្រសិទ្ធភាពនៃការអភិវឌ្ឍ និង​អភិបា​ល​​កិ​​ច្ចតាមបែបយន្តការប្រជាធិបតេយ្យបាន។

លោ​ក យង់ គិមអេង ថា គណបក្ស ៣ ដែលត្រូវបែងចែកអាសនៈឲ្យនេះ គ្មានសំឡេង​គាំ​ទ្រសូ​ម្បីតែ ១​អា​ស​នៈ​​នៅឃុំសង្កាត់ លោកថា ដូចនេះ ពួកគេនឹងមិនអាច​ជំ​រុញយន្ត​កា​រ​ប្រ​​ជាធិបតេយ្យបានទេ។

លោកថា៖ «យើងយល់ថា ពួកគាត់ហ្នឹង អត់ហ៊ានធ្វើអីដើម្បីរកតម្លាភាពទេ គឺថាធ្វើយ៉ាងម៉េចសម្រប​សម្រួ​ល​ឲ្យខ្លួនមានតួនាទី មានបុណ្យសក្តិប៉ុណ្ណឹងទេបាទ។ អញ្ចឹងទេកន្លងនេះហើយ ដែលអាចធ្វើឲ្យបាត់បង់​ផល​ប្រយោជ​ន៍ដល់ប្រជាពលរដ្ឋ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បាន​លើក​ឡើង​ថា គណបក្ស​ទាំង​នេះ​សុទ្ធ​តែ​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ ដោយ​លោក​ថា អាច​មក​ពី​ពួកគេ​អសមត្ថភាព ឬ​កម្មវិធី​នយោបាយ​មិន​ទាក់​ទាញ​ម្ចាស់​ឆ្នោត។

លោក សូ ចន្ថា វិភាគថា ចំណុចសូន្យ​ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​របស់គណបក្ស ដែលបា​នកៅ​អី​​នៅ​​រដ្ឋសភា​តាមរយៈច្បាប់បែងចែកនេះ លោកវិភាគថា ទំនងធ្វើតាមសេណា​រីយូរៀបចំរបស់​ក្រុមណា​មួ​យ​ ​មិនមែនធ្វើឡើងដើម្បីជំរុញប្រជាធិបតេយ្យពិត​ប្រាកដ។

លោកថា៖ «មិនបានចូលរួមជំរុញលទ្ធិប្រជាធិបតេយ្យទេ ក៏ប៉ុន្តែវាហាក់បានចូលរួមធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជានេះ មានលក្ខណៈដើរថយក្រោយទៅវិញ ដើរថយក្រោយ ដោយថា នៅក្នុ​ងសង្គមប្រជា​ធិប​តេ​យ្យដូចជាមិនដែលឃើញមានទេ»។

រដ្ឋាភិបាល​កម្ពុជា​អះ​អាង​ថា បើទោះបីជាគណបក្សសង្គ្រោះជាតិ ត្រូវបានតុលា​កា​​​រ​​​​​កំ​​​ពូ​លប្រកាសឲ្យរំលាយក៏ដោយ ប៉ុន្តែ លោកថា រដ្ឋាភិបាលនៅតែ​ប្តេជ្ញាចិត្ត​ដើរលើគន្ល​ងប្រជា​ធិបតេ​យ្យ​​​សេ​​​រី​ព​ហុ​​បក្សដដែល។

ទោះជាយ៉ាងណា សហគមន៍​អន្តរជាតិ​យល់​ថា កម្ពុជា​បាន​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ទៅ​ហើយ បន្ទាប់​ពី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ