ជប៉ុន​ចាប់​បាន​សញ្ញា​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​អាច​ត្រៀម​​បាញ់​មីស៊ីល​ជា​ថ្មី

រដ្ឋាភិបាល​ជប៉ុន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​នេះ​ចាប់​បាន​រលក​សញ្ញា ដែល​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​អាច​កំពុង​រៀបចំ​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត ប៉ុន្តែ រលក​សញ្ញា​នោះ​មាន​លក្ខណៈ​ខុស​ប្រក្រតី ហើយ​រូបភាព​ពី​ផ្កាយ​រណប មិន​បាន​បង្ហាញ​សកម្មភាព​ថ្មី​នោះ​ឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់​សម្ដី​ប្រភព​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​និយាយ​ថា រលក​សញ្ញា​នេះ មាន​លក្ខណៈ​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​សន្និដ្ឋាន​បែប​នោះ​ទេ។

ក្រោយ​ពី​បាញ់​គ្រាប់​មីស៊ីល​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែ​មេសា​មក កូរ៉េ​ខាង​ជើង​បាន​ផ្អាក​បាញ់​គ្រាប់​មីស៊ីល​របស់​ខ្លួន​ចាប់​តាំង​ពី​ខែ​កញ្ញា​មក ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​គ្រាប់​រ៉ុកកែត​រំលង​លើ​កោះ​ហុកកៃដូ​នៅ​ភាគ​ខាង​ជើង​ជប៉ុន។

ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ឃ្យូដូ បាន​រាយការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ប្រុង​ប្រៀប​ខ្លួន បន្ទាប់​ពី​ចាប់​បាន​រលក​សញ្ញា​​វិទ្យុ​បែប​នោះ ដែល​បញ្ជាក់​ថា ការ​បាញ់​គ្រាប់​មីស៊ីល​អាច​កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ។

ចំណែក​ឯ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់ ដែល​បាន​ដក​ស្រង់​សម្ដី​ប្រភព​រដ្ឋាភិបាល​នោះ ក៏​បាន​រាយការណ៍​ផង​ដែរ​ថា ក្រុម​មន្ត្រី​ចារកម្ម​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន សុទ្ធ​តែ​ចាប់​បាន​សញ្ញា​បែប​នេះ ដែល​បញ្ជាក់​ថា អាច​នឹង​មាន​ការ​បាញ់​គ្រាប់​មីស៊ីល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ