អាជ្ញាធរខណ្ឌចំការមនឱ្យពលរដ្ឋបញ្ឈប់ការលក់ដូរតាមដងផ្លូវ

មន្ត្រីសាលាខណ្ឌចំការមននិងអាជីវកលក់ដូរតាមដងផ្លូវបានជជែកគ្នាតឹងសសៃក​ ខណៈអាជ្ញាធរបានបញ្ជាឲ្យរើអីវ៉ាន់ចេញពីទីតាំងលក់ នៅជុំវិញ​ផ្លូវ៣៩២ ក្នុងសង្កាត់បឹងកេងកង១។

លោក ​កែវ សំ​ណាង ​នាយក​រដ្ឋបាល​សាលា​ខណ្ឌចំការមនបានប្រាប់វីអូឌីឱ្យដឹងថា សាលាខណ្ឌចំការមនបានចុះប្រតិបត្តិការបញ្ឈប់ការលក់ដូរនៅតាមបណ្តោយផ្លូវមួយចំនួនក្នុងខណ្ឌនេះ ដើម្បីសម្រួលដល់ចរាចរណ៍ក្នុងរាជធានី។

លោកបញ្ជាក់ថា ក្រុមមន្ត្រីសាលាខណ្ឌចំការមនបានចុះប្រតិបត្តិការបញ្ឈប់ការលក់ដូរនៅតាមដងផ្លូវនេះ​ជាច្រើនដងមកហើយ ប៉ុន្តែពលរដ្ឋមួយចំនួននៅតែបន្តការលក់ដូរដដែល។

លោកថា៖ “រើផ្សារមួយហើយ នៅតែកើតមានផ្សារមួយទៀត មូលហេតុមកពីអី មកពីប្រជាពលរដ្ឋមិនគោរពច្បាប់ កម្លាំងខ្ញុំមានកំណត់ ខ្ញុំធ្វើរាល់ថ្ងៃអារៀបចំសណ្តាប់ហ្នឹង ធ្វើយូរហើយតែធ្វើមិនឈ្នះ ឧបមារថាពេលខ្ញុំធ្វើទៅវាស្អាតដល់ពេលខ្ញុំដកកម្លាំងមកវិញវាដដែល មួយថ្ងៃធ្វើនៅនេះមួយថ្ងៃធ្វើនៅនោះ ប៉ុន្តែវាមិនចប់ចឹងទាល់តែពលរដ្ឋចូលរួមទាំងអស់គ្នា។ អានៅម្តុំផ្សារបឹងកេងកងហ្នឹង មិនមែនអាជ្ញាធរអ្នកឱ្យលក់ទេ ​មិនដែលយកលុយបានមួយរៀលទេ ​គឺ បើសាលាបឹងកេងកងអ្នកយកលុយ សាលាអ្នកជួលឱ្យនៅតាមល្បងហ្នឹង ។ ចឹងបានន័យថា សាលាជាអ្នកជួលឲ្យអ្នកលក់ ?  បើសាលាមិនជួល គ្មានអ្នកណាទៅលក់រួចទេ ! មុខផ្ទះយើង  យើងមិនចេះស្អាត”។

លោកថា លោកចុះរៀបចំសណ្តាប់ធ្នាប់ មិនមែនមានន័យថាបណ្តេញអាជីវករលក់ដូរភ្លាមៗនោះទេ ប៉ុន្តែសាលាខណ្ឌមានចំណាត់ការត្រឹមត្រូវ។ លោកថាកន្លែងដែលមានការស្មុគស្មាញ លោកទុកឱកាសឱ្យអាជីវកររើរុះ និងរកកន្លែងថ្មីសំរាប់លក់បន្តសិន។

ទោះយ៉ាងណា នាយកសាលាជាស៊ីម បឹងកេងកង បានមកបកស្រាយដល់ការិយាល័យរបស់វីអូឌីថា លោក មិនបានទទួលលុយ ពីអាជីវករលក់ដូរនៅជុំវិញសាលា ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ។​

អ្នកស្រី ជី ធឿន អាជីវករលក់ខោអាវជជុះក្រោមឆ័ត្រនៅតាមដងផ្លូវ៣៩២បាននិយាយថា គាត់ប្រកបរបរលក់ខោអាវជជុះនៅតំបន់នេះជាង៧ឆ្នាំមកហើយ ហើយរបរនេះបានជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។

អ្នកស្រីបញ្ជាក់ថា មន្ត្រីខណ្ឌបានទុកឱកាសឱ្យអ្នកស្រី​និងក្រុមអាជីវករដែលលក់ដូរនៅទីនោះចំនួន៣ថ្ងៃសំរាប់ការរើរុះអីវ៉ាន់។ ស្ត្រីដដែលនេះបានលើកឡើងថា ការបណ្តេញពួកគាត់មិនឲ្យលក់ដូរនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រីជាពិសេសការសិក្សារបស់កូនៗ៖ “ទុកពេលឱ្យ៣ថ្ងៃតទៅមុខទៀតពួកខ្ញុំអត់រើទៅណាទេកាលណាគ្រាន់តែគាត់មកធ្វើអីញ្ចឹងប៉ុន្មានថ្ងៃហ្នឹងជីវភាពខ្ញុំជីវភាពក្រុមគ្រួសារខ្ញុំក៏ពិបាកដែរសំខាន់ក្រពះខ្ញុំនឹងក្រុមគ្រួសារខ្ញុំកូនខ្ញុំ ខ្ញុំមានមុខរបរតែប៉ុណ្ណឹងទេដើម្បីចិញ្ចឹមកូនខ្ញុំឱ្យវារៀនសូត្របើរដ្ឋដេញកន្លែងហ្នឹងទៅខ្ញុំអត់មានលទ្ធភាពជួលកន្លែងណាទៀតទេ។ ចង់ឱ្យខ្ញុំរើចេញទាល់តែមានសំណងឱ្យខ្ញុំលក់កន្លែងណាមួយដែលសមរម្យ”។

ទោះបីជាយ៉ាងណាក៏ដោយស្ត្រីដដែលនេះបានថ្លែងថា អ្នកស្រីនិងក្រុមអាជីវករដែលលក់នៅតំបន់នោះបានប្រជុំសម្រេចថា នឹងមិនព្រមរើចេញនោះ បើគ្មានទីតាំងថ្មីសមរម្យ។

អ្នកស្រី ជី ធឿន តំណាងអាជីវករលក់ដូរខោអាវជជុះនៅមុខសាលាបឹងកេងកងស្នើឱ្យអាជ្ញាធរផ្តល់ទីកន្លែងថ្មីដែលពួកគាត់អាចប្រកបរបរលក់ដូរខោអាវជជុះនេះបាន។

នាយករដ្ឋបាលសាលាខណ្ឌចំការមនបានបញ្ជាក់ថា សាលាខណ្ឌគ្រោងចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវនៅដើមឆ្នាំ ២០១៧នេះនៅតាមបណ្តោយផ្លូវ២៧១ចាប់ពីស្ពានអាកាសក្បាលថ្នល់រហូតដល់ព្រំប្រទល់ខណ្ឌមានជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ