តុលាការបិទបញ្ចប់ការស៊ើបសួរករណីបាញ់សម្លាប់លោក កែម ឡី

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការស៊ើបសួរករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប៉ុន្តែមិនបានបង្ហាញលំអិតពីលទ្ធផលស៊ើបអង្កេតនោះទេ។

យោងតាមលិខិតកាលពីថ្ងៃទី២៣ខែធ្នូ ប្រាប់ទៅអ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី សាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីបានស៊ើបសួរ ប្រមូលភស្តុតាងទាក់ទិននឹងសំណុំរឿងនេះ សាលាដំបូងបានសម្រេចបិទបញ្ចប់ការស៊ើបសួរ។

នៅពេលសួថា តើក្នុងការស៊ើបសួរកន្លងមក ចៅក្រមស៊ើបសួរ បានរកឃើញអីខ្លះ? តើរកឃើញថា មានអ្នកណាពាក់ព័ន្ធផ្សេងទៀតទេ ក្រៅពី ជួប សម្លាប់? អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ  លោក លី សុផាណា សុំមិនអត្ថាធិប្បាយបន្ថែម ដោយថា​ នេះជាការ​កិច្ចការសម្ងាត់របស់តុលាការ។

ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធសិទ្ធិ បានប្រាប់វីអូឌីថា លោកមិនទាន់បានឃើញលិខិតជូនព័ត៌មានពីបិទបញ្ចប់ការស៊ើបសួរករណីបងប្រុសរបស់លោកនៅឡើយទេ។

លោកបញ្ជាក់ថា លោកមិនអាចទទួលយកការបិទបញ្ចប់ការស៊ើបសួររបស់តុលាការបាននោះទេ ដោយថា កន្លងមកលោកមិនបានឃើញលទ្ធផល និងភស្តុតាងអ្វីក្រៅពីជនសង្ស័យម្នាក់ដែលថា ឈ្មោះ ជួប សម្លាប់ ដែលសមត្ថកិច្ចបានចាប់ខ្លួននោះទេ។

លោក កែម រិទ្ធិសិទ្ធិ បានអំពាវនាវដល់តុលាការឲ្យជួយរកយុត្តិធម៌ក្នុងករណីឃាតកម្មនេះ។​

អស់រយៈពេល៥ខែមកហើយ ដែលលោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាតក្បែរស្ដុបបូកគោកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៦។ មានជនជាប់ចោទតែម្នាក់គត់ដែលមានឈ្មោះ អឿត អាង ឬហៅ ជួប សម្លាប់ ត្រូវបានឃុំខ្លួនដោយតុលាការក្រុងភ្នំពេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ