គ.ជ.ប ថាមិនអាចកំណត់ចំនួនជនបរទេសដែលបានចុះឈ្មោះបោះឆ្នោតដោយប្រើអត្តសញ្ញាណប័ណ្ណខ្មែរ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 8:21 AM | បោះឆ្នោត | 0 | 3635

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាខ្លួនមិនអាចគ្រប់គ្រងទិន្នន័យជនបរទេសដែលទៅចុះឈ្មោះបោះឆ្នោតដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរបានទេ ខណៈគណបក្សប្រឆាំងអះអាងថាខ្លួនរកឃើញពលរដ្ឋវៀតណាមខុសច្បាប់ចុះឈ្មោះបោះឆ្នោតជាច្រើនពាន់នាក់។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃពុធ ទី២៨ ធ្នូនេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប មិនអាចបញ្ជាក់អំពីចំនួនជនបរទេសដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ហើយមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខបានឡើយ​។

លោកថា៖ «ខ្ញុំគិតថាពិបាកឆ្លើយដែរ ព្រោះច្បាប់បោះឆ្នោតឲ្យ គ ជ ប ចុះឈ្មោះជូនប្រជាពលរដ្ឋខ្មែរ ដែលមានអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់សួរខ្ញុំអ្នកកាន់កាតខ្មែរ ហើយសញ្ជាតិដទៃ ខ្ញុំអត់មានអីឆ្លើយ»។

លោកបានសង្កត់ធ្ងន់ថា ឲ្យតែជនបរទេសទាំងនោះមានកាន់អត្តសញ្ញណប័ណ្ណសញ្ញាតិខ្មែរ សំបុត្រកំណើត ឬលិខិតបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ គឺសុទ្ធតែអាចបោះឆ្នោតបានទាំងអស់។

លោកថា៖ «ព្រោះនៅក្នុងការចុះឈ្មោះបោះឆ្នោតយើង ឲ្យតែមានកាត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរប្រភេទចាស់ទី១ ទី២ និងប្រភេទថ្មី ហើយក្នុងករណីគាត់អត់មាន គាត់មានសំបុត្រកំណើត គាត់រកសាក្សី គាត់ទៅសុំបញ្ជាក់លិខិតអត្តសញ្ញាណ ដើម្បីចុះឈ្មោះបោះឆ្នោត គឺគាត់ខ្មែរ។ អ៊ីចឹង នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត់ដាក់ថាអ្នកនេះ ត្រូវធ្វើសញ្ជាតូបនីយកម្មអ្នកស្អី អត់មានបញ្ជាក់ទាំងអស់ ហើយមន្ដ្រីបោះឆ្នោតនៅមូលដ្ឋានគាត់អត់ជំនាញរឿងហ្នឹងទេ អ៊ីចឹង ខ្ញុំពុំអាចឆ្លើយនឹងសំណួរនេះបានទេ»។

លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងក្រោយកិច្ចប្រជុំថា​ លោកស្រីបានរកឃើញចំនួនជនជាតិវៀតណាម ប្រើអត្តសញ្ញាណប័ណ្ណមិនប្រក្រតីប្រមាណ៥ពាន់នាក់ ដោយថា ភាគច្រើនរស់នៅទីក្រុងភ្នំពេញ ខេត្តស្វាយរៀង និងបណ្ដាខេត្តផ្សេងទៀត។

លោកស្រីថា៖ «យើងឃើញថា ជនទាំងអស់នោះគឺគាត់មានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ប៉ុន្ដែយើងកត់សំគាត់ឃើញថាអត្តសញ្ញាណប័ណ្ណរបស់គាត់ ថាតើគាត់បានមកដោយត្រឹមត្រូវ ស្របច្បាប់ ដោយសញ្ជាតូបនីយកម្ម ដែលមានព្រះរាជ្យក្រឹត្យដែរឬអត់។ ប៉ុន្ដែយើងឃើញថា ភាគច្រើនភ្នាក់ងារគណបក្សនយោបាយ ដែលគាត់មូលដ្ឋាននឹងស្រាប់ ដូច្នេះគឺគាត់អាចដឹងថាតើពលរដ្ឋហ្នឹងជាពលរដ្ឋដែលមានសញ្ជាតខ្មែរ ឬក៏អត់គាត់អាចដឹង»។

លោកស្រីបន្ដថា គណបក្សសង្គ្រោះជាតិនឹងដាក់ពាក្យប្ដឹងចំពោះជនបរទេស ដែលពិនិត្យឃើញថាមានភាពមិនប្រក្រតីនៃលក្ខខណ្ឌចូលសញ្ជាតិនេះ។

ពាក់ព័ន្ធបញ្ហានេះ គ.ជ.ប បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល កើតទុក្ខមិនសុខចិត្តចំពោះបញ្ជីឈ្មោះដំបូង ដោយចង់ប្ដឹងជំទាស់នឹងសិទ្ធិរបស់អ្នកចុះឈ្មោះបោះឆ្នោតដែលខុសលក្ខខណ្ឌច្បាប់ ពួកគេអាចប្ដឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

គ.ជ.ប បន្ដថា ក្នុងករណីក្រុមប្រឹក្សាឃុំ-សង្កាត់បដិសេធបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់នោះ ពួកគេអាចប្ដឹងបន្ដទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ និងអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត បន្ទាប់ពីទទួលបានសេចក្ដីសម្រេចរបស់ គ.ជ.ប។ ចុងក្រោយ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

លោក ហ៊ីង ធីឬទិ្ធ សមាជិក គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលចុះឈ្មោះរួចហើយ ត្រូវទៅពិនិត្យឈ្មោះតាមឃុំ-សង្កាត់ ឡើងវិញ ដើម្បីប្រាកដថាឈ្មោះរបស់ពួកគេត្រឹមត្រូវ និងមានក្នុងបញ្ជីបោះឆ្នោត។

លោកថា៖ «ក្នុងនាម គ.ជ.ប ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូងដែល គ.ជ.ប បានបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់។​ នេះជាឱកាសចុងក្រោយ ដែលបងប្អូនបានចុះឈ្មោះរួចហើយ ត្រូវផ្ទៀងផ្ទាត់ឡើងវិញឲ្យបានប្រាកដថាឈ្មោះរបស់ខ្លួនពិតមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានទិន្នន័តត្រឹមត្រូវ។ បើមិនត្រឹមត្រូវត្រូវដាក់ពាក្យបណ្ដឹងតវ៉ាអំពីការបាត់ឈ្មោះ ឬមានទិន្នន័យខុសដោយប្រការណាមួយនោះ»។

បើតាម គ.ជ.ប ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនឹងធ្វើឡើងចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required