ពលរដ្ឋមួយចំនួននៅស្វាយរៀងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនមួយ ខណៈឈួសឆាយប៉ះពាល់ដីធ្លីពួកគេ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 3:57 PM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1820

​ពលរដ្ឋមួយចំនួននៅស្រុករមាសហែកខេត្តស្វាយរៀង ចោទក្រុមហ៊ុនឥណ្ឌាមួយដែលទទួលបានសិទ្ធិវិនិយោគនៅក្នុងខេត្តនេះថា ឈូសឆាយរំលោភលើដីស្រែចំការរបស់ពួកគេ។

តំណាងពលរដ្ឋអ្នកស្រី ម៉ម ស៊ីណា ប្រាប់វីអូឌីថានៅថ្ងៃពុធ ទី២៨ ធ្នូ ឆ្នាំ២០១៦នេះថា ពលរដ្ឋប្រមាណ១០០នាក់បាននាំគ្នាចុះហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនមួយឈ្មោះថា អិន ខេ វិន ឆឺ មិនឲ្យឈូសឆាយដីដោយថា តំបន់ដែលក្រុមហ៊ុនកំពុងឈូសឆាយនោះជាដីរបស់ពួកគេ។

អ្នកស្រីបន្ថែមថា៖ “កាលពីមុនប្រជាពលរដ្ឋបង្កបង្កើនផលដីនោះជាច្រើនឆ្នាំហើយ ប៉ុន្តែក្រោយមករដ្ឋសុំដកវិញដើម្បីដាំកូនឈើទុកសម្បត្តិរបស់សហគមន៍ ហើយប្រជាពលរដ្ឋក៏ព្រមឲ្យ ព្រោះគិតថាវាផលប្រយោជន៍របស់សហគមន៍ ប៉ុន្តែជាអាជ្ញាធរផ្តល់ដីនោះទៅឲ្យក្រុមហ៊ុនវិនិយោគទៅវិញ។ អញ្ចឹងហើយខ្ញុំថាឃាត់ឲ្យឈប់ឈូសឆាយដើម្បីរកដំណោះស្រាយសិន បើពួកគាត់មិនព្រមឈប់ ពួកខ្ញុំនឹងបើកយុទ្ធនាការតវ៉ាទៀត”។

អ្នកស្រីបន្តថា ក្រុមហ៊ុនបានដាក់គ្រឿងចក្រពីរគ្រឿងដោយឈូសឆាយដីអស់ប្រហែល១ហិកតាប៉ុណ្ណោះ ត្រូវបានផ្អាកវិញ បន្ទាប់ពីពលរដ្ឋតវ៉ានៅព្រឹកនេះ។

ពលរដ្ឋម្នាក់ទៀតលោក ចាន់ ថន រៀបរាប់ថា ពលរដ្ឋបាននាំគ្នាទៅធ្វើស្រែលើដីដែលក្រុមហ៊ុនកំពុងឈូសនោះតាំងឆ្នាំ១៩៧៩រហូតដល់ឆ្នាំ២០១០ ដោយមិនទាន់មានប័ណ្ណកាន់កាប់ត្រឹមត្រូវទេ ក្រោយមកលោកថាអាជ្ញាធរ​មូលដ្ឋានបានសុំដីតំបន់នោះវិញ ដើម្បីដាំកូនឈើសម្រាម់សហគមន៍ទុកប្រើប្រាស់ ហើយពលរដ្ឋក៏បានសម្រេចប្រគល់ឲ្យ។

លោកបន្តថា អាជ្ញាធរមិនដាំកូនឈើនោះទេ បែរជាប្រគល់ឲ្យដីតំបន់នោះឲ្យក្រុមហ៊ុនឈួសឆាយដាំអំពៅទៅវិញ ដែលលោកថាករណីនេះបានធ្វើឲ្យប្រជាមិនសប្បាយចិត្តនិងបាននាំគ្នាតវ៉ា។

លោកបន្ថែមថា៖ “ប្រជាពលរដ្ឋគាត់បានងើបឡើងតវ៉ាតាំងពីឆ្នាំ២០១៤វិញ ដើម្បីយកដីមកបង្កបង្កើនផលវិញហើយទុកឲ្យក្រុមហ៊ុនធ្វើក៏មិនបានផលប្រយោជន៍អីដល់ពលរដ្ឋ ហើយប្រជាពលរដ្ឋគាត់បានដើរតវ៉ាដាក់ញត្តិគ្រប់ស្ថាប័នអស់ហើយ តាំងពីរដ្ឋសភា ផ្ទះលោកនាយករដ្ឋមន្ត្រី ក្រសួងកសិកម្ម ហើយស្ថាប័នទាំងនោះគាត់បានចេញលិខិតមកទាំងអស់ហើយឲ្យអាជ្ញាធរខេត្តវាស់ដីជូនប្រជាពលរដ្ឋឲ្យធ្វើប្លង់ត្រឹមត្រូវជូនប្រជាពលរដ្ឋ ប៉ុន្តែខេត្តគេមិនអនុវត្តដោះមិនធ្វើម៉េច បើគេមិនស្តាប់ថ្នាក់លើផង”។

មន្រ្តីខុទ្ទកាល័យសាលាខេត្តស្វាយរៀង លោក ចិន សាធាន ឆ្លើយប្រាប់វីអូឌីថា លោកមិនទាន់បានដឹងព័ត៌មានដែលពលរដ្ឋលើកគ្នាទៅតវ៉ាប្រឆាំងការឈូសឆាយរបស់ក្រុមហ៊ុននោះនៅឡើយទេ។

តែយ៉ាងណាលោកថា លោកនឹងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវករណីនេះដើម្បីធ្វើការដោះ​ស្រាយតាមនីតិវិធី។

លោកបន្ថែមថា៖ “ខ្ញុំអត់ដឹង ចាំខ្ញុំស៊ើបសួរបឋមសិន ចាំខ្ញុំឲ្យគេចុះដោះស្រាយ” ។

បើតាមតំណាងរបស់ប្រជាពលរដ្ឋឲ្យដឹងថា មានពលរដ្ឋប្រមាណ៤៤០គ្រួសារមកពីភូមិចំនួន៦ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង មានជម្លោះដីជាមួយនឹងក្រុមហ៊ុនឥណ្ឌា ឈ្មោះថា អិន ខេ វិន ឆឺ ហើយប៉ះពាល់ផ្ទៃដីសរុបប្រមាណ៦៧០ហិតា៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required