ទំហំ​នាំ​ចេញ​ទំនិញ​កម្ពុជា​បន្ត​កើន​ឡើង តែសង្គម​ស៊ីវិលស្នើ​ឲ្យ​មាន​ជំហរ​ទន់​ភ្លន់​ជាមួយ​ទីផ្សារ​ធំៗ

រដ្ឋាភិបាល​កម្ពុជា​ បាន​អះ​អាង​ថា​ ទំហំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​​នៅឆ្នាំនេះ បាន​កើន​ឡើង​ជាង ១៩​ភាគរយ បើធៀប​នឹង​ឆ្នាំ​កន្លង​មក ប៉ុន្តែ សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ប្រកាន់​ជំហរ​ទន់​ភ្លន់ជា​មួយ​​អឺរ៉ុប និង​អាមេរិក​ដែល​ជា​​ទីផ្សារ​ធំសម្រាប់​ទំនិញ​កម្ពុជា។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ទំហំ​នៃ​​ការ​នាំ​ចេញ​ទំនិញ​​កម្ពុជា​ទៅ​ទីផ្សារ​បរទេស​​តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម បាន​កើន​ឡើង​ពី​តម្លៃ​​ជាង ៨​ពាន់ ១៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ទៅ​ដល់​ចំនួន​ជាង ៩​ពាន់ ៥៥៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​នេះ ជាមួយ​សន្ទុះ​កំណើន​ ១៩.២២​ភាគរយ។

ទោះជាយ៉ាងណា របាយការណ៍មិនបានបញ្ជាក់ថា ទំនិញនាំចេញផ្នែកអនុគ្រោះពន្ធ​របស់កម្ពុជានៅឆ្នាំនេះ នាំចេញទៅ​លក់​នៅ​ទី​ផ្សារ​អឺរ៉ុប មាន​ចំនួន​ប៉ុន្មាន និងទៅ​អាមេរិកប៉ុន្មានទេ។

វីអូឌី​បាន​ស្វែង​រក​ការ​ពន្យល់​បន្ថែម​ពី​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ ប៉ុន្តែ​ ទូរសព្ទរបស់លោកគ្មានអ្នកទទួល។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាលពីដើមខែធ្នូនេះ បាន​ផ្ញើរបាយការណ៍មួយ​ទៅ​លោក​នាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រា​ប់​ពីទំ​ហំពាណិជ្ចកម្ម​ដែលកម្ពុជានាំទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក អំឡុងឆ្នាំ២០១៦។

របាយការណ៍​របស់រដ្ឋ​មន្ត្រី​ បញ្ជាក់ថា នៅឆ្នាំ២០១៦ ទំនិញ​កម្ពុជា​តម្លៃ ៦​ពាន់ ២៥៩​លាន​ដុល្លារ ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង ២​ពាន់ ៩១៦​លាន​ដុល្លារទៀត នាំចូល​ទៅ​​​ទីផ្សារ​​អាមេរិក​។

របាយការណ៍​នោះ ​ឲ្យ​ដឹង​ថា ទំនិញ​​​កម្ពុជា​ដែល​ចូល​ទៅ​អាមេរិក​ ត្រូវ​បង់​ពន្ធ​​​​តម្លៃ​ជាង ៣០០​លាន​ដុល្លារ​ លើក​លែង​តែ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​អាមេរិក​លើក​លែង​ពន្ធ។ សម្រាប់​ទំនិញ​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​វិញ កម្ពុជា​បាន​ទទួល​ភាព​អនុគ្រោះ​ពន្ធ​គយ​ទាំង​ស្រុង ​ធ្វើ​ឲ្យ​កម្ពុជា​ពុំ​ចាំ​បាច់​បង់​ពន្ធ​ទំហំ ៦៧៦​លាន​ដុល្លារ​។

រដ្ឋមន្ត្រីរូបនេះ ឲ្យដឹងដែរថា ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មករ​ប្រហែល ៤០​ម៉ឺន​នាក់ ខណៈ​​ដែល​កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​។

របាយការណ៍​​រដ្ឋ​មន្ត្រី ប៉ាន សូរស័ក្តិ បង្ហាញ​ថា អាមេរិក និង​សហភាព​អឺរ៉ុប ជា​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា ដែល​ភាគ​ច្រើន​ជា​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង។

ប៉ុន្តែសហភាពអឺរ៉ុប បានគំរាមពីលទ្ធភាពព្យួរការអនុគ្រោះពន្ធដល់កម្ពុជា ដោយថា បើរដ្ឋាភិបាលមិនធ្វើឲ្យស្ថាន​ការន​យោ​បាយ​វិល​​​​ទៅរកស្ថានភាពដើមវិញ មិន​ដោះលែងលោក កឹម សុខា និងបើក​ឱកាសឲ្យគណ​បក្សសង្គ្រោះជា​តិដែ​លបានរំលា​យទៅ​ហើយនោះ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតឡើងវិញ ដោយគ្មានការគំរាមកំហែងទេនោះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា ដោយសារតែដង្ហើមសេដ្ឋកិច្ច​របស់​ក​​ម្ពុជានៅពឹងផ្អែកលើទីផ្សារអាមេរិក និងអឺរ៉ុបបែបនេះ លោកជំរុញឲ្យរដ្ឋាភិបាលគួរភាពទន់ភ្លន់​ជាមួយប្រទេសលោកសេរី ដែ​លលោកថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចផង និងរក្សាទីផ្សារការងារ​របស់ពលរដ្ឋកម្ពុជាផងដែរ។

លោកថា៖ «បើសិនជាមេដឹកនាំយើងគិតពីប្រយោជន៍ជាតិ លោកគួតែពិចារណាកុំឲ្យមានគ្រោះឬផលអវិជ្ជមាន​ធ្ងន់ធ្ងទៅដល់​ប្រជាព​លរដ្ឋកម្ពុជា​។​ ពិសេ​សវិស័យនេះគឺយើ​ងស្រូបយកកម្លាំងពល​កម្មដល់ទៅជាង១លាននាក់​។អញ្ចឹងជារឿងមួយដែ​លយើងព្រួយ​បារម្ភប្រសិ​នបើមានការដេកដួលវាអាចធ្វើឲ្យមនុស្ស១លាននាក់បាត់បង់ការងារ»។

ប្រហាក់ប្រហែលគ្នានេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង និ​យាយថា បើអ្នកនយោបាយកម្ពុជា​ប្រកាន់​ជំហរ​​មិនសម្របសម្រួលជាមួយប្រទេសលោកសេរីដែល​ជំរុញឲ្យដើរលើគន្លងប្រជាធិបតេយ្យ ហើ​យ​បណ្តោ​​​​យឲ្យរបូតការអនុគ្រោះពន្ធ លោកថា រដ្ឋាភិបាលនឹងជួបបញ្ហាសេដ្ឋកិច្ច ហើយបរាជ័យ​លើយន្តការ​លុបបំ​បាត់ភា​ពក្រី​ក្រ​នៅ​កម្ពុជា។

លោកថា៖ «ការណាមានការអនុគ្រោះពន្ធ វាជួយឲ្យកំណើនសេដ្ឋកិច្ច​របស់យើងហ្នឹង វាកើនឡើងលឿន ដើម្បីឲ្យដើរទាន់​បណ្តាប្រទេសផ្សេ​ងៗ នៅ​ក្នុង​តំបន់​អាស៊ាន និងអាស៊ី ឬក៏នៅក្នុងពិភពលោកផ្សេងៗទៀត។ អញ្ចឹ​ង ខ្ញុំថា រឿងដែលសំខាន់ហ្នឹង គឺ​ថាយើងមិនអាចឈរ​នៅលើប៉ូលចិន ឬក៏ប៉ូលរ៉ុស្ស៊ី ដើម្បីបង្កើនកំណើន​សេដ្ឋកិច្ចហ្នឹង​ឲ្យ​មានល្បឿនលឿន ឬក៏ឲ្យយើងអា​ចឆ្លងផុតប្រ​​ទេ​សដែលមានចំណូលមធ្យមកម្រិតទាប​បានក្នុងពេលមួយដែលរដ្ឋាភិ​បា​លបា​ន​កំណ​ត់​នោះ​ទេ ប្រសិនបើយើងធ្វើឲ្យបាត់បង់ប៉ូលអឺរ៉ុប និងប៉ូលអាមេរិកនោះ»។

តា​មរបាយការណ៍​របស់ក្រសួងពាណិជ្ជកម្ម បើសហភាពអឺរ៉ុបព្យួរកាអនុគ្រោះពន្ធមែន កម្ពុជានឹង​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​គយ​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ