វង្ស ថាណាន់ ​​បង្ហាញ​ជំនឿចិត្ត​ ក្រោយធ្លាក់ ​​Cambodian Idol

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨​ ម៉ោង 9:00 AM | កំសាន្ដ | 0 | 3185 លោក វង្ស ថាណាន់ (វង្ស សុម៉ាលីន)

ខុសពីបេក្ខជន​បេក្ខនារីផ្សេងទៀត ដែលធ្លាក់ពីការប្រកួត​​កម្មវិធីលំដាប់ថ្នាក់ពិភពលោក ហើយ​បង្ហាញភាពអស់សង្ឃឹម ព្រោះ​មិនអាច​បន្តបង្ហាញសមត្ថភាព​​នៅលើកញ្ចក់ទូរទស្សន៍បន្តទៀត ​​បេក្ខជន​​​​​​​លោក វង្ស ថាណាន់ ដែលគេស្គាល់ថា​ជាបេក្ខជនទទួលបានប្រជាប្រិយភាព​តាំងពីការ​ប្រលង​​ Cambodian Idol រដូវកាលទី​៣​ចាប់ផ្ដើម
​​​​​​និងត្រូវគេស្គាល់ថា​ជាកូនកំព្រា​​​ឪពុកម្ដាយ​រស់នៅ​ក្នុងមណ្ឌល​​​កុមារកំព្រា តាំង​​ពីវ័យ​​៣ឆ្នាំនោះ បែរជាអះអាងថាការទម្លាក់លោកចេញពីកម្មវិធីគឺជារឿងល្អមួយទៅវិញ។

​​​​​​លោកបានទាំង​បង្ហាញពី​គម្រោង​​​​ជីវិត​បន្ទាប់ពីធ្លាក់ការប្រកួត ដោយអះអាងថា​​នឹង​​​​កន្ត្រាក់យកការងារសិល្បៈ​​​អោយបានជោគជ័យ​នោះផង។ លោក វង្ស ថាណាន់ និយាយថា​​​​​មុនពេល​​​​​​​​ចូលប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី​៣ លោកមិនដែល​​ទាំង​នឹកស្មានផងថា​​លោកខ្លួន​នឹង​​ឈាន​បានដល់វគ្គ​​​​ Theater Round វគ្គ​២
ដែល​មានន័យថា​ក្រោយពីការ​ជម្រុះ​​ក្នុងចំណោម​បេក្ខជន​បេក្ខនារី​​​​​ប្រមាណជាង​​​១​ម៉ឺន​នាក់មុនចូល​ទូរទស្សន៍​គឺលោកបាន​បង្ហាញខ្លួនចំនួន​​៣​​លើក​ផងដែរ ​មុននឹងត្រូវបាន​ធ្លាក់កាលពីយប់ថ្ងៃសុក្រទី​​​២៦ មករា។

លោកថា​មុនពេល​ចូលប្រលង​លោកគ្រាន់តែ​ជាតារាចម្រៀង​ប្រចាំហាង​​​មួយ ​​ក្រោយពីបានចាកចេញពីមណ្ឌលកុមារកំព្រា ​ដែល​ត្រូវបានបងស្រី​​យក​ទៅដាក់​ក្រោយពី​​ឪពុកម្ដាយ​ម្ដាយ​​​​បែកបាក់គ្នា ហើយ​លែងលះគ្នា​ប៉ុណ្ណោះ
​ទើបលោក​យល់​ថា​ការ​​​​​បង្ហាញខ្លួនរបស់លោក​​ដែល​​​​​បាន​​​លេចមុខក្នុងកម្មវិធី Cambodian Idol រដូវកាលទី​៣
គឺជារឿង​​​​ស្ងប់ចិត្តដែលលោកធ្វើបាន។

​លោកថា​សប្បាយចិត្តដែល​​ក្រោយការ​​​​បង្ហាញខ្លួនក្នុង​កម្មវិធីនេះ​មានការ​ចាប់អារម្មណ៍ពីសំណាក់​អ្នកគាំទ្រ​​ភាគច្រើន​ ជាពិសេស​​នៅពេលបានឃើញបណ្ដាញសារព័ត៌មាន​​​​សរសេរពីលោក​​​​​​​​​​ក្នុងចំណោម​​​បេក្ខជន​បេក្ខនារី​ដែល​បានប្រលង​ជាប់ក្នុងវគ្គនីមួយ​ៗ​កន្លងមក។ យ៉ាងណាមិញ លោកអះអាងថា​​នា​ពេលកន្លងមក​លោកបានបង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសធម៌ និងបានឡើងឆាកទូរទស្សន៍​​​​​​ជាច្រើនមកហើយ ទើប​ក្នុងពេលដែលលោកបង្ហាញ​​​ខ្លួនចូលប្រលង​​ក្នុងកម្មវិធី Cambodian Idol រដូវ​កាលទី​​៣ ​​ក៏​ទទួលបានការ​ចាប់អារម្មណ៍រហូតធ្វើអោយ​លោក​រំភើបចិត្ត។

ថ្វីដ្បិតតែមាន​​​អ្នកគាំទ្រ​​​​​​មួយចំនួន​យល់ថា​លោកគួរតែមាន​សំណាង​បានឡើងទៅវគ្គ​​បន្តផ្ទាល់​​នៅលើកញ្ចក់ទូរទស្សន៍​​ ក៏លោក​យល់ថា​​ការទម្លាក់របស់គណៈកម្មការ​ទាំង​​៤ គឺជារឿង​​​​សមស្រប​​​​​​ និងថា​​ការ​​ទទួល​បាន​ឱកាសឡើងបង្ហាញដល់វគ្គ ​Theater Round ជុំទី​​២ គឺជារឿង​​​​​​គ្រប់គ្រាន់​​ហើយសម្រាប់ខ្លួន។

លោក​ថា​​បើការប្រលងនៅតែ​​បន្ត ក៏លោកនឹង​ប៉ះពាល់ការងារ​ច្រៀង​ប្រចាំ​​​ក្នុងហាងនិងការងារ​​ផ្សេង​ៗដែលធ្លាប់រកចំណូល​​​បានជា​​ប្រចាំនោះដែរ ទើបលោកយល់ថា​ការប្រលង​​មួយនេះ​បាន​ធ្លាក់​ត្រឹម​​ចំណុច​​ហ្នឹង​ក៏​​​លោក
សប្បាយចិត្ត។ ​ការលើកឡើងរបស់លោក​គឺ​​​ផ្ទុយពីអ្នក​បានចូលប្រលងភាគច្រើន​ដែល​ប្រកាស​ចង់​ជាប់ច្រើន​ ​​​​តែក៏ស្របនឹង​​​​​​​​​​អ្នកទទួលបរា​​ជ័យមួយចំនួន​ផងដែរ ដែល​អះអាងថា​​​ការប្រលងមួយនេះមានការ​ចំណាយលុយ​​​លើ​ការ​​​ស្លៀក​​ពាក់ ការត្រៀមខ្លួន និង​ត្រូវ​​បោះចោលការ​សិក្សា ឬការងារ​​ច្រើន​ថ្ងៃ​​ទម្រាំតែ​បាន​ប្រលង​​ចប់​មួយវគ្គៗ
ដែល​​​អ្នកទាំងនោះ​​រមែង​​ហៅ​ការធ្លាក់ថា​ ​​​​​​​ធ្លាក់អោយហើយ​ក៏​ល្អ​។ ​

​លោក វង្ស ថាណាន់ ​​បញ្ជាក់ថា មុនចូលប្រលងក្នុងកម្មវិធី Cambodian Idol លោកបានផលិត​​បទនិពន្ធថ្មី បានចំនួន​ច្រើន​បទ​ហើយ ដោយ​​លោក​​​ក៏មាន​​ឱកាស​​ឡើងឆាកទូរទស្សន៍​ និង​​ចេញមុខក្នុងក្នុងការប្រគំតន្ត្រី​ខេត្តក្រុងស្ទើរគ្មានពេល​សម្រាក ក្រៅពីការ​ងារ​ច្រៀងប្រចាំហាង ដែល​រកចំណូលបានមិនធម្មតា។

ប៉ុន្តែ​តាមរយៈការប្រលង​លោកត្រូវ​​​​បង្ខំអោយ​​​​​​​​​ឈប់ទទួលរាល់ការងារ​ទាំងនោះ​ទាំងអស់ ដោយ​​​អាចចេញមុខតែក្នុងកម្មវិធី​សប្បុរស​ធម៌ដែល​​​​មិនទទួលបានកម្រៃតែមួយគត់ ទើបលោក​ហាក់មិនស្ដាយ​តែម្ដង​​​សម្រាប់ការធ្លាក់​​ពីកម្មវិធី ​ហើយមិនបាន​​​​ឈានទៅកាន់វគ្គបន្ត។

លោកថានិយាយថា ​«​​សម្រាប់ខ្ញុំ ​​ដោយសារតែ​ខ្ញុំមានការងារ​រវល់ច្រើន ចឹង​ខ្ញុំគិតថា​បើ​ធ្លាក់ត្រឹមហ្នឹង​ក៏សប្បាយចិត្ត ព្រោះតែ​គេស្គាល់ខ្ញុំច្រើនគួរសម​ហើយថា​ជា​​បេក្ខជន​ Cambodian Idol»។

គ្រាន់តែ​ធ្លាក់ភ្លាមៗ លោកអះអាងថាមានខាង​ផលិតកម្មមួយចំនួន​ទាក់ទងអោយលោក​​​​ធ្វើជាតារាចម្រៀងផងដែរ ប៉ុន្តែបណ្ដាលមកពីលោកមានបំណង​ចង់​ចូលតែ​ផលិតកម្ម​ដែល​មាន​រំពឹង​​ពោលគឺ​​ជាផលិតកម្មធំ​ ទើបលោក​​​​​មិនទាន់ចាប់អារម្មណ៍។

លោក​​អះអាងថា បើគ្រាន់តែ​​​ចូលច្រៀងក្នុងផលិតកម្មដែលខ្វះ​ការ​ប្រកួតប្រជែង លោកសុខចិត្ត​បន្តផលិត​​បទចម្រៀង​ផ្ទាល់ខ្លួនដូចដែលលោកបានធ្វើ ដើម្បីកុំអោយមានសម្ពាធណាមួយនៅពេលកុងត្រា​​នៅក្នុងផលិត​កម្មនោះ ហើយ​ខាងផលិតកម្មបែរជា​អត់មាន​សកម្មភាពនិង​​​​គ្មានការ​​ផលិត​​បទ​​អោយ ឬមានបទដែរ តែ​​មិនសូវ​ជាបទ​​ល្អៗ។

​​លោកប្រកាសបញ្ចេញ Original Song ច្រើនបទ ​ក្រោយពីធ្លាក់ចេញ​ពីកម្មវិធី Cambodian Idol នេះ ដោយលោករំពឹងថា​នឹងធ្វើអោយទីផ្សារសិល្បៈរបស់លោក​​​​នឹងមានសន្ទុះ​​​​ខ្លាំងផង ​​បើទោះជាធ្លាក់ចេញពីការប្រកួតកណ្ដាលទី។

លោក​​ថា​អ្វីដែលលោក​រំពឹង​ខ្លាំង គឺដោយសារតែ​​​​លោក​មានទីផ្សារ​រួចទៅហើយ​តាំងពីមុនប្រលង​ជាពិសេសក្នុង​ការ​​​​​ឡើងឆាកទូរទស្សន៍និង​​ការបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរស​ធម៌ ទើបលោកយល់ថា​​ការ​បង្ហាញខ្លួនក្នុង​កម្មវិធី​លំដាប់ថ្នាក់ពិភពលោកបានប៉ុណ្ណោះ ក៏​​រុញអោយលោក​​​ឈានឡើង​បានហើយ ​​​ដ្បិតថា​មិនបាន​​​​​បន្ត​​​​ក្នុងវគ្គ ​​​​Live Show៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required