គូប្រកួត​​​ប៉ុណ្ណឹងដែរ លិញ ភារម្យ នៅតែទម្លាក់អោយហាលអាវ

កីឡាករ ​​​សេន កុសល (ឆ្វេង) និងកីទ្បាករ លិញ ភារម្យ (សុខ ឆាយ)

នៅទី​បំផុត​ ​ការប្រកួតដែល​​​ដ៏ស្វិត​​ស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥​ក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ​ជើងឯក​វគ្គថ្មីដែលទើបបើកឆាក​​​​បាន​​២សប្ដាហ៍​​កាលពីថ្ងៃទី២៧ មករា ​កីឡាករ​ទើបមានមុខប្រកួត​​លើសង្វៀន ​​​លោក លិញ ភារម្យ បានក្លាយជាអ្នកទម្លាក់​​​​​​គូប្រកួត​របស់ខ្លួន​បានសម្រេច​គួរអោយភ្ញាក់ផ្អើល ក្នុងពេលដែល​​​​កីឡាករ ​​​សេន កុសល ត្រូវគេស្គាល់ថាជាជើង​ខ្លាំង និងមានមុខ​ដល់ទៅ​​​សង្វៀនអន្តរជាតិ​​​​​​ ហើយឈ្នះកីឡាករ​​​ថៃរាប់មិនអស់​​ដង​​រួចទៅហើយ។

ការទម្លាក់គូប្រកួតរបស់គេ បានទទួលបានការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង ​ជាពិសេស​នៅពេលដែល​គេ​អាចមានសមត្ថភាព​​​​​វាយ​​បំបុក​និងវាយបកធ្វើអោយ​​កីឡាករ​រៀមច្បង ហាក់ដូចជាទ័ល​ទី​ច្រើន​អន្លើនិង​ដួល​​លើរេញរាប់​មិន​ឈ្នះ​ក្នុងរយៈពេល​​​​​តាំងពី​បើក​​នាទីប្រកួតរហូតដល់​​​ចប់នោះ។

​លោក សេង កដិកា អ្នករៀបចំកម្មវិធី​​​បានហៅ​ការប្រកួតរបស់គូទាំង​​​២​​ថា​​ប្រឹងអស់ពីសមត្ថភាព​រៀងខ្លួន ប៉ុន្តែបណ្ដាលមកពីការប្រកួតមួយនេះមិនអាច​​​អោយ​មានពិន្ទុ​ស្មើគ្នា ​​ទើប​​កំណត់យកតែកីឡាករ​ម្ខាង​ក្នុងចំណោម​ទាំង​​​២​​ដែលបាន​ប្រកួតគ្នា ​​​​​ដើម្បី​យកតែម្នាក់ឡើងទៅប្រកួត​​​​បន្ត​ក្នុង​វគ្គ​​១៦​នាក់ ហើយកីឡាករ​ម្នាក់ទៀតត្រូវធ្លាក់​​ហាលអាវ​​​​​​​​​​គួរអោយស្ដាយ​បើទោះជាគេ​​ជើងខ្លាំង​​​។

​ជាក់ស្ដែង​ការប្រកួត​​​រវាង ​​​​​​​​កីឡាករ​ លិញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរ និងកីឡាករ​ ​សេន ​​​​កុសល មកពីក្លិប​មោង​ឫស្សីមរតកខ្មែរខេត្តបាត់ដំបង បានបង្ហាញ​​នូវ​ការប្រឹង​ប្រែងនៅលើសង្វៀន​ដែល​​​ស្ថិតនៅព្រែកកំពិស​យ៉ាងខ្លាំ
ង ទើប​​កីឡាករទាំងពី​រ​​​ត្រូវបានអ្នកគាំទ្រ​​​​ពេញចិត្តដោយសំឡេង​​​​អបអរសាទ​​រប្រហែលគ្នា ដែលមានន័យថា​​អ្នកណា​ឈ្នះ​​​ក៏​​បាន​​​​ឈ្នះដោយកិត្តិយសហើយអ្នកចាញ់ក៏ធ្វើអោយ​អ្នកគាំទ្រ​អស់ចិត្ត​។ លោកថា​ការប្រកួតមួយគូរនេះ លោក​ពេញចិត្តជាងគេ ​ជាពិសេស​ក្នុងទឹកទី​​១ បើទោះជា​​កីឡាករ​ លិញ ភារម្យ បង្គោល​ខៀវ
​​បាន​បង្ហាញការឈ្នះប្រៀបធ្វើអោយ​​​​​​​​ម្នាក់ៗមើលឃើញពី​ការ​​​​​​​​​ធ្លាក់ចេញរបស់​ សេន សុកល ក៏​​ក្នុងទឹកទី​២ ​កីឡាករ​​បង្គោលក្រហម សេន កុសល ដែលជាជើងខ្លាំងនៅលើសង្វៀន​​​និងមានអ្នកស្នេហា​​ប្រដាល់​​ស្គាល់​ច្រើនមក ហើយ ​​​សម្រុក​វាយ​លុក​បានល្អ​​​​​មកវិញ។

​​ក្នុងទឹកទី​​២ និងទី​​៣ លោកថា​​​គណៈកម្មការកាន់តែ​ពិបាក​កាត់ក្ដី ហើយបើ​កុំតែ​កម្លាំង​​របស់​​​បង្គោល​រឹងជាងល្អជាង នោះប្រហែលជាជ័យជម្នះ​ក៏មិនងាយ​យកឈ្នះកីឡាករ​​រៀមច្បង​នោះដែរ។ ​​ឆ្លងកាត់​​ការប្រកួតទាំង​​៣​​ទឹក លោកថា លិញ ​​ភារម្យ ​នៅតែ​​បានសង្កត់ពិន្ទុនាំមុខ ​ទើប​លទ្ធផលចុង​ក្រោយកីឡាករ​​បង្គោលក្រហម ដែល​​លោក​បញ្ជាក់ថា​សូម្បីតែលោកខ្លួនឯង ក៏គិតថាគេ​​នឹងឈ្នះ​​​បាន​​​ឡើងទៅវគ្គ​​​១៦នាក់ ​សម្រាប់​ការប្រកួត​ដណ្ដើម​ជើងឯក​ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម​​រដូវ​កាលត្រូវធ្លាក់ហាលអាវ​​។

លោកថា​​​​ជារឿងសោកស្ដាយដែល​កីឡាករ​ល្អ​​ម្នាក់ និងល្បីឈ្មោះ​ម្នាក់​​​​បាត់បង់​ឱកាសឡើងទៅប្រកួត​ក្នុង​វគ្គ​​បន្ត
​ក្នុងពេលដែល​​​ការប្រកួតជម្រុះមួយនេះ គឺ​អត់មានអ្នក​ណាចង់ធ្លាក់ទាល់តែសោះ ជាពិសេស​​​​កីឡាករ​​​ជើងចាស់។
ប៉ុន្តែ​​​លោកថា​​នេះក៏ជា​សារធ្វើអោយកីឡាករ​ដែល​​​​ត្រូវបានជ្រើសហើយសម្អាងថា​​ខ្លួនធ្លាប់មានថ្វីដៃនិង​​មាន​​កេរ្តិ៍ឈ្មោះភ្ញាក់ខ្លួនសម្រាប់អ្នកមិនទាន់បានឡើងរេញ​ជម្រុះនោះផងដែរ។

លោកថានេះជាការប្រកួត​ជ្រើសរើសជើងឯក​​ក្នុងប្រភេទទម្ងន់​​​៥៧​​គីឡូក្រាមវគ្គថ្មី​ បន្ទាប់ពីការប្រកួតជ្រើសរើសជើងឯក​​​ក្នុងរដូវ​កាលមុន ទើបតែបានរកឃើញ​​​កីឡាករ សៅ វណ្ណា អោយធ្វើជាម្ចាស់​ជើងឯក។ លោកនៅតែរក្សា​​រូបមន្ត​ដដែល គឺ​​​​​​តម្រូវអោយ​​កីឡាករ​ដែលមាន​​ប្រភេទទម្ងន់​ដូចគ្នា​​នៅ​ទូទាំងប្រទេស ដែល​​បានជ្រើស​រើស​ធ្វើការប្រកួតគ្នា​​​ចាញ់ធ្លាក់ៗ រហូត​នៅសល់តែម្នាក់ដែល​មិន​ធ្លាប់​​ចាញ់​សោះអោយក្លាយជាម្ចាស់ពាន​។

លោកអះអាងថារូបមន្តមួយនេះ ​​​បានជួយអោយ​ប៉ុស្ដិ៍លេខ៥ អត់ឈឺក្បាល​​​​​​​រឿងកីឡាករ​​​​ប្រកួត​​លាក់ដៃ ឬលក់លទ្ធផល​ហើយ​ក៏​ជា​​ជំនួប​​​រវាងកីឡាករ​ក្នុងប្រភេទដូចគ្នាមួយដ៏ច្រើន ដែល​​ជួយអោយ​​​​​​​អ្នកមានឈ្មោះប្រកួត​ទទួលបាន​​​ឱកាស​​​បានសាកកណ្ដាប់ដៃគ្នា និង​​​​​​ទទួលការ​ចាប់អារម្មណ៍នៅពេលប្រកួត​​ឈ្នះ​ផងដែរ។

លោកនៅតែអះអាងថា​​​បើ​ធៀប​នឹង​​​​​​​សមត្ថភាព និង​​​ប្រវត្តិប្រកួតរបស់កីឡាករខាងលើគឺ​ សេន កុសល ​​​មាន​​កម្រិតល្អជាង​​ លិញ ភារម្យ ដាច់​ឆ្ងាយ ទើប​លោកសម្ដែងការ​ភ្ញាក់​ផ្អើលក្នុងពេលដែល​កីឡាករទាំងពីរ​ប៉ះគ្នា ហើយ​​ស្រាប់តែ​​​កីឡាករ​​​​​​​​​​​​​ លិញ ភារម្យ ​​ដណ្ដើម​​បាន​​​​​ជោគជ័យ។ ប៉ុន្តែលោកថា​​​​​កីឡាករ សេន កុសល ក៏បានប្រឹងប្រែងធ្វើអោយអ្នកទស្សនា​​​ពេញចិត្ត​ផងដែរ គឺមិនមែន​ចាញ់ក្រោម​​ដៃរបស់សិស្ស​ប្អូន ដោយភាពអាម៉ាស់ឡើយ។

​កីឡាករ លិញ ភារម្យ បានបង្ហាញអារម្មណ៍​​​​​សប្បាយចិត្តយ៉ាងខ្លាំង​ បន្ទាប់ពី​បាន​ឆ្លងផុត​​​​​ជុំទី១ហើយបាន​ឡើងទៅកាន់វគ្គ​​១៦​នាក់​​​​​​​ដែលជុំទី​​២។ យ៉ាងណាមិញ លោកថាក្រោយការទម្លាក់កីឡាករ​ជើង​ចាស់ សេន កុសល
​​លោកមិនទាន់​​សង្ឃឹមខ្ពស់ប៉ុន្មាននោះទេសម្រាប់ការប្រកួតជម្រុះ​​ក្នុងវគ្គ​​១៦​នាក់​យក​​៨នាក់​បន្តទៀត ​ដោយសារតែគូប្រកួតរបស់​លោក​ក៏សុទ្ធតែមាន​ស្នាដៃ និងសមត្ថភាពមិនធម្មតា។ ​លោក​​ថាការប្រកួត​កាលពីល្ងាចថ្ងៃទី​២៧ មករា ​លោកទទួលជ័យជម្នះដោយសារតែ​បាន​ហ្វឹកហាត់​​​​​រហូត​ដល់​ជាង​​២អាទិត្យ ជាប់លាប់ ​​​​ហើយ​​​​លោកក៏ខំប្រឹង​ប្រែង​អោយខ្លាំង​បន្តទៀតផងដែរ ​ដោយសារតែលោក​ក៏ចង់ឈ្នះ​ពាន ឬឈានទៅដល់ដំណាក់​កាលដែលមានអ្នកទស្សនា​​​​​​ស្គាល់មុខ និង​ឈ្មោះបានច្បាស់ជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ