ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានឹងចុះត្រជាក់ម្ដងទៀតនៅដើមខែកុម្ភៈខាងមុខនេះ ខណៈដែលប្រទេសកម្ពុជាកំពុងទទួលរងភ្លៀងកក់ខែរហូតដល់ចុងខែមករានេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន កំពុងបង្កើនឥទ្ធិពលមកលើតំបន់ឥណ្ឌូចិន ហើយថា លក្ខណៈបែបនេះ នឹងធ្វើឲ្យសីតុណ្ហភាពនៅកម្ពុជា ធ្លាក់ចុះជាថ្មីម្ដងទៀតនៅចុងសប្ដាហ៍ទី១ នៃខែកុម្ភៈខាងមុខនេះ។
ក្រសួងនេះបញ្ជាក់ថា នេះគឺជាការចុះត្រជាក់លើកទី ៤ នៅក្នុងប្រទេសកម្ពុជា នៅចន្លោះចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ។
ក្រសួងបានអះអាងអំពីការចុះត្រជាក់បែបនេះ ខណៈដែលកម្ពុជាកំពុងទទួលរងទឹកភ្លៀងធ្លាក់កក់ខែចាប់ពីតិចទៅបង្គួរនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមករានេះ៕