មេធាវី​មេ​បក្ស​ប្រឆាំង​ជំរុញ​ទៅ​សាលា​ឧទ្ធរណ៍​​នាំ​កូន​ក្ដី​របស់​ខ្លួន​ចូល​សវនាការ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

មេធាវីការពារក្ដីឲ្យមេដឹកនាំ​អតីត​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ បាន​ជំរុញ​ទៅ​តុលាការ​ឲ្យ​នាំ​កូន​ក្ដី​របស់​ពួកគេ​ចូល​ក្នុង​សវនាការ​នៃ​បណ្ដឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ដើម​ខែ​ក្រោយ​នេះ ដោយ​ថា ដើម្បី​ឲ្យ​កូន​ក្ដី​របស់​លោក​មាន​ឱកាស​ក្នុង​ការ​ឆ្លើយ​តប​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ»។

សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ខាង​មុខ​នេះ បន្ទាប់​ពីសាលា​ដំបូង​សម្រេចបដិសេធ​សំណើ​របស់​ក្រុម​មេធាវី​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​នេះ​រួច​មក។

ទោះជាយ៉ាងណា លោក កឹម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​នានា​ទាំង​នៅ​ក្នុង​បណ្ដឹង​ជំទាស់​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ ចាប់​តាំង​ពី​រូប​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំ​​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុនមក។

លោក សំ សុគង់ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា លោក​សង្ឃឹម​ថា កូន​ក្ដីរបស់​លោក នឹង​ត្រូវ​បាន​នាំ​យក​ចូល​ក្នុង​សវនាការ​នៅ​ពេល​ខាង​មុខ​នេះ។ លោក​បន្ថែម​ថា វត្តមាន​កូន​ក្ដី​លោក​នៅ​សវនាការ នឹង​ផ្ដល់​ឱកាស​ឲ្យ​កូន​ក្ដី​លោក​ឆ្លើយ​បំភ្លឺ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ»។

លោក សំ សុគង់ ប្រាប់​ថា​៖ «ជំហរក្រុមមេធាវីនៅពេលនេះ នឹងទៅចូលរួមសវនាការ ប៉ុន្តែ យើងក៏សង្ឃឹមថា កូនក្ដីនឹងមានវត្តមាននៅក្នុងពេលសវនាការផងដែរ។ បើសិនជានៅពេលសវនាការហើយ យើងអត់ឃើញវត្តមាន ឬក៏តុលាការមិនបានបំពេញ​ភារកិច្ច កាតព្វកិច្ចក្នុងការនាំកូនក្ដីមកក្នុងបន្ទប់សវនាការ​ហ្នឹង ក្រុមមេធាវីនឹងមានការពិភាក្សា ឬក៏ជជែកគ្នាម្ដងទៀត តើយើងគួរចូលរួម ឬមិនចូលរួម​ ប៉ុន្តែជំហរនៅពេលនេះ យើងត្រៀមខ្លួននឹងទៅការពារក្ដី​»។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​តុលាការ​នឹង​នាំ​រូប​លោក កឹម សុខា ចូល​ក្នុង​សវនាការ​នា​ពេល​ខាង​មុខ​នោះ ឬ​យ៉ាង​ណា​នោះ​​ទេ ប៉ុន្តែ លោក​ថា ក្រុម​មេធាវី​មាន​សិទ្ធិ​មិន​ចូល​រួម ឬ​ក៏​ដើរ​ចេញ​ពី​បន្ទប់​សវនាការ ប្រសិន​បើ​កូន​ក្ដី​របស់​ខ្លួន​មិន​មាន​វត្តមាន​ក្នុង​សវនាការ​នោះ។

លោកថា៖ «តាមនីតិវិធី ចៅក្រមនៃសភាស៊ើបសួរបានចេញដូចខ្ញុំបានប្រាប់អញ្ចឹង បានទៅតាមនីតិវិធីអស់ហើយ អត់មានអីទេទៅតាមនីតិវិធីច្បាប់ តាមគោលការណ៍អស់ហើយ អញ្ចឹងរង់ចាំមើលថ្ងៃហ្នឹងទៅ»។

មេធាវី​ លោក ហុង គឹមសួន បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ នៅ​មាន​សិទ្ធិ​ក្នុង​ការ​ស្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នានា នៅ​ក្នុង​សវនាការ​របស់​តុលាការ។ លោក​បន្ថែម​ថា ប្រសិន​បើ​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ មាន​ឱកាស​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​ទេ លោកថា ជា​ការ​រំលោភ​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ។

លោក ហុង គឹមសួន ប្រាប់​ថា​៖ «នៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សក៏ដោយ និងក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌជាតិយើងក៏ដោយជាពិសេសគឺរដ្ឋធម្មនុញ្ញគឺឲ្យសិទ្ធិទៅជនដែលត្រូវចោទ ត្រូវតែមានឱកាសសម្រាប់គេឆ្លើយ សម្រាប់ឲ្យគេដឹង ឲ្យគេលឺឲ្យគេស្ដាប់ការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះ។ បើជនជាប់មិនបោះបង់សិទ្ធិចូលរួមទេ អាហ្នឹងត្រូវតែយកគេមក កាលណាមិនយកគេមកអាហ្នឹងរំលោភបំពានទាំងច្បាប់ជាតិហើយ»។

រដ្ឋាភិបាល​កម្ពុជា បាន​រង​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពីលោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ជុំ​វិញ​អ្វី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ចោទ​ថា «ក្បត់​ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ