នាយករដ្ឋមន្រ្តីបដិសេធការចោទប្រកាន់អំពើពុករលួយរឿងជំនួយបរទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រកាស​ជាថ្មីថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ប្រព្រឹត្តអំពើពុករលួយ​ទាក់ទងនឹង​ជំនួយ​បរទេស​នោះទេ។

នាយករដ្ឋមន្រ្តីបាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោក​បានថ្លែង​ថា​ការសម្ពោធមន្ទីរពេទ្យ​នៅថ្ងៃ​នេះជា​ជំនួយ​របស់ជប៉ុនដែល​លោក​ថា​រាល់ជំនួយ​នេះ​គឺ​ជប៉ុន​ជា​អ្នកគ្រប់គ្រងទាំងអស់ ទាំង​ការដេញថ្លៃជ្រើសរើសក្រុមហ៊ុន​និង​ការគ្រប់គ្រងហិរញ្ញវត្ថុ​នានា។​ លោកបញ្ជាក់​ថា​លោក​គ្រាន់តែជាអ្នក​​មកសម្ពោធ​និង​កាត់ខ្សែបូតែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​លោក​​ផ្ញើសារនេះ​ទៅ​កាន់អ្នក​នយោបាយ​មួយ​ចំនួន​ដែល​លោក​ថា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​ប្រព្រឹត្តអំពើពុករលួយលើ​ជំនួយ​បរទេស។​

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ “ព្រោះនៅ​ស្រុកខ្មែរ​សំបូរណាស់​អា​រឿង​ចោទគ្នាហ្នឹង​ មិន​ចប់​មិន​ហើយ​ទេ គេ​ថា​យើង​ហ្នឹង​ពុក​រលួយ​យក​លុយជំនួយ​បរទេស ​យក​មក​ចាយ​។ ប៉ុន្តែ​សួរ​អគ្គរដ្ឋទូតជប៉ុនទៅ សួរ​ប្រធាន​Jicaទៅ ហើយសួរ​ក្រុមហ៊ុនសាងសង់ទៅ អស់លុយប៉ុន្មាន​ អស់លុយ​ទៅ។ ខ្ញុំព្រះករុណា អត់ដឹង​ទេ​ ​ហើយ​ដេញថ្លៃ​មិនមែនដេញថ្លៃនៅស្រុកខ្មែរទេ។ បើ​ថា​ជំនួយ​ជប៉ុន​គឺ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ទេ”។ លោក​បញ្ជាក់​ថា៖ “សារនេះ​នឹង​បញ្ជូន​ទៅ​អ្នក​ទាំងឡាយ ដឹង​ហើយ​តែធ្វើ​មិនដឹង តែមាន​អ្នក​ខ្លះ​ក៏គ្នា​មិនដឹងដែរ ត្រូវ​បាន​អ្នក​នយោបាយ​ខ្លះ​មូលបង្កាច់”

​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥របស់​អង្គការ​តម្លាភាព​អន្តរជាតិបង្ហាញ​ថាកម្ពុជា​ទទួល​បាន​ពិន្ទុ២១ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥០ក្នុង​ចំណោម​ប្រទេស១៦៨។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថាកម្ពុជា​មាន​ស្ថានភាព​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍គឺ​ស្ថិត​នៅ​ក្រោមប្រទេស​​មីយ៉ាន់ម៉ានិង​ឡាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ