វិភាគ៖ តើតំណាងរាស្ត្រប្រឈមបញ្ហាអ្វីខ្លះក្នុងការបំពេញតួនាទីរបស់ខ្លួន?

សមាជិកសភា ឬតំណាងរាស្ត្រគឺជាអ្នកតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមួយ ដោយពួកគេត្រូវបានបោះឆ្នោតតាមរយៈការបោះឆ្នោតជាសកល។ យោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា “តំណាងរាស្ត្រ មានន័យថា “អ្នកធ្វើអ្វីៗ ដើម្បីរាស្ត្រ ជំនួសរាស្ត្រ បម្រើរាស្ត្រ”។ ឯច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា តំណាងរាស្ត្រគឺជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ ក្រៅពីការតាក់តែងច្បាប់ តំណាងរាស្ត្រមានតួនាទីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

គិតមកដល់ខែកុម្ភៈ ឆ្នាំ២០១៦នេះ រដ្ឋសភាដែលត្រូវបានបង្កើតឡើងក្នុងអាណត្តិទី៥ដំណើរការអស់រយៈពេលជាង២ឆ្នាំ ឬជិតពាក់កណ្ដាលអាណត្តិហើយ។

តើការបំពេញតួនាទីរបស់តំណាងរាស្ត្រនៅក្នុងអាណត្តិទី៥នេះមានប្រសិទ្ធភាពកម្រិតណា និងជួបបញ្ហាប្រឈមអ្វីខ្លះ?

នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា ការបំពេញតួនាទីរបស់តំណាងរាស្ត្រនៅក្នុងអាណត្តិនេះមានភាពល្អប្រសើរជាងអាណត្តិមុនៗ តែនៅពុំទាន់បានពេញលេញនៅឡើយទេ។ លោកលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជា តំណាងរាស្ត្រមិនមានផ្ទះ ឬមិនរស់នៅតាមមូលដ្ឋាននៃមណ្ឌលរបស់ខ្លួន និងមិនមានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការចុះបំពេញភារកិច្ចរបស់ខ្លួន។ លើសពីនេះទៅទៀត លោកថា តំណាងរាស្ត្រមួយចំនួនពុំសូវមានទំនុកក្នុងការបំពេញតួនាទីរបស់ខ្លួនទេ គឺពឹងតែលើគណបក្ស ហើយអ្នកខ្លះទៀតគឺពឹងផ្អែកលើរដ្ឋាភិបាល ជាពិសេសតំណាងរាស្ត្ររបស់បក្សកាន់អំណាច។

លោកមានប្រសាសន៍ថា៖ “តំណាងរាស្ត្របក្សកាន់អំណាចរិតតែអត់សូវធ្វើសកម្មភាពចុះ (មូលដ្ឋាន) ទៀត ដោយសារតែគាត់មើលឃើញថា កិច្ចការហ្នឹងជាកិច្ចការរបស់រដ្ឋាភិបាល អាជ្ញាធររបស់គាត់ធ្វើការងារ ហើយចឹងគាត់អត់បានចុះទៅធ្វើកិច្ចហ្នឹងច្រើនទេ កិច្ចការទាក់ទិននឹងស្ដាប់មតិរបស់ប្រជាពលរដ្ឋ ខិតខំដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋអីហ្នឹងគាត់អត់ធ្វើកិច្ចការហ្នឹងបានច្រើនទេ។ គាត់ពឹងថាកិច្ចការហ្នឹងជារបស់អាជ្ញាធររបស់រដ្ឋាភិបាលនៃគណបក្សកាន់អំណាចហ្នឹង។ ហ្នឹងដែលយើងរកឃើញ ហើយជាទូទៅនៅមានកម្រិតបើយើងធៀបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ”

របាយការណ៍របស់អង្គការខុមហ្វ្រែលដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ស្ដីពីការសង្កេតទៅលើរដ្ឋសភា និងតំណាងរាស្ត្រឆ្នាំទី២ នីតិកាលទីឆ្នាំ២០១៥ បានបង្ហាញថា ការបញ្ចេញឡើងមតិរបស់តំណាងនៅក្នុងកិច្ចប្រជុំមានការកើនឡើង។ ទោះយ៉ាងណា របាយការណ៍លើកឡើងថា ទោះជាមានការកើនឡើងនៃការបញ្ចេញមតិ ប៉ុន្តែកិច្ចពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ និងសេចក្ដីព្រាងច្បាប់ជាច្រើនខ្វះតម្លាភាព មិនសូវមានគុណភាព និងធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់។

លើសពីនេះទៅទៀត របាយការណ៍នេះបានឲ្យដឹងដែរថា ក្នុងចំណោមលិខិតសុំអន្តរាគមន៍របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអំពីកង្វល់ម្ចាស់ឆ្នោត ចំនួន៣៦ច្បាប់ មានតែលិខិត៩ប៉ុណ្ណោះ មានការឆ្លើយតប និង៤ច្បាប់ទៀត ប្រធានរដ្ឋសភាមិនបញ្ជូនចេញ។
សម្រាប់អ្នកប្រឹក្សាយោបល់ឯករាជ្យបណ្ឌិត ចាន់ វិបុល ដែលមានជំនាញខាងអភិបាលកិច្ចនិងប្រជាធិបតេយ្យមានប្រសាសន៍ថា ការបំពេញកាតព្វកិច្ច និងតួនាទីរបស់តំណាងរាស្ត្រនៅមានកម្រិតទាប បើធៀបទៅនឹងអ្វីដែលគណបក្សជាប់ឆ្នោតបានសរសេរនៅក្នុងគោលនយោបាយរបស់ខ្លួនង និងអ្វីដែលលោកថាជាការរំពឹងរបស់ប្រជាពលរដ្ឋ។

លោក ចាន់ វិបុល បញ្ជាក់ពីកត្តាដែលលោកថាបានរារាំងដល់ការបំពេញតួនាទីរបស់ខ្លួននោះគឺសមត្ថភាពរបស់តំណាងរាស្ត្រខ្លួនឯងផ្ទាល់ និងឥទ្ធិពលរបស់គណបក្សនយោបាយ។ លោកមានប្រសាសន៍ថា៖ “ទី១គឺប្រព័ន្ធគ្រប់គ្រងរបស់កម្ពុជាហ្នឹងគឺអំណាចរបស់គណបក្សនយោបាយហ្នឹងហាក់ដូចជាមានឥទ្ធិពលខ្លាំងលើសលប់ ដែលអាហ្នឹងជាសម្ពាធនយោបាយដែលអាចធ្វើឲ្យរារាំងទៅដល់ការបំពេញតួនាទី និងកាតព្វកិច្ចរបស់សមាជិកនៃរដ្ឋសភារបស់យើងគឺអ្នកតំណាងរាស្ត្រហ្នឹង។ ចំណុចទី២ទៀតគឺសមត្ថភាពរបស់សមាជិកសភាមួយរូបៗហ្នឹងតែម្ដង គឺគាត់ហាក់ដូចជាមានសមត្ថភាពតិចក្នុងការធ្វើជាភាពតំណាងសង្គមហើយនិងប្រជាពលរដ្ឋ”

លោក ចាន់ វិបុល បន្តដោយលើកជាឧទាហរណ៍ថា តំណាងរាស្ត្រមួយចំនួនពុំមាន ឬមានចំណេះដឹងតិចតួចក្នុងការរៀបចំស្វែងយល់ពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ក៏ដូចជាយន្តការក្នុងការដោះស្រាយបញ្ហា និងបំពេញតម្រូវការទាំងនោះ។ លើសពីនេះទៅទៀត លោកថាការកាន់តួនាទីច្រើនក្នុងពេលតែមួយដូចជាធ្វើជាតំណាងរាស្ត្រផង និងជាថ្នាក់ដឹកនាំរដ្ឋាភិបាលផងនោះក៏អាចកត្តានាំការបំពេញការងារមិនសូវមានប្រសិទ្ធភាពផងដែរ ដូចជាការបែងចែកពេលវេលា និងទំនាស់ផលប្រយោជន៍ជាដើម។

លោកមានប្រសាសន៍ថា៖ “គឺអាការជម្លោះផលប្រយោជន៍ដោយសារតែគាត់ដើរតួនាទីជាសមាជិកសភា ហើយគាត់ធ្វើការងារផ្សេងទៀតដែលវាជម្លោះទៅនឹងមុខងាររបស់គាត់ វាមិនត្រឹមតែចំណាយពេលវេលាផ្សេងក្រៅពីតួនាទីស្នូលរបស់គាត់ទេ តែវាក៏អាចឈានទៅដល់ឧបសគ្គសំខាន់ដែលមិនអាចឲ្យគាត់បំពេញកាតព្វកិច្ចឬមុខងារជាតំណាងរាស្ត្របានដោយពេញលេញ ហើយនិងប្រកបដោយក្រមសីលធម៌ ហើយនិងសមត្ថភាពគ្រប់គ្រាន់ទេ”

យ៉ាងណាក៏ដោយ សម្រាប់លោក គល់ បញ្ញា យល់ថា ទោះបីតំណាងរាស្ត្រមួយចំនួនមានតួនាទីផ្សេងទៀត ដូចជាតួនាទីនៅក្នុងជួររដ្ឋាភិបាល ជាពិសេសតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច ដែលលោកថាអាចធ្វើឲ្យប៉ះពាល់ដល់ពេលវេលារបស់ពួកគេក្នុងការបំពេញតួនាទីជាតំណាងរាស្ត្រក៏ដោយ តែលោកថា ការបំពេញតួនាទីមួយខ្លះក្នុងការងាររបស់រដ្ឋាភិបាលក៏ជាផ្នែកមួយនៃការបំពេញតួនាទីជាតំណាងរាស្ត្រផងដែរ។

លោក ចាន់ វិបុល លើកឡើងថា ដើម្បីធ្វើឲ្យតំណាងអាចបំពេញតួនាទីរបស់ខ្លួនឲ្យបានកាន់តែប្រសើរ លោកថា គួរមានការបង្កើតឲ្យមានប្រព័ន្ធនៃការជ្រើសរើសសមាជិកសភាចេញពីមូលដ្ឋាន ដោយពុំមានការចាត់តាំងពីគណបក្សនយោបាយ ឬលោកថា ប្រសិនបើធ្វើការបោះឆ្នោតឯកត្តនាមគឺកាន់តែប្រសើរ ដោយលោកថា ការធ្វើបែបនេះអាចធ្វើឲ្យតំណាងរាស្ត្រមានទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋកាន់តែខ្ពស់ ច្រើនជាងគណបក្សរបស់ខ្លួន។ លោកថា តុល្យភាព និងការបែងចែកអំណាចទាំង៣ឲ្យដាច់ពីគ្នាគឺអំណាចនីបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ជាកត្តាសំខាន់ក្នុងការធានាការបំពេញតួនាទីរបស់តំណាងរាស្ត្រផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ