ក្រ​សួងដែន​ដី​​ថាម្ចាស់​សំណង់​មួយ​ចំនួននៅ​តែ​សង់សំណង់​ដោយ​គ្មាន​លិខិត​អនុញ្ញាត

ក្រ​សួង​រៀប​ចំដែន​ដី​ឲ្យ​ដឹងថាខ្លួន​នៅ​មាន​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ចំពោះការ​អនុវត្តការងារ​កន្លងមក​ដោយ​សារតែ​មាន​ម្ចាស់សំណង់​មួយ​ចំនួន​បាន​សាងសង់​សំណង់អគារដោយ​មិន​បានសុំការអនុញ្ញាតឬ​ម្ចាស់​សំណង់​អគារខ្លះបាន​សង់​សំណង់​របស់​ខ្លួន​ហួសពី​អ្វី​ដែល​​មន្ត្រីមាន​សមត្ថ​កិច្ចបាន​អនុញ្ញាតដែល​ក្រ​សួង​ថាបាន​ធ្វើ​​ឲ្យ​បាត់​សោភ័ណ្ឌទីក្រុងនិង​សុវត្ថិភាព​សាធារណៈជាដើម។

នៅ​ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផលការងារប្រ​ចាំ​ឆ្នាំ​២០១៥និង​ទិសដៅពី​២០១៦​ ដែលបាន​ផ្សព្វផ្សាយនៅ​ថ្ងៃ​ចន្ទនេះ ក្រសួងដែនដី នគរូបនីយកម្មនិង​សំណង់​​ឲ្យ​ដឹងថា​ក្រ​សួងនៅ​មាន​ចំណុច​ប្រ​ឈម​មួយ​ចំនួន​ដោយម្ចាស់សំណង់មួយចំនួន​បាន​សាងសង់សំណង់​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាតនិង​អ្នក​ខ្លះ​បាន​សាងសង់មុន​បាន​ទទួល​លិខិត​អនុញ្ញាតនិងមាន​ខ្លះទៀតបាន​សាងសង់​ហួសពីអ្វី​ដែល​ស្ថាប័នមាន​សមត្ថកិច្ចបាន​អនុញ្ញាត។ បើ​តាម​របាយការណ៍​នេះ ក្រ​​សួង​ចាត់ទុកករណី​ទាំងនេះ​ថាបង្កឲ្យ​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង ប៉ះពាល់​សោភ័ណ្ឌទីក្រុង ក៏ដូចជាសុវត្ថិភាព​សាធារណៈជាដើម។

របាយការណ៍​ដដែល​ឲ្យ​ដឹងទៀតថាម្ចាស់​សំណង់​មួយ​ចំនួន​មិន​ព្រម​កែលម្អនិង​កែ​តម្រូវ​ទៅ​តាម​សេចក្តីណែ​នាំ​របស់​ក្រ​សួង ដែល​ក្រសួង​ថាបាន​ធ្វើ​ឲ្យ​មាន​ការ​រំលោភដីសាធារណៈ ឬ​ទ្រង់​ទ្រាយ​អគារមិនត្រូវស្តង់ដារជាដើម។  របាយការណ៍​បន្ត​ថា​មិន​តែប៉ុណ្ណោះ ម្ចាស់សំណង់​អគារខ្លះមិនបាន​ដាក់សំណាញ់​សុវត្ថិភាព ឬរបងហ៊ុំព័ទ្ធ​​ការដ្ឋាន​ឲ្យបាន​ត្រឹម​ត្រូវឬបាន​ធ្វើ​របង​រំលោភ​លើ​​ដី​សាធារណៈ ដែល​ក្រ​សួង​ថាបានធ្វើ​ឲ្យ​ខូចរបៀបរៀប​រយសាធារណៈ។

បើតាម​របាយការណ៍ ក្នុង​ឆ្នាំ​២០១៥ ក្រសួង​បាន​ចេញលិខិតអនុញ្ញាត​សាងសង់​ទូទាំងប្រ​ទេស​មាន​ចំនួន​២៣០៥គម្រោងដែល​គិត​ជា​ទឹក​ប្រាក់មាន​ចំនួន​៣៣៣៨លាន​​ដុល្លារអាមេរិក កើន​លើសឆ្នាំ២០១៤ ចំនួន៣៣,១៤ភាគរយ។

វីអូឌី(VOD)មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែមពី​អ្នក​នាំពាក្យ​ក្រ​សួង​ដែន​ដី លោក សេង ឡូត បាននៅ​ឡើយដោយ​លោក​ថាលោកកំពុងស្ថិត​ក្នុង​សន្និបាតរបស់​ក្រ​សួង។ ទោះ​យ៉ាងណា របាយការណ៍​របស់ក្រ​សួង​ឲ្យដឹងដែរថាក្រ​សួង​កំពុងតែខិតខំ​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ ដោយបាន​សហការជាមួយ​អាជ្ញាធរពាក់ព័ន្ធនិងសមត្ថកិច្ចគ្រប់​​លំដាប់​ថ្នាក់។​

នាយក​ប្រតិបតិ្ត​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថាសំណង់​អគារមួយ​ចំនួន​ត្រូវ​បាន​សាងសង់​ដោយ​រំលោភ​លើ​ចំណីផ្លូវ​សាធារណៈ ហើយ​មិន​មាន​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​ទៅ​ហាម​ឃាត់ឬ​អន្តរាគមន៍​នោះ​ទេ។  លោក​ថាក្រ​សួង​ត្រូវ​មាន​វិធាន​ការ​ទប់​ស្តាក់ករណីនេះ​ឲ្យ​បាន​ម៉ឺងម៉ាត់និងមាន​តម្លាភាព ដើម្បីចៀសវាង​ការរំលោភលើ​ដីសាធារណៈ។

លោក​បន្ថែម​ថា៖ “ត្រូវតែមាន​អន្តរាគមន៍ឬក៏ការ​ត្រួតពិនិត្យជាប្រ​ចាំ ទៅលើ​សំណង់ទាំងលាយទាំងនៅ​រាជធានី និងខេត្ត ធ្វើ​យ៉ាងម៉េចដើម្បី​ធានាថា​វាមិនមាន​ចលនា ឬវា​រំលោភ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ”

គួរបញ្ជាក់ថា កន្លងទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​ធ្លាប់បាន​បញ្ជាឲ្យរុះរើសំណង់​អគាររបស់​កាស៊ីណូណាហ្គាវើល ដែល​លោក​ថាសំណង់នោះបាន​សាងសង់ដោយ​ខុសច្បាប់និង​ធ្វើ​ឲ្យ​ខូចសោភ័ណ្ឌភាព​ទីក្រុង។  ជាមួយ​គ្នានេះ​ដែរ សំណង់​អគារនៅ​ក្បែរស្តាតអូឡាំពិក ក៏​បាន​បង្កឲ្យ​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ក្បែរនោះ​ស្លាប់ម្នាក់ ដោយសារធា្លក់​ដែក​លើនិងអ្នកធ្វើដំណើរម្នាក់​​រង​របួស​ដោយសាររបង​ហ៊ុំព័ទ្ធ​​អគារសំណង់​រលំ​លើផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ