មន្រ្តី​ជាន់​ខ្ពស់​​ជំរុញ​​ឲ្យ​​ដោះ​ស្រាយ​​ជម្លោះ​ដី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​”បដិវត្តន៍ដីធ្លី​”​

ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន ថ្លែងទៅកាន់មន្រ្តីក្រោម​ឱវាទនៅព្រឹកថ្ងៃចន្ទនេះ

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែល​ទទួល​បន្ទុក​ការ​ដោះស្រាយទំនាស់ដីធ្លី​​បាន​ជំរុញ​ឲ្យស្ថាប័​នពាក់ព័ន្ធ​ពន្លឿ​ន​​កា​រដោះស្រាយបញ្ហាដីធ្លីឲ្យមាន”តម្លាភាព” ដែលលោកថាដើម្បីទប់​ស្កាត់ការធ្លាក់​ចុះប្រជាប្រិយ​ភាព​​​រប​ស់រ​ដ្ឋាភិបាលនិង​លទ្ធភាពនៃ​”បដិវត្តន៍ដីធ្លី”នៅកម្ពុជា។​

ក្នុងពិធីបើកសន្និ​បាតបូកសរុបការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំ​ដែនដីន​គ​ររូបនីយកម្មនិងសំណង់ ដែលធ្វើឡើង​នៅ​ថ្ងៃចន្ទនេះ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ថាជម្លោះដីធ្លីគឺជាដើមចបមួយ​ដែលធ្វើឲ្យគណ​បក្សប្រជា​ជន​កម្ពុជា​បា​នធ្លា​ក់​ចុះ​ប្រជាប្រិយ​ភាពនៅពេលបោះឆ្នោតកាលពី២០១៣។ លោក​ជំរុញ​ឲ្យមន្រ្តីពាក់ព័ន្ធ​របស់​ស្ថា​ប័​ននេះត្រូវ​យកចិត្តទុកដាក់បន្ថែមទៀតក្នុងការពន្លឿនយន្តការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ប្រកប​ដោ​យតម្លាភាពដែលលោកថាដើម្បីទប់​ស្កាត់ការធ្លាក់ចុះប្រជា​ប្រិយភាពនេះ​។

លោកមានប្រសាសន៍ថា៖ “ក្រសួងស្ថាប័ននិងអ្នកពាក់ព័ន្ធ​ទាំងអស់ត្រូវខិតខំសម្រេចការងាររបស់ខ្លួ​នក្នុ​ងស្មារតីជំរុញ​​ការកែ​ទម្រង់កាន់តែស៊ីជម្រៅតាមអនុសាសន៍ដ៏​ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីគឺ ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យតម្លាភាព ជាពិសេសសេវាសាធារណៈ​ក្នុងសមត្ថ​កិច្ចរបស់ក្រសួងស្ថា​ប័ននី​មួយៗ”​

ទោះជាយ៉ាងណា លោក ប៊ិន ឈិន អះអាងថាកន្លងទៅស្ថាប័ននេះបានចុះវាស់វែងនិងប្រគល់​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​ជូនប្រជាពលរដ្ឋតាមយុទ្ធរបស់រដ្ឋាភិបាលបានច្រើនគួរឲ្យកត់សម្គាល់​ផងដែរ។ លោក​បញ្ជា​ក់​​ថា​​​ការ​ដោះ​ស្រាយនេះ​​​ធ្វើឲ្យកម្ពុជាមិនអាចឈានទៅរក”បដិវត្តន៍​ដីធ្លី”ដូចប្រទេសមួយចំ​នួន​នៅលើ​ពិភព​លោក​។

លោកមានប្រសាសន៍ថា៖ “ការចុះបញ្ជីដីធ្លីក្នុងឆ្នាំ២០១៥សម្រេចបានជិត៣១ម៉ឺនប័ណ្ណ បើគិតចាប់ពី​ផ្តើមដំណើរកា​រលទ្ធ​ផលសរុបសម្រេចបានប្រមាណ៤លាន១៤ម៉ឺនក្បាលដីស្នើនឹង៥៩​ភាគរយនៃចំនួន​ក្បាល​ដី​ប៉ាន់ស្មានសរុបទូទាំងប្រទេស៧លានក្បាស់ដី។ ដោយឡែកការដោះស្រាយទំនាស់ដីធ្លីក្នុងឆ្នាំ២០១៥តាមគណៈកម្មការសុរិយោដីទាំងបីថ្នាក់បានបញ្ចប់នីតិវិធីនៃការសម្រុះសម្រួលសរុបបាន៦៣៧ករណីក្នុងនោះសម្រេចបានជោគជ័យ៣៧៦ករណីច្រានចោល១៩២ករណីនិងភាគីវិវាទសុំដកពាក្យបណ្តឹងវិ៦៩ករណី​”

មន្រ្តីសម្របសម្រួសគម្រោងកំណែទម្រង់ដីធ្លីនៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍​ថា​ការដោះស្រាយដីធ្លី​កន្លងទៅ​គឺ​”គ្មានតម្លាភាព”នោះទេ ដែល​លោក​ថា​ករណីភាគច្រើន គឺ​ពលរដ្ឋ​ខាតដី​។ លោកមានប្រសាសន៍ថា៖ បើនិយាយពីយន្តការនៃការដោះស្រាយហ្នឹង​គឺអត់ល្អតែម្តងគ្រា​​ន់តែបានថាដោះ​​ស្រាបញ្ចប់ តែបញ្ចប់ទាំងមិនល្អ បញ្ចប់ទាំងធ្វើឲ្យប្រជាពលរដ្ឋខាង់។ ហើយការដោះ​​ស្រាយវិវាទដីធ្លីនេះមិនមែនទៅលើតែមន្រ្តីរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ទេ​​គឺវា​​អា​​ស្រ័យទៅ​​លើថ្នាក់ដឹកនាំរដ្ឋាភិបាលនិងមន្រ្តីដែលពាក់ព័ន្ធនៅតាមមន្ទីក្រសួងនានា

គួរបញ្ជាក់ថា​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថារដ្ឋាភិបាល​បានដ​កហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញក្នុងចំណោមដីជាង២​លាន​ហិក​តា​ដែលរដ្ឋា​ភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។ លោក​បញ្ជាក់​ថា​តាមរយៈការធ្វើកំណែទម្រង់ឡើងវិញ​ពាក់ព័​ន្ធនឹ​ងបញ្ហាដី​សម្បទានសេដ្ឋកិច្ច រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានពិនិត្យមើលទៅលើ​ដីស​ម្បទា​ន​សេដ្ឋកិ​ច្ចរួចរាល់អស់ហើយ ទាំងផ្នែកកសិកម្ម និងផ្នែកបរិស្ថាន ដែលលោកថាមានផ្ទៃដីសរុបជាង​២លាន​ហិកតា។

លោកមានប្រសាសន៍ថា៖ “ក្នុងចំនួន២លានហិកតាជាងនេះ ឥឡូវបន្សល់ទុកឲ្យបន្តវិនិយោគតែ​១លាន៩ម៉ឺនហិ​កតា​ទេ ជិត១លា​​នហិកតាទៀតបានដកហូតយកមកវិញហើយ។ ហើយក្នុង១លាន​ហិកតានេះ​​ (ដែលបន្តឲ្យវិ​និយោគ) ភាគច្រើនគឺជាដីបានដាំដុះដំណាំកៅស៊ូ ឬក៏ដំណាំ​អីផ្សេងៗរួចស្រេ​ចទៅហើយ”

លោក ហ៊ុន សែន បន្តថាសម្រាប់ដីជាង១លានហិកតាដែលរដ្ឋាភិបាលបន្តឲ្យវិនិយោគនោះ ក្រុមហ៊ុនត្រូ​វធ្វើ​ការដោះ​ស្រា​យផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដោយលោកថារដ្ឋាភិបាលអាចនឹងបន្តដ​កហូ​ត​យក​​ដី​ទាំង​​នោះ​ទៅគ្រប់គ្រងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ