មេ​បក្ស​ប្រឆាំង​ថា​អ្នកនិយាយ​ពី​បដិវត្តន៍​មិន​គួរ​ត្រូ​វ​​កាត់ទោសនោះទេ

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​សរសេរ​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក​របស់​លោកថា​យុវជន គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល មិន​គួរ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​នោះទេ ដោយ​លោក​ចាត់ទុក​ថា​នេះ​គ្រាន់​តែ​ជា​ការបញ្ចេញ​មតិតែ​​ប៉ុណ្ណោះ។​

យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្ត​ន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ តុលាការ​នឹង​ប្រកាសសាលក្រមនៅថ្ងៃទី​១៥ខែ​មីនា ឆ្នាំ​​២០១៦ ក្រោយ​ពី​បើក​សវនការ​ជំនុំជម្រះកាលពីសប្តាហ៍មុន។​

លោក សម រង្ស៊ី បាន​សរសេរ​ថា៖ “​ការលើកឡើងពី”បដិវត្តន៍ពណ៌”ណាមួយមិនមែនជាកំហុសអ្វីឡើយ ហើយ​ក៏មិនត្រូវមានទោសអ្វីឡើយដែរ ដោយ​លោក​ថា​”បដិវត្តន៍ពណ៌”ទាំងឡាយដែលបានកើតមានឡើងក្នុងពិភ​ពលោកក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះគឺសុទ្ធតែជាការផ្លាស់ប្តូរនយោបាយ ដោយសន្តិវិធីទាំងអស់ ដោយគ្មានអំពើហិង្សាអ្វីឡើយហើយដោយគ្មានការញុះញង់ពីនរណាឡើយ”។ លោក​បញ្ជាក់​ថា៖ “ព្រឹត្តិការណ៍ទាំងអស់នោះគឺកើតចេញពីទឹកចិត្តប្រជារាស្ត្រទាំងមូលដែលស្រលាញ់សេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ”

សាររបស់លោក សម រង្ស៊ី បង្ហោះ​លើហ្វេសប៊ុក​របស់​លោក​
សាររបស់លោក សម រង្ស៊ី បង្ហោះ​លើហ្វេសប៊ុក​របស់​លោក​

លោក សម រង្ស៊ី បាន​លើក​ឧទាហរណ៍នៃ​បដិវត្តន៍មួយ​ចំនួន រួមមាន​បដិវត្តន៍ពណ៌លឿងនៅប្រទេសហ្វីលីពីន កាលពីឆ្នាំ១៩៨៦ បដិវត្តន៍ពណ៌ផ្កាកុលាបនៅប្រទេសហ្សកហ្ស៊ី កាលពីឆ្នាំ២០០៣ បដិវត្តន៍ពណ៌ទឹកក្រូចនៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០០៤និងបដិវត្ដន៍ពណ៌រមៀត ដឹកនាំដោយព្រះសង្ឃនៅប្រទេសមីយ៉ាន់ម៉ា​កាលពីឆ្នាំ២០០៧។ លោក សម រង្ស៊ី និយាយ​ថា៖ “តាមការពិតដែរ និស្សិតមួយរូបឈ្មោះ គង់ រ៉ៃយ៉ា នេះ គ្រាន់តែបានសម្តែងអំពីទឹកចិត្តរបស់យុវជនខ្មែររាប់លាននាក់និងរបស់ប្រជារាស្ត្រខ្មែរទាំងមូល”

កាលពីសប្តាហ៍មុន នៅ​ក្នុង​សវនការជំនុំជម្រះ លោក គង់ រ៉ៃយ៉ា​ បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​

នៅពេលសវនាការ​​ ចៅក្រមជំនុំជម្រះ​ លោក​ ហេង សុខណា បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់​ទងនឹងសារដែល​គាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែល​មានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមក៏​បាន​សួរថាតើជនជាប់ចោទបានយល់ពីអត្ថ​ន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះម​ហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។

ជាការឆ្លើយតប ជនជាប់ចោទ គង់ រ៉ៃយ៉ា ទទួលស្គាល់ថាពាក្យពេចន៍ទាំងនោះពិតជាមិនសមរម្យមែន ហើយយុវជនរូបនេះបានអះអាងថាខ្លួនក៏បានលុបសារទាំងនោះចេញពីទំព័រហ្វេសប៊ុកចេញវិញនៅ២ថ្ងៃបន្ទាប់ពីថ្ងៃដែលកាត់បានបង្ហោះ។ យុវជន គង់ រ៉ៃយ៉ា ក៏បញ្ជាក់ថាខ្លួនមិនបានយល់ច្បាស់ពីពាក្យបដិវត្តន៍ពណ៌នោះទេ។​

គង់ រ៉ៃយ៉ា អះអាងថា គ្រូរបស់​ខ្លួន​បាន​ពន្យល់​ថាបដិវត្តន៍ពណ៌ គឺជា​ការ​ប្រមូល​ផ្តុំ​កម្លាំង​ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី ពោល​គឺ​មាន​ន័យ​ប្រ​ហាក់ប្រហែល​នឹង​ពាក្យ​ថា​បាតុកម្ម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ