ពលរដ្ឋនៅសៀមរាបតវ៉ាប្រឆាំងការផ្លាស់ប្តូរដែនគ្រប់គ្រងរដ្ឋបាល

ប្រជាពលរដ្ឋនៅភូមិព្រៃគុយ សង្កាត់អំពិល ​ក្រុង​សៀម​រាប នាំគ្នាតវ៉ានៅព្រឹកថ្ងៃចន្ទនេះប្រឆាំងនឹង​ការកាត់ភូមិរបស់​ពួកគេដាក់ចូល​ទៅក្នុងការគ្រប់គ្រងរបស់សង្កាត់ផ្សេង ដោយ​​អះ​អាងថា​ប៉ះ​ពាល់​ដល់​ការ​រស់នៅរបស់អ្នកភូមិ។

ការតវ៉ានេះធ្វើឡើងក្រោយពេលអាជ្ញាធរមូលដ្ឋានសម្រេចកាត់ព្រំប្រទល់ដីស្ថិតនៅក្រុមទី១០នៃ​ភូមិ​ព្រៃគុយ ​សង្កាត់អំពិល ដាក់ចូលទៅក្នុង​ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប កាលពីដើមខែកុម្ភៈឆ្នាំ​២០​១៦​នេះ។

ប្រធានក្រុមទី១០នៃភូមិព្រៃគុយ លោក ហង្ស កុយ ប្រាប់VODនៅកន្លែងតវ៉ាថាអ្នកភូមិ​ចំនួន​៨៨គ្រួសារដែល​មានលិខិត​បញ្ជាក់​ទី​លំ​នៅនិង​ឯកសាររដ្ឋបាលផ្សេងទៀតបានដាក់ឈ្មោះថារស់នៅ​ភូមិព្រៃគុយ ស​ង្កា​ត់​អំ​ពិល​​​ រយៈពេល​ពី១០ឆ្នាំ​ទៅ២០​ឆ្នាំមកហើយ។ លោក​បន្ដថាពល​រដ្ឋ​​បានជំ​ទាស់នឹង​ការ​​កាត់ដីក្រុមទី១០ទៅបញ្ចូលជាមួយភូមិផ្សេងដោយបារម្ភខ្លាចបាត់បង់ដីធ្លីនិងទីជំរកជាពិ​សេស​​ប៉ះ​ពាល់​ដល់​លិ​ខិត​រដ្ឋបាល​ដែលពួកគាត់ប្រើប្រាស់រាល់ថ្ងៃ​។ លោកបន្ដថា៖ ព្រោះសៀវភៅគ្រួសា​រក៏នៅ​ព្រៃ​គុយ អត្ដសញ្ញាណបណ្ណក៏នៅ​ព្រៃ​គុយ ប័ណ្ណ​បោះ​ឆ្នោតក៏នៅព្រៃគុយ កូនសិក្សាក៏នៅភូមិ​ព្រៃគុយ​។​ ដល់ទៅខាង[ភូមិ]អញ្ចាញទៅដូច​ថា​វាឆ្ងា​យ។ ប្រជា​ជនកើតទុក្ខមិនសុខចិត្ដឡើង​មកដាក់ញត្ដិ​សូម​ឲ្យ​ខេត្ដក្រុងនេះជួយដោះស្រាយ

ក្រុមអ្នកតវ៉ាដោយមានលើកបដានិងរូបថតលោកនាយករដ្ឋមន្ដ្រីនិងភរិយាផងនោះឲ្យដឹងប្រហាក់ប្រហែល​គ្នាថាលិខិតសម្រេចការកាត់ដី​ភូមិព្រៃ​គុយ ស​ង្កា​ត់​អំ​ពិលបញ្ចូល​ទៅក្នុងការគ្រប់គ្រង​របស់​អាជ្ញាធរភូមិអញ្ចាញ សង្កាត់នគរធំ គឺចុះហត្ថលេខាដោយសមាជិកក្រុមប្រឹក្សាសង្កាត់មក​ពី​គ​ណ​​បក្សប្រជាជនកម្ពុជាឈ្មោះ ជា ឡាវ ខណៈចៅសង្កាត់មកពីគណបក្ស សម រង្ស៊ី កំពុងជាប់ពន្ធនាគារករណី​ចុះ​​ហត្ថលេខា​យល់ព្រមឲ្យពលរដ្ឋ​ទិញលក់ដីរបស់ពួកគេ​នៅក្នុងតំបន់​ហាមឃាត់របស់​អាជ្ញាធរជាតិអប្សរា។ ​ក្រុមអ្នកភូមិទទូចឲ្យអាជ្ញាធរ​ជាពិ​សេ​​ស​លោក​នាយករដ្ឋមន្ដ្រី​ផ្ដល់សិទ្ធិឲ្យពួកគាត់រស់នៅ​ក្នុងភូមិព្រៃ​គុយ​ដដែល។ ​ពលរដ្ឋបន្ដថា៖ “​គេផ្លាស់ប្ដូរ​ស្មើ​​និងគេ​ដេញយើងចេញយើងទៅខាងនោះយើងអត់មានសំអាង​​ខ្ញុំមានសៀវ​ភៅគ្រួសារនៅព្រៃគុយ ពួកខ្ញុំ​ទំាងអស់​គ្នាមិនព្រមទៅអញ្ចាញទេគឺនៅ​តែព្រៃគុយហ្នឹងឯងហើយ​កាត់នេះកាត់តែសាលាក្រុងទេ បើមេភូមិមិន​ទទួល​ស្គា​ល់ផងហើយយកទីណាឥឡូវហ្នឹងបើមិនថាជនអនាថា”។

VODមិនអាចទាក់ទងមន្រ្តីអាជ្ញាធរសង្កាត់អំពិល ក្រុងសៀមរាប ដើម្បីសាកសួរពីបញ្ហានេះបាននៅឡើយ​ទេ។

អ្នកនាំពាក្យនិងជាអភិបាលរងខេត្ដសៀមរាបលោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថាលោកជាប់​ប្រ​ជុំ​។

ទោះជាយ៉ាងណាមន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្ដសៀមរាបលោក សួ​ស ណារិន មានប្រសាសន៍ថាតាមការ​ស៊ើប​អង្កេតកន្លងមកដីពលរដ្ឋទាំងនោះមានលំនៅឋាន​ស្ថិតក្នុង​ដីបុរី​ទេស​ចរណ៍និងវប្ប​ធម៌ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លោកបន្ដថា​ការ​​ផ្លាស់ប្តូរ​ការ​គ្រប់​រដ្ឋបាលនេះធ្វើឲ្យអ្នកទាំងនោះបាត់បង់សិទ្ធិស្របច្បាប់ដែលត្រូវទទួលបានប្រាក់គោលនយោបាយបើមាន​ការ​​បណ្តេញចេញ ខណៈ​ពលរ​ដ្ឋ​នៅភូមិ​អញ្ចាញសង្កាត់នគរធំបានទទួលសំណងរួចហើយ។ លោក​បន្ថែមថា៖ ខ្ញុំសង្កេតឃើញទាំងតុលាការក្ដី​ទាំងអជ្ញាធរអប្សរាក្ដីតែង​ប្រើរូបភាពមួយគឺថាឲ្យ​ប្រជាពលរដ្ឋ​រស់នៅមែនប៉ុន្ដែមិនអាចសាងសង់អ្វីបានទាំងអស់។ ចឹងមានន័យថាបើគាត់ហ៊ានសាងសង់គាត់ត្រូវប្រឈមមុខផ្លូវច្បាប់គេប្ដឹងទៅតុលាការឲ្យរុះរើបណ្ដឹងចូលដល់ដីខ្ញុំពីបីហើយគឺតុលាការប្ដឹងឲ្យអប្សរាឈ្នះ​ឲ្យ​ពលរដ្ឋ​រើផ្ទះ​ចេញ​ហើយបង់លុយឲ្យអប្សរា។ ចឹងមូលហេតុដែលគាត់មិនចង់ទៅនៅភូមិអញ្ចាញហ្នឹងដោយ​សាគាត់ព្រួ​យបា​រម្ភដីធ្លីគាត់នឹងបាត់បង់

គួរបញ្ជាក់ថាកាលពីចុងឆ្នាំ២០១៥ចៅសង្កាត់អំពិលក្រុងសៀមរាបលោក ហ៊ាង សារី ​ត្រូវបាន​តុលា​ការ​​ឃុំខ្លួននៅពន្ធនាគារដោយចោទថាក្លែង​ឯកសារ​សា​ធារណៈ​លើលិខិតទិញលក់ដី​នៅក្នុងតំបន់​ហាម​​ឃា​ត់​របស់អាជ្ញាធរជាតិអប្សរាខណៈអាជ្ញាធរអះអាងថាដីនោះស្ថិតនៅភូមិអញ្ចាញ ក្នុងសង្កាត់នគរធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ