ស្ត្រីដែលអះអាងថាជាអតីតគូស្នេហ៍ថា សាន់ ពិសាល ប្រឈមឡើងតុលាការមុននាង

លោក សាន់ ពិសាល និង​នារី​ដែល​អះអាង​ថា​ជា​អតីត​គូ​ស្នេហ៍​ (រូប​លោក សាន់ ពិសាល បាន​ពីហ្វេសប៊ុក)

បើទោះជាពិធីករល្បីឈ្មោះលោក សាន់ ពិសាល បានអះអាងថាខ្លួននឹងដាក់បណ្ដឹងទៅលើអតីតគូស្នេហ៍គឺនាង សេង រ៉ាវី ពីបទគំរាមកំហែងទារប្រាក់ និងពីបទបរិហាកេរ្តិ៍ក៏ដោយ ក៏ពាក្យបណ្ដឹងនោះត្រូវបានភាគីគូជម្លោះអះអាងថា មិនទាន់ធ្លាក់ដល់ដៃតុលាការនោះឡើយ។ ជាមួយគ្នានោះ នាងបែរជាថ្លែងប្រាប់ថា ពិធីករប៉ុស្តិ៍ហង្សមាសរូបនេះនឹងឡើងតុលាការលើករណីប្ដឹងរបស់នាងជាមុនច្រើនជាង។

នាង សេង រ៉ាវី វ័យ២៨ឆ្នាំ បានអះអាងថា លោក សាន់ ពិសាល មិនត្រឹមតែមិនអាចទាមទារជំងឺចិត្តពីការបកអាក្រាតរបស់នាងនៅលើហ្វេសប៊ុកប៉ុណ្ណោះទេ ប៉ុន្តែក៏ទំនងនឹងត្រូវនាងប្ដឹងទារសំណងពីបទចោទប្រកាន់មួយចំនួន ដែលធ្លាប់បានបង្កមកលើរូបនាងផងដែរ។ នាងថា ក្រោយការពិភាក្សាជាមួយមេធាវី គឺនាងនឹងដាក់ពាក្យបណ្ដឹងធំមួយ អមដោយភស្ដុតាងមួយចំនួន ចោទប្រកាន់ទៅលើពិធីករហង្សមាសរូបនេះថា ឆបោក កិបកេង រំលោភលើសេចក្ដីទុកចិត្ត និងករណីដែលបានបំផ្លើសថានាងមិនធ្លាប់រួមរស់ជាប្ដីប្រពន្ធជាដើម។ នាងថា អ្វីដែលសាន់ ពិសាល ច្រានចោលគឺជាការគេចវេសមិនចង់សងបំណុលនាង ដែលនាងថាបានជំពាក់ជំពិនក្នុងពេលសុំខ្ចីនៅមុនបែកគ្នា។

នាង សេង រ៉ាវី អះអាងថាដែរថា ចំពោះរឿងរួមរស់ជាប្ដីប្រពន្ធគឺអ្នកនៅម្ដុំគៀនស្វាយ នៅម្ដុំផ្ទះជួលបើកហាងជិតផ្សារទួលទំពូង និងតារាសិល្បៈមួយចំនួនគឺសុទ្ធតែធ្វើសាក្សីបាន។ នាងថា សាន់ ពិសាល បានរៀនបញ្ចប់មហាវិទ្យាល័យ និងមានជីវភាពល្អប្រសើររហូតជោគជ័យសិល្បៈ ដោយសារប្រាក់កាស និងញើសឈាមរបស់នាង ប៉ុន្តែចុងក្រោយគឺលោកបែរជាយកចំណេះដឹង និងឱកាសទាំងនោះមកខាំនាងវិញ។ នាងបានប្រកាសស្វាគមន៍ចំពោះសាលដីកាកោះហៅរបស់តុលាការជុំវិញពាក្យបណ្ដឹងរបស់លោក សាន់ ពិសាល ដោយនាងបានចាត់ទុកថាអ្វីដែល សាន់ ពិសាល លើកឡើងគឺគ្រាន់តែជាការបង្អើលពស់ឲ្យភ័យប៉ុណ្ណោះ។ បន្ថែមពីនោះនាងក៏បានបង្ហើបថា រូបលោកសាន់ ពិសាលវិញទេដែលនឹងត្រូវតុលាការកោះហៅមុខ យោងតាមពាក្យបណ្ដឹងដែលនាងសម្រេចចាត់ការ។

សេង រ៉ាវី បានថ្លែងប្រាប់VOD កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈថា៖ “វា(សាន់ ពិសាល) ប្ដឹងអី ខ្ញុំស៊ើបហើយវាបានតែកំឡាទេ ប៉ុន្តែខ្ញុំបានធ្វើមែនទែន។ ចាំមើលតើវាធ្វើមុខយ៉ាងម៉េចពេលខ្ញុំប្ដឹងឡើងតុលាការ”។ យ៉ាងណាក៏ដោយ នាងបានបដិសេធបញ្ជាក់លម្អិតពីព័ត៌មានពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ខ្លួន ដោយសូម្បីតែពេលណាថ្ងៃណាទើបយកពាក្យប្ដឹងទៅដាក់តុលាការក៏សុំមិនទាន់ប្រាប់។

លោក សាន់ ពិសាល និង​នាង សេង រ៉ាវី ដែល​អះអាង​ថា​ជា​អតីត​គូ​ស្នេហ៍​ កាល​ពី​នៅ​ត្រូវ​គ្នា (រូប​ពី​ហ្វេសប៊ុក​)
លោក សាន់ ពិសាល និង​នាង សេង រ៉ាវី ដែល​អះអាង​ថា​ជា​អតីត​គូ​ស្នេហ៍​ កាល​ពី​នៅ​ត្រូវ​គ្នា (រូប​ពី​ហ្វេសប៊ុក​)

យោងតាមការសម្ភាសន៍ដោយផ្ទាល់ដែលនាងធ្លាប់ប្រាប់គឺថាលោក សាន់ ពិសាល គឺមិនមែនប្រឈមនឹងតែបណ្ដឹងរបស់នាងម្នាក់ឯងនោះទេ ដោយនាងអះអាងថា សូម្បីតែភាគខាងមេតុងទីន ក៏ប្រកាសពីការចេញប្ដឹងនោះដែរ បើលោកនៅតែរលាស់ខ្លួនមិនព្រមសង់ប្រាក់ជំពាក់តាមការទាមទារ។ នាងថា សាន់ ពិសាល នឹងត្រូវចោទប្រកាន់លើករណីច្រើនយ៉ាង ប៉ុន្តែនៅមិនទាន់ច្បាស់ថាបណ្ដឹងដែលនាងសម្រេចចិត្តគ្រោងប្ដឹងនឹងបានជោគជ័យកម្រិតណានោះទេ។ នាងនិយាយថា៖ “ឥឡូវខ្ញុំអត់ទាន់ចង់និយាយទេ ប៉ុន្តែខ្ញុំនឹងធ្វើឲ្យវាឡើងតុលាការម្ដង ព្រោះវាដឹងហើយថាកន្លងមកវាធ្វើអីមកលើខ្ញុំខ្លះ”

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក សាន់ ពិសាល បាននៅឡើយទេ ដោយលេខទូរស័ព្ទរបស់លោកដែលធ្លាប់ទាក់ទងបាន ស្រាប់តែលែងដំណើរការក្នុងប៉ុន្មានថ្ងៃនេះ។ យ៉ាងណាមិញ លោកធ្លាប់ប្រាប់ថា នាងសេង រ៉ាវី គ្រាន់តែជាអ្នកស្គាល់គ្នា និងក្រោយមកក៏មានចិត្តច្រណែនពេលលោកភពប្រសព្វជាមួយតួឯកស្រីក្នុងរឿង «រនាតស្នេហ៍» ឈ្មោះនាង ម៉ម ស្រីពៅ ដោយយកគ្នាធ្វើជាប្ដីប្រពន្ធប៉ុណ្ណោះ។ លោកថានាង សេង រ៉ាវី មិនធ្លាប់រួមរស់ជាមួយលោកដូចអ្វីដែលនាងលើកឡើងនោះឡើយ ហើយលោកក៏រឹតតែមិនធ្លាប់ពាក់ព័ន្ធនឹងរឿងលុយកាក់ជាមួយនាងទៅទៀត។ លោកបានហៅការបង្ហោះសារនៅលើបណ្ដាញហ្វេសប៊ុករបស់នាង សេង រ៉ាវី ថាជាការបង្ខូចឈ្មោះរបស់លោក និងការថ្លែងប្រាប់សារព័ត៌មានថាជាការបំផ្លើស ហើយលោកសម្រេចដាក់ពាក្យបណ្ដឹងទាមទារជំងឺចិត្តចំនួន៥ពាន់ដុល្លារក្នុងពេលខាងមុខ។

លោក សាន់ ពិសាល ក៏បានលើកឡើងក្នុងពេលទាក់ទងសម្ភាសន៍បាននោះថា៖ “គាត់គ្រាន់តែស្គាល់ខ្ញុំទេ ហើយគាត់ច្រណែនខ្ញុំពេលខ្ញុំមានប្រពន្ធមានកូន ដោយចេះតែបង្ហោះមិនពិតពីខ្ញុំ និងខលមកទារលុយខ្ញុំទាំងខ្ញុំមិនដែលដឹងថាខ្លួនឯងធ្លាប់ពាក់ព័ន្ធលុយគាត់ពីពេលណា។ ខ្ញុំសុំបញ្ជាក់ទៅគាត់ថា បើគាត់មិនធ្វើការសុំទោសខ្ញុំជាសាធារណៈទេ ខ្ញុំអត់ឲ្យរួចខ្លួនទេ គឺខ្ញុំនឹងប្ដឹងគាត់ទៅតុលាការ និងតម្រូវឲ្យសង៥ពាន់ដុល្លារ”

យ៉ាងណាក៏ដោយ នាងសេង រ៉ាវី បានអះអាងថា ក្រៅពីអត់សុំទោស ខ្លួនក៏អត់មានគម្រោងលែងប្ដឹងនោះដែរ និងបានបញ្ជាក់ថានាងធ្វើដើម្បីកុំឲ្យមនុស្សផ្សេងទៀតជាពិសេសស្រីចាញ់បោកពិធីកររូបនេះដូចនាង។

យោងតាមការបញ្ជាក់របស់ សេង រ៉ាវី គឺនាង និងលោកសាន់ ពិសាល បានរួមរស់ជាប្ដីប្រពន្ធនឹងគ្នាតាំងពីឆ្នាំ២០០៨ ដោយបានបែកគ្នាកាលពីអំឡុងឆ្នាំ២០១៥មុននេះ។ នាងអះអាងថា ខ្លួនបានប្រមូលប្រាក់ប្រមាណជា៧ទៅ៨ម៉ឺនដុល្លារ ពេលចុះចេញពីក្រុមគ្រួសារ និងគូដណ្ដឹងនៅអាមេរិក មករួមរស់ជាមួយពិធីកររូបនេះ ដោយនាងថាបានជួយឲ្យ សាន់ ពិសាល រៀនចប់បរិញ្ញាបត្រផ្នែកច្បាប់ មានផ្ទះរស់នៅស្អាត មានមុខរបររកស៊ី និងមានរថយន្តជិះ ដោយនាងថាដែលអ្វីដែលនាងផ្ដល់ឲ្យគឺបានជួយឲ្យលោកជោគជ័យ និងទទួលបានការចាប់អារម្មណ៍ក្នុងអាជីពសិល្បៈមកដល់បច្ចុប្បន្ន។

នាងអះអាងទៀតថា ខ្លួនបានប្រគល់ជាង១ម៉ឺនចុងក្រោយឲ្យបុរសរូបនេះ ថតបញ្ចប់រឿង «រនាតស្នេហ៍» ដែលកំពុងបញ្ចាំងនៅCTN ប៉ុន្តែនាងថា ចុងក្រោយលោកបែរជាលួចទាក់ទងជាមួយតួស្រីរហូតមានកូន(កូនស្រី) ហើយបោះបង់នាង។ នាងថា អ្វីៗបានចប់ស្ងប់ស្ងាត់តាំងពីពេលបែកគ្នាប្រមាណ១ឆ្នាំមុនម្ល៉េះ ប៉ុន្តែថា ដោយសារតែ សាន់ ពិសាល បានបង្ខំឲ្យនាងទទួលខុសត្រូវរឿងតុងទីនក្នុងពេលអ្នកទាំងពីរលេងពេលត្រូវគ្នា កាលពីជាងមួយអាទិត្យមុន ទើបបណ្ដាលឲ្យនាងបង្ហោះបើកកកាយរឿងនេះយ៉ាងចាស់ដៃនៅលើហ្វេសប៊ុក ធ្វើឲ្យលោក សាន់ ពិសាល ប្រកាសប្ដឹងផ្ដល់។ យ៉ាងណាក៏ដោយ អ្វីដែលនាងលើកឡើងត្រូវបានពិធីករ សាន់ ពិសាល ច្រានចោលថាជារឿងបំផ្លើស ដោយលោកថាព្រោះតែភាពឈ្នានីសប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ