ម្តាយទណ្ឌិត​ស្លាប់ក្នុងពន្ធនាគាររៀបចំ​ពាក្យ​បណ្តឹង​ដាក់ទៅតុលាការ

លោក តូច វណ្ណារ៉េត ដែលត្រូវបានផ្ទះចងកស្លាប់កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦។ សមត្ថកិច្ច​អះអាង​ថា​ទណ្ឌិតនោះធ្វើអត្តឃាតតែ​ក្រុមគ្រួសារ​ថាជាឃាតកម្ម​(រូបថតពីសមាគមអាដហុក)

ម្តាយ​របស់​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់  បាន​រៀប​ចំពាក្យ​បណ្តឹង​​មួយ​ដាក់​ទៅ​តុលាការ​ខេត្ត​ពោធិ៍សាត់ ​ស្នើ​ឲ្យ​ស៊ើបអង្កេត​ករណី​កូន​ស្លាប់​ ដោយ​ថា​នេះ​ជា​ករណីឃាតកម្ម មិន​មែន​ចង​ក​សម្លាប់​ខ្លួននោះ​ទេ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

នៅក្នុង​ពាក្យ​បណ្តឹង​មួយ​ដែល​ក្រុមគ្រួសារ​ត្រៀម​ដាក់ទៅព្រះរាជអាជ្ញា​អម​សាលា​ដំបូងខេត្ត​ពោធិ៍សាត់ អ្នក​ស្រី រិន វណ្ណនី ដែល​ត្រូវ​ជា​ម្តាយ​ជនរងគ្រោះ អាយុ​៦៣ឆ្នាំ បាន​លើក​ឡើង​ថាកូនប្រុស​របស់អ្នកស្រី​ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃទី​១ខែឧសភា ឆ្នាំ​២០១៤ និង​ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​៣ឆ្នាំ​ពី​បទ​ជួញ​ដូរ​ដោយខុសច្បាប់​នូវសាធារធាតុញៀន។ អ្នក​ស្រី​បន្ត​ថា​កូនប្រុស​ត្រូវបានឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ​​បន្ទាប់​មក​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំកែ​ប្រែ​ទី​៤នៅខេត្ត​ពោធិ៍សាត់។​

ពាក្យ​បណ្តឹង​បញ្ជាក់ថា៖ “​ការ​រស់​នៅក្នុង​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​៤…កូន​ខ្ញុំ​បាន​ត្អូញ​ត្អែ​រ​ពី​ការវាយធ្វើបាប​យ៉ា​ងខ្លាំង​នៅ​ក្នុងពន្ធនាគារ​ហើយ​នៅ​ម៉ោង​៦ល្ងាច​ថ្ងៃទី​៣១​ខែ​មករា ឆ្នាំ​២០១៦ បាន​ហៅ​ទូស័ព្ទ​មក​បង​ប្រុស​ឈ្មោះ តូច វណ្ណារ៉ា ប្រាប់​ឲ្យ​ខ្ញុំព្រឹក​ឡើង​ជិះ​ឡាន​ឈ្នួល​យក​លុយ​ទៅឲ្យ​៥០ដុល្លារ ដើម្បី​ប្តូរ​បន្ទប់​រស់​នៅ​ក្នុងពន្ធនាគារ​នោះ ដោយ​វា​ទ្រាំ​នឹង​ការ​វាយ​ធ្វើ​ទារុណកម្ម​មិន​បាន”។​

ពាក្យ​បណ្តឹង​បន្ថែម​​ថា៖ “​តាម​ការ​ពិនិត្យ​​សាកសព​ នាង​ខ្ញុំ​សង្កេត​ឃើញ​ថា​កូន​ត្រូវ​គេ​វាយ​ធ្វើ​ទារុណ​កម្ម​ ព្រោះ​នៅ​លើ​ស្មា​ផ្នែក​ខាង​ក្រោយ​មាន​ស្នាម​​ជាំ​ខ្មៅ ជើង​ទាំង​ពីរ​របស់​សាក​សព​ជាំនិង​នៅ​លើ​កញ្ចឹង​ក ផ្នែក​ខាង​ធ្វេង​មាន​ដាច់​រលាត់​ខុស​ធម្មតា​ ក​ឡើ​ង​ទន់​ដូច​ជា​បាក់​”។​

អ្នក​ស្រី​បាន​ស្នើ​ឲ្យ​តុលាការ​ជួយ​រក​មុខ​អ្នក​ប្រព្រឹត្ត​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​និង​ទាម​ទារ​សំណង​ចំនួន​២០លាន​​រៀល​​។​

អ្នក​ស្រី រិន វណ្ណី ប្រាប់វីអូឌីនៅថ្ងៃ​ចន្ទនេះ​ថា​អ្នក​ស្រី​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។ អ្នក​ស្រីបន្តថា​អ្នក​ស្រី​ក៏​បាន​ស្នើ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​លី​កា​ដូ​ជួយ​អន្តរាគមន៍​ករណីនេះ​ផងដែរ​។​

អ្នកស្រី​មានប្រសាសន៍ថា៖ “ខ្ញុំចង់ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ ព្រោះ​កូនខ្ញុំ​មិន​មែន​ស្លាប់​ដោយ​ចង​ក​ទេ គឺ​ស្លាប់​ដោយ​ឃាតកម្ម​សុទ្ធសាធ”។​

ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា​អង្គ​ការ​នឹង​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​និងពាក្យ​ស្នើ​សុំជំនួយ ហើយ​នឹង​ឆ្លើយ​តប​នៅពេលក្រោយ។​

លោក តូច​ វណ្ណារ៉ា ដែលត្រូវ​ជា​បងប្រុស​បង្កើត​របស់​ជនរងគ្រោះបានប្រាប់វីអូឌីថាមុន​ពេលស្លាប់ ប្អូនប្រុសរបស់លោក​បាន​ហៅទូរស័ព្ទមក​រូប​លោក​គឺនៅល្ងាចម៉ោង​ប្រមាណ​៦ ថ្ងៃទី​៣១ខែមករា ដោយ​សុំលុយ៥០ដុល្លារដើម្បីដូរបន្ទប់។ លោក​បន្តថា​ប្អូនប្រុសប្រាប់ថា​មានគេធ្វើបាបនិង​វាយ​របួសកញ្ចឹង​​ក ដូច្នេះសុំ​លុយដូរបន្ទប់។​​ លោកមានប្រសាសន៍ថា៖ “និយាយថាគេ(អ្នកជាប់ពន្ធនាគារដូចគ្នា​)ធ្វើបាបវាខ្លាំង​​ណាស់ ធ្វើទារុណកម្មវា ហើយដល់ពេលដូរបន្តប់ គេយក​៥០រៀល(ដុល្លារ) ហើយ​ឲ្យខ្ញុំ​​ពីរនាក់ម៉ែខ្ញុំឡើងឡានទៅឲ្យលឿន ថាវាទ្រាំអត់បានគេវាយធ្វើបាបវា​”

លោក​ តូច វណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា​លោក​បានប្រាប់ទៅប្អូនប្រុសវិញថាគ្រួសារ​​មិនអាច​ទៅភ្លាមៗនោះទេហើយថា​​មិន​ទាន់ហ៊ានសន្យា​ដោយ​សារនៅឆ្ងាយ​និង​​​អត់លុយ​​។ លោក​ប្រាកដ​ថាការស្លាប់​នេះ​ជា​ករណីការ​វា​យធ្វើបាបដល់​ស្លាប់។ លោក​មានប្រសាសន៍ថា៖ “មិនមែនសម្លាប់ខ្លួន បើ​សម្លាប់ខ្លួន មានអីចង់ដូរបន្ទប់។ ​អត់ទេ អត់​មានអន់ចិត្តទេ មែនរឿងអត់ចិត្តទៅសម្លាប់ខ្លួនទេ។ គេធ្វើបាបគាត់ ខ្ញុំ​ហ៊ានយកជីវិតមកធានា ប្អូនខ្ញុំចង់​រ​ស់ និយាយ​ត្រង់”។​

ប្រធានមណ្ឌលអប់រំកែ​ប្រែទី៤ដែល​ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ​ខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ធ្លាប់​​បានបដិសេធ​នឹង​ការលើកឡើងថា​មាន​ការ​ធ្វើ​ទារុណកម្ម​ទៅលើទណ្ឌិតមុនពេលស្លាប់នោះទេ។ លោក​ក៏បានច្រានចោលព័ត៌មានថា​មានការ​បង់លុយ​៥០ដុល្លារ​សម្រាប់​ការប្តូរបន្ទប់​។ លោក​ចាត់ទុក​ការអះអាង​នេះ​ជា​រឿងបំផ្លើស​របស់​ទណ្ឌិត។​ លោក​មានប្រសាសន៍ថា៖“គ្មានការធ្វើទារុណកម្មទេ។ រាល់ទណ្ឌិ​តទាំងអស់ដែលខ្ញុំធ្លាប់មានបទពិសោធន៍បួនប្រាំពន្ធនាគារហើយ។ ពួកនេះវាមានល្បិចវាច្រើនណាស់។ វាទារលុយទៅគ្រួសារវា តិចទារ​ តិចទារ ដល់ពេល​ទារពេកទៅ គ្រួសារអត់ឲ្យ ដល់អត់ វាបំប៉ោងព័ត៌មាន ដើម្បី​ឲ្យ​គ្រួសារផ្ញើលុយឲ្យ​”។​ លោក​បដិសេធមិនអត្ថាធិប្បាយ​ថា​តើជនរងគ្រោះមានរបួសកនិងស្មា​មុន​ពេលស្លាប់ ដោយ​បង្វែរសំណួរទៅក្រុមស៊ើបអង្កេត។​ ប្រធានមណ្ឌលកែប្រែ​រូបនេះ​ធ្លាប់ប្រាប់វីអូឌីថាទណ្ឌិត​មានជម្លោះតិចតួចជាមួយ​អ្នក​ជាប់ពន្ធនាគារដូចគ្នា។

នាយរងការិយាល័យ​បច្ចេកទេសវិទ្យាសាស្រ្ត​ លោក ថាច់ ទីន ដែលចូលរួមការ​ស៊ើបអង្កេត​នេះ ធ្លាប់​បាន​បដិសេធ​មិន​អត្ថាធិប្បាយបន្តនៅពេលសួរ​រឿងពីរបួសស្នាមលើសាកសព ដោយ​ថា​លោកបានសំណុំរឿងនេះ​ទៅ​តុលា​​ការ។ លោក​បញ្ជាក់ថា៖ “ឥឡូវហ្នឹង ខ្ញុំបានបញ្ជូនទៅតុលាការហើយ ចង់ដឹងចង់អីទៅសួរព្រះរាជអាជ្ញា។ បើចង់ដឹងអី ផុតពីដៃខ្ញុំហើយ ខ្ញុំមិនអាចបកស្រាយបានទៀតទេ”

បើតាមរបាយការណ៍​របស់សមត្ថកិច្ច​ដែលវីអូឌីទទួលបាន ទណ្ឌិត​បាន​ចងកនឹង​ចំរឹង​ដែក(ខ្យល់ចេញចូល) ដែលមាន​កម្ពស់​​​ប្រវែង​១,៨០​ម៉ែត្រ​មក​ដល់ផ្ទៃចាក់សាប។ របាយការណ៍​បញ្ជាក់​ថា​ទណ្ឌិត​បាន​ចងក​នឹង​កន្សែង​ពណ៌​​​ត្រួយ​ចេក​ប្រវែង​១,៦៦ម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ