អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច

ទីប្រឹក្សា​អង្គ​ការ​ខុ​មហ្វ្រែល លោក គល់ បញ្ញា។

អង្គការឃ្លាំមើលការបោះឆ្នោតមួយអះអាងថាប្រជាធិបតេយ្យនៅ​កម្ពុជា​​កំពុងរងការគំរាមកំ​ហែងពី​គណ​​បក្ស​​​​​​​កំពុង​គ្រប់គ្រងអំណាចដូចជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងលើបក្សប្រឆាំង​ និង​ការប្រើអំណាចរដ្ឋាភិបាល រំលោ​ភ​លើ​ស្ថាប័នជាតិកំ​​​​ពូ​​​​​លៗ​​រួមមានរដ្ឋសភានិងតុលាការជាដើម។​

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៩ខែមីនានេះនាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល  លោក គល់ បញ្ញា ថ្លែងថាតាមរបាយការណ៍អង្គេតប្រចាំឆ្នាំលោក​ថាប្រជាធិ​បតេយ្យនៅកម្ពុជាកំពុងគំរាម​កំហែងធ្ងន់ធ្ងរពីគណ​បក្សកំ​ពុងគ្រ​ប់គ្រង​អំណា​ច​។

លោកបន្តថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើការប្រជាធិបតេយ្យនៅកម្ពុជាដោយសារការ​បង្ក្រាប​ដោ​យ​រាជ​រដ្ឋាភិបាលនិងការធ្វើទុក្ខបុកម្នេញ ការវាយប្រហារហិង្សាប្រ​ឆាំងនឹងអ្នកតំណាងរាស្ត្រ និង​ការចាប់​ដាក់ពន្ធនាគារ លើសមាជិកព្រឹទ្ធសភានិងសកម្មជននៃបក្សប្រឆាំង នេះជាការព្រួយបារម្ភធ្ងន់ធ្ងរទៅលើដំ​ណើ​រ​ការប្រជាធិបតេ្យនៅកម្ពុជា”។

លោក គល់ បញ្ញា ឲ្យដឹងទៀតថាប្រជាធិបតេយ្យមិនមែនមានន័យថាគ្រាន់តែបោះឆ្នោតដោយសេរី ត្រឹម​​ត្រូវ និងយុត្តិធម៌ហើយចប់នោះទេ  តែលោកថារដ្ឋាភិបាលត្រូវធានាពីសិទ្ធិសេរីភាពបញ្ចេញមតិ សេរី​ភាព​ប​ង្កើ​​​​​ត​ស​​មាគម​ ពិសេសលោកថា មន្ត្រីបក្សប្រឆាំងដើរតួនា​ទីសំខាន់ក្នុងការជំរុញឲ្យមានការតស៊ូមតិ តែ​លោ​ក​ថាសេ​​​រីភាព​ទាំងនោះត្រូវបានបង្ក្រាប។

មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថាក្រៅពីប្រើអាជ្ញាធររដ្ឋគំរាមកំហែងលើមន្ត្រីបក្សប្រឆាំង លោកថារដ្ឋា​​ភិ​​បាលភិបាល​ក៏បានធ្វើច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលដែលលោកថាជាឧប​ករណ៍ស​ម្រា​ប់រ​​​ដ្ឋាភិ​បាលកម្រិតសិទ្ធិអង្គការ​សង្គមស៊ីវិលណាដែលហ៊ានរិះគន់ពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល។

ជាងនេះទៀតមន្ត្រីសម្របសម្រួលជាន់ខ្ពស់របស់អង្គការនេះគឺលោក គឹម ឈន លើកឡើងដែរថាដំណើ​រការប្រ​​ជា​ធិបតេយ្យនៅ​កម្ពុជានឹងគ្រោះថ្នាក់ជាងនេះទៀតបើសេរីភាពបញ្ចេញមតិតាមប​ណ្តាញសង្គម​របស់យុ​វជនដែលលោកថា​បានចូលរួមបញ្ចេ​ញម​តិយ៉ាង​សកម្ម​នោះ​ត្រូវបាន​រដ្ឋាភិបាល​រឹតបន្តឹង​ទៀត​នោះ។

លោកបន្ថែមថា៖ “បើសិនជារដ្ឋយកប្រព័ន្ធអ្នកប្រើប្រាស់បណ្តាញសង្គមនេះធ្វើបញ្ហាចំបងទៅ​លើការ​​រិតត្បិត​សេរីភា​ពហ្នឹង អញ្ចឹងអាការចូលរួមក្នុងការបញ្ចេញមតិហ្នឹង ការចូលរួមផ្តល់យោប​ល់តាមរ​យៈប្រព័ន្ធប​ណ្តា​ញស​ង្គមអីហ្នឹង គឺថាវាអាចធ្វើឲ្យមានការរួមតូច”។

ក្រៅពីធ្វើសន្និសិទ អង្គការខុមហ្វ្រែលបានចេញរបាយការណ៍អង្កេតពីរដាក់ដោយឡែកពីគ្នា គឺរបា​យការ​ណ៍​​​​​ស្តីពីការឃ្លាំមើលដំណើរការប្រជាធិបតេយ្យ និងរបាយការណ៍អង្កេតស្តី​ពីភាពមិន​ប្រក្រតី​និង​អំពើពុករ​លួយ​ផ្នែកនយោបាយ។

របាយការណ៍បង្ហាញថា នៅឆ្នាំ២០១៥អំពើពុករលួយផ្នែកនយោបាយមាន២៩៧ករណី ចំនួន​​នេះខុម​ហ្វ្រែល​ថា បានកើនឡើង៨០ករណីបើប្រៀបធៀបនឹងឆ្នាំ២០១៤។ ក្នុង​នោះ​​១៣​​​៥​​​​ក​​រណីអង្គការ​នោះអះ​អាងថាទាក់ទិន​នឹងភាពមិនប្រក្រតីនៃសំណូកនិងកា​រកិប​កេងប្រ​ព្រឹត្ត​​ដោ​​​យ​មន្ត្រី​សា​​ធា​រណៈ។​ ១៣៣​ករណីពាក់ព័ន្ធការប្រើប្រាស់​ធនធានរដ្ឋមានទាំងធនធានមនុស្សនិងស​ម្ការ​ស​ម្រា​ប់បំរើជា​ប្រយោជន៍​នយោបាយដល់បក្ស​កាន់អំណាច។ ១១ករណីទាក់ទិននឹង​ការរំលោ​​ភអំណា​​ចធ្ងន់​​​​​​ធ្ង​​​រ​ប្រព្រឹត្តដោយថ្នាក់ដឹក​នាំ​រដ្ឋាភិបាលទៅលើស្ថាប័នរដ្ឋសភានិងតុលាការ។

អង្គការខុមហ្វ្រែលលើកឡើងទៀតថាការដកអភ័យឯកសិទ្ធិស​មាជិកព្រឹទ្ធស​ភា  លោក ហុង សុខហួរ និងដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី ម​ន្ត្រីស​ង្គ​មស៊ី​វិលថាធ្វើឡើងខុសរដ្ឋធម្មនុញ្ញដោយមិនបាន​អនុឡោម​ទៅ​តាមសំឡេង២ភាគ៣នោះទេ។ ខុមហ្រ្វែល ក៏កត់សំគាល់ទៀតថាការដកតំណែងលោក កឹម សុ​ខា ពីអនុប្រធានទី១នៃរដ្ឋសភាគឺបានធ្វើឡើង​ក្រោយពីមាន​ការ​​​ប្រ​​តិក​​ម្មពីនាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលរបាយការណ៍និងការលើ​កឡើ​ង របស់អង្គការខុមហ្វ្រែលដោយអះអាងថាចំណាត់ការកន្លងទៅលើមន្ត្រីបក្សប្រឆាំង លោកថាជា​​វិធា​​​​ន​​ការច្បាប់។

អ្នកនាំពាក្យគណបក្សកំពុងគ្រប់គ្រងអំណាចរូបនោះបានវាយបកវិញថារបាយការណ៍របស់ខុមហ្វ្រែលហាក់គាំទ្រទៅលើ​សកម្មភាពរបស់គណបក្សប្រឆាំង។ លោកថា៖ “ឯកឧត្តម ហុង សុខហួរ គាត់ល្មើសច្បាប់ហើយប្រព្រឹត្តជាក់ស្តែង អាហ្នឹងត្រូវតែមានវិធានការផ្លូវច្បាប់បាទ។ អញ្ចឹងទេអត់មានទៅគំរាមកំហែងអីយកប្រព័ន្ធតុលាការទៅរំលោភច្បាប់អីទេ អត់ទេ ធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ដើ​ម្បីធ្វើយ៉ាងណាឲ្យប្រ​ទេសកម្ពុ​ជាទៅជានីតិរដ្ឋ”។

ទោះជាយ៉ាងណាអង្គការឃ្លាំមើលការបោះឆ្នោតមួយនោះបានទទួលស្គាល់ថាកន្លងទៅរដ្ឋាភិបាល​បាន​​ធ្វើកំ​ណែទម្រង់ខ្លះរួម​ទាំងធ្វើកំណែទម្រង់ស្ថាប័នជាតិរៀបចំការបោះឆ្នោត គជប ដើម្បីឆ្លើ​យត​ប​​នឹ​ង​​តម្រូ​វការនិងការព្រួយបារម្ភរបស់​ប្រជាពលរដ្ឋ។

ប៉ុន្តែ​ខុមហ្វែលថាកំណែទម្រង់នោះមិនឆ្លើយ​តបទៅ​នឹង​បញ្ហាប្រឈមរបស់ពលរដ្ឋនិងគោល​ការណ៍​កា​​រ​លិ​​​​​ទ្ធិប្រជា​ធិបតេយ្យទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ