បក្ស​ប្រឆាំង​ស្នើ​ក្រសួង​មហាផ្ទៃ​ការពារសុវត្ថិភាព ក្រោយ​ដឹង​ពីគម្រោងតវ៉ា​របស់ក្រុមយុវជន​

គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹង​ថា​យុវ​ជន ស្រី  ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បក​ស្រា​​យ​រឿ​ងការ​ចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅ​​ផ្ទះ​របស់​​​លោក កឹម សុខា នៅរសៀល​ថ្ងៃអង្គា​រនេះ​។

លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន  អះ​អាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញ​ត្តិ​ពីមុខរដ្ឋស​ភាទៅ​ដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួច​បន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅ​ទួល​គោក​។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែ​ញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាម​លទ្ធភា​ពដែ​​ល​មាន។

អ្នកនាំពាក្យ​គណបក្សសង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់វីអូឌីថាកាលពីថ្ងៃចន្ទ គណប​ក្សបា​នដាក់​លិខិត​ទៅក្រសួងមហាផ្ទៃឲ្យជួយការពារសុវត្ថិភាពថ្នាក់ដឹកនាំ​នៅទីកន្លែងដែលក្រុមយុវជនគ្រោង​តវ៉ា។ ​លោ​ក​បន្ត​ថាការហែញត្តិ​គឺជាសិទ្ធិ​របស់យុវជនទាំងនោះ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា​ក្រសួង​បាន​ទទួល​លិខិតរបស់គណបក្ស​សង្រ្គោះជាតិ​រួចហើយ តែ​លោកបាន​ស្នើ​ឲ្យ​គណបក្សរកអន្តរាគមន៍​ពី​ប៉ុស្តិ៍នគរបាល​នៅ​​ជិត​​​នោះ ប្រសិន​បើ​មានករណីចាំបាច់ណាមួយ។​

នៅពេលទាក់ទងម្តងទៀត លោក យឹម សុវណ្ណ បានបញ្ជាក់ថា​នេះ​ជា​សមត្ថកិច្ច​របស់ក្រសួងមហាផ្ទៃក្នុងការចាត់ចែងកម្លាំងការពារ​សុវត្ថិភាព។​

គួរបញ្ជាក់ថាកាលពីឆ្នាំ​២០១៥ គណបក្សសង្រ្គោះជាតិធ្លាប់បានដាក់លិខិត​មួយច្បាប់ទៅសាលារាជធា​នី​ភ្នំ​ពេញ ដោយស្នើឲ្យចាត់កម្លាំងការពា​រផ្ទះ​រ​បស់មេដឹកនាំបក្សប្រឆាំង ព្រមទាំងទីស្នាក់ការគណប​ក្សនៅស​ង្កាត់​​ចាក់​អង្រែ​ក្រោម ក្រោយពីមានហេតុការណ៍នៃការវា​យតំណាងរាស្រ្តបក្សប្រឆាំងនៅក្បែររដ្ឋសភា។ កាល​ពីថ្ងៃ​ទី២​៦ខែតុលា ឆ្នាំ២០១៥ បាតុករមួយក្រុមបានតវ៉ានៅផ្ទះរបស់លោក កឹម សុខា ទាមទារឲ្យលោ​កចុះចេញពីតំណែងជាប្រធានទី១នៃរដ្ឋសភា។ ការតវ៉ានោះមានការគប់ដំថ្មមួយ​ចំនួនចូល​ផ្ទះរប​​ស់លោ​ក កឹម សុខា ផងដែរ។

គួរបញ្ជាក់ថាពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហានេះ កាលពីសប្តាហ៍មុន ប្រធានអង្គភាពប្រឆាំងអំពើ​ពុករលួយ​លោក​ ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថា​បា​នផ្ដ​ល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយថាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចំណែករដ្ឋស​ភា​បា​នផ្ញើលិ​ខិ​តមួយទៅលោក កឹម សុខា ឲ្យបកស្រាយរឿងអាស្រូវស្នេហានេះ តាមញត្តិរបស់​យុវជនដែ​លបា​នដាក់ទៅរដ្ឋសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ