អ្នកការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលចាប់ជនល្មើសដែលកាប់សកម្មនារីព្រៃឡង់

សកម្មជនការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិង​ចាប់​ខ្លួន​ជនល្មើសដែលបានកាប់​ទៅលើ​នារីម្នាក់ដែលជា​អ្នកការពារព្រៃឡង់បណ្តាលឲ្យរងរបួសធ្ងន់នោះ។

ការទទូចនេះគឺបន្ទាប់ពីសកម្មនារីម្នាក់ កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងដោយសារជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅម៉ោង១និង៣០​នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ខែមីនា ខណៈនាងចូលរួម​ល្បាតព្រៃនិងចាប់ដកហូត​យកម៉ាស៊ីនអារ​ឈើបានមួយចំនួននៅចំណុច​អូតា​ជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។​

ក្រៅពីទទូចឲ្យរដ្ឋាភិបាលចាប់ខ្លួនជនល្មើសមកកាត់ទោសតាមច្បាប់ក្នុងសេចក្តីថ្លែងការណ៍សកម្មជនការពារព្រៃឡង់បានស្នើ​ឲ្យរដ្ឋាភិបាលបិទការទិញលក់ឈើទាំងស្របច្បាប់និង​ខុសច្បាប់នៅតំបន់ព្រៃឡង់ ហើយស្នើឲ្យស៊ើបអង្កេតអ្នកនៅពីក្រោយ​បទល្មើសព្រៃឈើនិង​ស្នើឲ្យរដ្ឋាភិបាលសហការជាមួយ​បណ្តាញការពារសហគមន៍ព្រៃឡង់ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មកនោះ។

បើតាមសេចក្តីថ្លែងការណ៍ក្នុងយុទ្ធនាការ​បង្រ្កាបបទល្មើសព្រឈើនៅតំបន់ព្រៃឡង់ចំនួន៥លើកនេះក្រុម​យុវជនចាប់បាន​រណារយន្ត៣៥គ្រឿងនិងបានឃើញគំនរឈើជាច្រើនម៉ែត្រគូបដែលត្រូវបានកាប់បំផ្លាញ។

ដោយឡែកទាក់ទងនឹងករណីមានជនល្មើសលបកាប់ទៅលើសកម្មជនព្រៃឡង់នោះ នាយកផ្នែកនៃអធិការស្រុកសំបូរ លោក​ ស្រី វណ្ណា អះអាងថាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ថែម​ដើម្បីរកជនដៃ​ដល់​មក​ផ្តន្ទាទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ