ក្រសួងព្រមានចាត់វិធានការម្ចាស់អាជីវកម្មដែល​មិនគោរពតាមតារាងតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំមួយ ដោយតម្រូវឲ្យម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ត្រូវ​សរ​សេ​រ​តម្លៃ​អា​ហារនិងថ្លៃ​ស្នាក់នៅ​ដាក់ក្នុងតារាង​ឲ្យបានច្បាស់និងត្រូវអនុវត្តតាម ហើយថាបើ​ករណីម្ចាស់​អាជីវ​កម្ម​មិនអនុវត្តតាម ពួក​គេ​ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងសារាចរថ្ងៃទី២៤ ខែមីនា ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍របស់​ខ្លួនពីការរៀបចំព​ង្រីក​ផលិត​ផលទេ​សចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឲ្យសហការជាមួយអាជ្ញាធរដែនដី និង​មន្ទីរពា​ក់ព័ន្ធ ក្នុងការធានាសន្តិសុខសុវត្ថិភាព ទប់ស្កាត់ការជួញដូរគ្រឿងញៀន សកម្មភាពក្មេងទំនើង និង​​ការធ្វើ​អា​ជីវកម្មផ្លូវភេទលើកុមារ ត្រូវរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ទីចំណតជូនភ្ញៀវទេសចរណ៍ និងបំផុសឲ្យមានការប្រឡងចម្រៀង សិល្បៈអាយ៉ៃ ចាប៉ី រួមទាំងរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ និង​របាំ​ប្រ​ពៃណី​ជាតិផងដែរ។ ក្រសួងបន្តថាត្រូវអនុវត្តតាមច្បាប់និងការណែនាំរបស់រដ្ឋ លើកកម្ពស់គុណ​ភាពសេ​វាក​ម្មនិងអនាម័យម្ហូបអាហារ ព្រមទាំងតម្លៃផលិតផលនិងសេវាឲ្យបានសមរម្យ ហើយ​​រាល់ថ្លៃ​ស្នាក់​នៅ ម្ហូបអាហារត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង។

ក្រសួងបញ្ជាក់ថា៖ “ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានឬសេវាកម្មទេសច​រណ៍​ត្រូវទទួលខុ​​សត្រូវចំពោះ​មុខច្បាប់”។

បើតាមសារាចរណែនាំ ក្រសួងបានណែនាំមន្ទីរទេសចរណ៍ត្រូវធ្វើការជាមួយផ្នែកពាក់ព័ន្ធនានា ក្នុងកា​រអប់រំនិងណែ​នាំដល់ម្ចាស់អាជីវកម្មសេវាទេសចរណ៍ ជាពិសេសភោជនីយដ្ឋាន និងប្រជាពលរដ្ឋ ឲ្យចូ​លរួមថែ​រក្សាអនាម័យជៀសវាងកា​របោះសំរាមនិងកាកសំណល់ផ្សេងៗក្រៅ​ធុងសំរាមនិងរួម​ទាំងធា​នាអ​នា​ម័​យបន្ទ​ប់ទឹក នៅតាមភោជនីយដ្ឋានឲ្យបានល្អប្រសើរ។

អ្នកនាំពាក្យក្រសួងទេសចរណ៍លោក ទិត ចន្ថា មានប្រសាសន៍ថាការដែលក្រសួងចេញការ​ណែនាំនេះគឺ​ចង់ឲ្យ​​អាជីវករចេះគោរព ដើម្បីបង្ហាញនូវភាពទៀងត្រង់របស់ខ្លួននិងជួយសម្រួលដល់អ្នកប្រើប្រាស់ ក៏ដូចជា​អ្នកទេ​សចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំនេះ។ លោកបន្តថាវិធានការដំបូងគឺត្រូវណែ​នាំ​ទៅម្ចា​ស់​អាជីវ​កម្ម​ទាំង​នោះជាមុនសិន មុនហ្នឹងឈានដល់វិធានការផ្លូវច្បាប់ដែលមានជាធរមាន។

លោកមានប្រសាសន៍ថា៖ ហើយបងប្អូនអាជីវករហ្នឹងក៏គាត់ត្រូវយល់ដែរអំពីការប្រកបរបបរកស៊ីហ្នឹង គឺ​ដោយ​​មានភាពស្មោះ​ត្រង់នោះណា ទៀងត្រង់ស្មោះត្រង់ហើយបង្ហាញឲ្យឃើញ បាទដល់អញ្ចឹងអ្នក​ប្រើ​ប្រាស់ហ្នឹង​គាត់អាចមើលឃើញថាអាចទៅរួចទេតម្លៃហ្នឹង គាត់ពេញចិត្តទេ គាត់យល់ព្រមទេតម្លៃហ្នឹង … ទទួលខុសត្រូវមានន័យថាកាលណាគាត់ធ្វើអីខុសអាហ្នឹងយើងមានវិធានការណ៍ ណែនាំជំហានទី១ ជំហានទី២បន្តបន្ទាប់ទៀតទៅ បើសិនគាត់មិនគោរពតាមអាហ្នឹងវាមានវិធានការបន្តបន្តាប់ទៀតណា។ ប៉ុន្តែយ៉ាងណាក៏ដោយយើងយកវិធានការនៃការណែនាំហ្នឹង ការអប់រំការណែនាំហ្នឹងជាមូ​លដ្នានសំខា​ន់ណា​​!​

ទោះ​ជា​យ៉ាងណា លោក ទិត ចន្ថា មិនអាចបញ្ជាក់ថាតើមានវិធានការច្បាប់អ្វីនឹង​ត្រូវ​អនុវត្ត​ ប្រសិន​បើរ​ក​ឃើ​​ញ​​ថាម្ចាស់​អាជីវកម្មល្មើស​នឹងសារាចរណែនាំនោះ៕ ដោយ ហ៊ុន សិរីវឌ្ឍន៍​និង​ញ៉ែត ស្រីអូន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ