រដ្ឋាភិបាលសន្យា​ផ្តល់​រង្វាន់​១ម៉ឺនដុល្លា បើ​ចាប់​បាន​គ្រឿង​​ញៀន​​១គីឡូ​ក្រាម

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង​ កាលពីកន្លងទៅ

អាជ្ញាធរប្រឆាំងគ្រឿងញៀនសន្យា​​ថារដ្ឋាភិបាលនឹង​លើក​ទឹក​ចិត្ត​​ដល់​មន្ត្រីសមត្ថកិច្ច​ណា​ដែលចាប់​បាន​គ្រឿង​ញៀន​ច្រើន​ជាង​គេ ត្រូវទទួលបាន​រង្វាន់​​លើក​ទឹក​ចិត្ត​៤០​លាន​រៀល ឬ​ស្មើនឹង​១ម៉ឺន​ដុល្លាអាមេរិក សម្រាប់​គ្រឿង​ញៀន​មួយ​គីឡូក្រាម​។

​ក្នុង​ពីធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំ​ងគ្រឿង​ញៀន​នៅ​ព្រឹក​ថ្ងៃ​២៩​ មីនា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​អ្នក​ទទួ​ល​ខុសត្រូវ​លើយុទ្ធ​នាការ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ស ខេង ​​មានប្រសាសន៍​ថា​រង្វាន់​លើក​ទឹក​ចិត្តនេះ​ នឹង​ផ្តល់​ជូន​​នៅពេល​ដែល​យុទ្ធនាការ​លើក​ទី​មួយ​របស់រដ្ឋាភិបាល​ត្រូវ​បាន​បញ្ចប់។ ​

លោក​ ស ខេង៖ « ចាំបាច់ត្រូវតែលើកទឹកចិត្តដល់មន្ត្រីអនុវត្តន៍ច្បាប់ មន្ត្រីដែលពាក់ព័ន្ធទាំងឡាយ ជាពិសេសមន្ត្រីអនុវត្តន៍ច្បាប់។ យើងខ្ញុំបានត្រៀមរួចជាស្រេចហើយថាបើយើងចាប់បានមួយគីឡូ និងផ្តល់ជាទឹកប្រាក់៤០លានរៀល ស្នើ១ម៉ឺនដុល្លា លើសខ្វះតិចតួច ជារៀលឬជាដុល្លា ហើយរង្វាន់នេះនឹងលើកទឹកចិត្តនៅពេលបិទបញ្ចប់នៅពេលដែលយុទ្ធនាការ៦ខែលើកទីមួយដែលគ្រោងនឹងធ្វើនៅខែមិថុនាឆ្នាំ២០១៧នេះ »

លោក​ថា​ប្រាក់​លើក​ទឹក​ចិត្ត​ទាំងនេះ​គឺ​បាន​មក​ពី​ការ​លក់​ឡៃ​ឡុង​ទ្រព្យសម្បត្តិ​របស់​មេឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀនបន្ទាប់​ពី​ត្រូវ​បាន​តុលាការ​កាត់​ទោស។ លោក​បន្ថែម​ថា​ប្រាក់​​ទាំងនោះ​ក៏​នឹង​ត្រូវ​បែង​ចែក​សម្រាប់​ការងារ​ទៅ​កាន់ មន្ត្រី​ពាក់​ព័ន្ធ​ និង​តុលាការ​ផងដែរ។

លោក​បន្ថែមថា៖ « យើងក៏ខិតខំរកវិធីសាស្ត្រសមស្របតាមផ្លូវច្បាប់ ដើម្បីទំនាក់ទំនងជាមួយស្ថាប័នតុលាការដើម្បីជម្រុញការយីតយ៉ាវកន្លងទៅក្នុងការកាត់សេចក្តីមិនទាន់ស្រេចដើម្បីជម្រុញសាលក្រម​​ដែលមិទាន់ចូលជាស្ថាពរ ឲ្យចូលជាស្ថាពរ ដើម្បីរឹបអូសនូវទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនជួញដូរគ្រឿងមកធ្វើជាសម្បត្តិរដ្ឋ ហើយសម្បត្តិរដ្ឋទាំងនេះគឺផ្តល់ដើម្បីលើកទឹកចិត្ត និងជាមធ្យោបាយ​​សម្រាប់​​ការងារបង្ក្រាបគ្រឿងញៀន មិនមែនតែប៉ូលីស មិនមែនតែប៉េអឹមនោះទេ មានមន្ត្រីតុលាការផងដែរ​​ »

នាយក​ប្រតិបត្តិ​សម្ព័ន្ធគណនេយ្យ​សង្គម​លោក សន ជ័យ យល់​ថាការ​ឲ្យ​រង្វាន់​លើក​ចិត្ត​នេះ​វា​ជារូប​ភាព​វិជ្ជមាន​មួយដែលជួយ​ជម្រុញ​ដល់​មន្ត្រី​អនុវត្តន៍​ច្បាប់​ឲ្យមាន​​ទឹកចិត្ត​ចង់​ធ្វើ​ការ​ងារ​បន្ថែម​ទៀត​ តែ​លោក​ថា ដោយសារ​តែ​មន្ត្រី​ខ្លះ​អនុវត្តការ​ងារដោយ​រង់​ចាំ​តែបញ្ជា​នោះលោក​ថា បើ​ទោះ​បី​ជា​មាន​ការ​បន្ថែម​ប្រាក់​លើក​ទឹក​ចិត្ត​លើ​សពី​នេះ​ទៀត​ក៏​លោក​ថា​លទ្ធផល​ការងារ​គឺ​នៅ​តែ​ដូច​បច្ចុប្បន្ននេះ​ដដែល។ លោក​ឲ្យ​ជា​យោ​បល់​ថា​ដើម្បី​ឲ្យ​ការលើក​ទឹក​ចិត្ត​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​នោះ រដ្ឋគួរ​តែទម្លាក់​អំណាចដល់​មន្ត្រីសមត្ថកិច្ចថ្នាក់​ក្រោម​​អាច​ធ្វើ​ការ​ដោយ​ឯក​រាជ្យ ដោយ​មិន​ចាំ​បាច់​រង់ចាំ​បញ្ជាពី​ថ្នាក់​លើ តែ​ត្រូវ​មាន​ការ​កំណត់ឲ្យ​​ជាក់​លាក់​ដើម្បី​ឲ្យ​ប្រាកដ​ថា​វិធានការ​នេះ​ពុំ​មានគ្រោះ​ថ្នាក់​ដល់​​ប្រជា​ជន​​ស្លូត​ត្រង់។ ​

លោក​ថា៖ « វាជារឿងមួយដែលខ្ញុំមើលថាវាមិនងាយទេ តែជាយុទ្ធសាស្ត្រវិញទាល់តែគាត់បង្កើត ជាក្រុមហើយថ្នាក់លើឲ្យសិទ្ធអំណាច ក្នុងការរៀបចំជាក្រុមស៊ើបការទៅហើយអាចមានឯករាជ្យភាពក្នុងការឮស៊ើបអង្កេត។ ឯករាជ្យនេះសំខាន់ណាស់ក្នុងការអនុវត្តន៍ការងាររបស់កងកម្លាំងប្រដាប់អាវុធ ដែលកន្លងទៅយើងឃើញថាពួកគេភាគច្រើនគឺរង់ចាំបញ្ជាពីថ្នាក់លើ ហើយបើសិនជាអត់មានបញ្ជាទេគេទៅធ្វើគឺខ្លាចខុសតែម្តង​ »

គួរបញ្ជាក់​ងផង​ដែរ​ថា ​ផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល​៦ខែ​របស់​រដ្ឋា​ភិ​បាល​​ បាន​ចាប់ផ្តើម​កាលពី​ដើម​ឆ្នាំ២០១៧​នេះ​​ ដោយចាត់តាំងលោក ស ខេង និងលោក កែ គឹមយ៉ាន ជាអ្នក​ទទួល​ខុស​ត្រូវ​​លើរឿង​នេះ​។ ផែន​ការ​នេះ​ ធ្វើឡើងស្របពេល​​ប្រធា​នាធិប​តីហ្វីលីពីន លោក ឌូទើតេ ដែល​គេស្គាល់​ថា ជា​ស្តេច​ប្រឆំាង​បទ​ល្មើស​គ្រឿង​ញៀន​ បាន​មក​ធ្វើ​ទស្សន​កិច្ចនៅកម្ពុជា​នា​​ពាក់​​កណ្តាល​ខែធ្នូឆ្នាំ​មុន​​។

របាយការណ៍​របស់​អាជ្ញា​ធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ​មានអ្នក​ប្រើ​ប្រាស់​គ្រឿង​​ញៀន​​​ជាង​២​ម៉ឺននាក់កើនលើស​ឆ្នាំ​មុនជាង​២៤% ភាគ​ច្រើន មាន​អាយុ​ចាប់​ពី​១៨ឆ្នាំដល់៣៥ឆ្នាំ ហើយជិតពាក់​កណ្តាល​នៃ​អ្នក​ញៀន​ទាំង​នោះ​នៅ​មិន​ទាន់​ទៅ​ទទួល​សេវា​ព្យា​បាល​នៅ​ឡើយ ។

បើតាមអាជ្ញាធរ ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿងញៀននេះបណ្តាលមកពីការ​ ​ហូរ​ចូលច្រើន​​តាម​ច្រក​ភាគខាង​ជើង និង​ឦសាន​នៃ​ប្រទេសកម្ពុជា គឺចេញ​ពី​តំបន់​ត្រីកោណ​មាស (ថៃ​ ឡាវ ភូមា)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ