បក្សប្រឆាំងថាជំនួបជាមួយក្រសួងមហាផ្ទៃគ្មានបានលទ្ធផល

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង

មន្រ្តីជាន់គណបក្សប្រឆាំង បានឲ្យដឹងថា ជំនួបរវាងតំណាងគណបក្សសង្រ្គោះជាតិ ជាមួយតំណាងក្រសួងមហាផ្ទៃនៅរសៀលនេះ មិនបានលទ្ធផលអ្វីជាក់លាក់នោះទេ ខណៈដែលក្រសួងមហាផ្ទៃនៅតែបង្ហាញជំហមិនទទួលស្គាល់ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សនេះ។

នេះបើតាម លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះ។

លោក អេង ឆៃអ៊ាង ថ្លែងថាលោកបានស្នើឲ្យក្រសួងមហាផ្ទៃចេញលិខិតទទួលស្គាល់ថា ការធ្វើសមាជវិសមញ្ញ ​និងការវិសោធនកម្មលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ពិតជាត្រឹមត្រូវតែមន្រ្តីក្រសួងមហាផ្ទៃមិន​ព្រម​ចេញលិខិតជាផ្លូវការដោយគ្រាន់តែទទួលស្គាល់តាមរយៈពាក្យ​សំដី។

លោកថា៖ «ចុងក្រោយនេះ គឺរឿងទាក់ទងទៅនឹងអ្វីដែលក្រសួងមហាផ្ទៃលើកឡើងហ្នឹង តែ២ចំណុចទេ គឺតែរឿងជ្រើសរើស ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ ជាន់ខ្ពស់គណបក្សហ្នឹង មិនស្របលក្ខន្តិកៈ ហើយនិងពាក្យស្លោកតែប៉ុណ្ណឹងទេបាទ។ បើនិយាយឲ្យស្រួលស្ដាប់ទៅ សម្រាប់កិច្ចការផ្ទៃក្នុងគណបក្សដូចសមាគម អាហ្នឹងរឿងឯកជនរបស់គណបក្សទេ ប៉ុន្ដែឥឡូវហ្នឹងក្រសួងមហាផ្ទៃ គេបានចូលជ្រៅមកដែរ អាហ្នឹងចាំយើងពិនិត្យទៅតាមហ្នឹង»

ក្រសួងមហាផ្ទៃ នៅតែប្រកាន់ជំហរថា ការជ្រើសរើសក្បាលម៉ាស៊ីនថ្មីដឹកនាំគណបក្សសង្រ្គោះជាតិគឺខុសលក្ខន្តិកៈ និងទាមទារឲ្យដកពាក្យស្លោកដែលថា «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។

លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ​ បានឲ្យអ្នកសារព័ត៌មានដឹងក្រោយកិច្ចប្រជុំនេះថា ក្រសួងនៅតែមិនទទួលស្គាល់សមាជរបស់គណបក្សសង្រ្គោះជាតិ ដែលជ្រើសរើស​ប្រធាននិងអនុប្រធានថ្មីនោះដដែល ដោយលោកថា ខុស​នឹងប្រការ៤៧ នៃ​លក្ខន្តិកៈគណបក្សនយោបាយ។

ប៉ុន្ដែលោក ប្រាក់ សំអឿន ពុំបានបញ្ជាក់ថាតើចំណុចណាមួយនៃប្រការ៤៧នេះ ដែលគណបក្សសង្គ្រោះជាតិ ធ្វើខុសនោះទេ ដោយលោកគ្រាន់តែទទូចឲ្យគណបក្សសង្គ្រោះជាតិពិនិត្យឡើងវិញលើចំណុចអស់ទាំងនេះឡើងវិញទៅ ក្រសួងមហាផ្ទៃនឹងទទួលស្គាល់ហើយ។

ឆ្លើយតបនឹងការចោទប្រកាន់ថា ក្រសួងមហាផ្ទៃហាក់កំពុងលូកដៃក្នុងរឿងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ អះអាងថា ក្រសួងជាស្ថាប័នអនុវត្តច្បាប់ និងបំពេញតួនាទី ក្នុងនាមដូចជាអាណាព្យាបាលរបស់គណបក្សទាំងអស់ប៉ុណ្ណោះ និងថា មិនមែនធ្វើឡើងតាមខ្សែញាក់របស់រដ្ឋាភិបាលនោះទេ។

លោកថា៖ «សំខាន់គឺថាគាត់ទៅកែទៅ រឿងហ្នឹង វាចប់រឿងហើយ វាមានទៅបញ្ហាអី ឲ្យតែធ្វើតាមអ្វី ដែលក្រសួងមហាផ្ទៃ ឲ្យគាត់កែថា អាសមាជជ្រើសប្រធាន អនុប្រធានវាខុសច្បាប់ វាខុសនឹងប្រកាស៤៧ ខទី២ បើគាត់កែអាហ្នឹងឲ្យត្រូវទៅ ហើយដូរអាពាក្យស្លោកឲ្យចប់ទៅ វាចប់ហើយ […] ក្រសួងមហាផ្ទៃ គ្រាន់តែខ្ញុំសុំជំរាបចេះថា ក្រសួងមហាផ្ទៃ ជាក្រសួងស្ថាប័នអនុវត្តច្បាប់ អញ្ចឹងធ្វើម៉េចទៅតាមច្បាប់ទេ​ ហើយលោកត្រូវយល់សម្ដេចនាយករដ្ឋមន្ដ្រី គាត់ជាប្រធានបក្សមួយដោយឡែក គាត់ជានាយករដ្ឋមន្ដ្រី អត់មានជាប់គ្នា អត់មានពាក់ព័ន្ធគ្នាទេណា»

កាលពីថ្ងៃទី០២ខែមីនាឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបាន​រៀប​ចំ​សមាជ​ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដដឹកនាំថ្មីរបស់ គណបក្សបន្ទាប់ពីលោក សម រង្ស៊ី បានលាលែង ពីតំណែងប្រធានបក្ស។ បន្ទាប់​ពី​ធ្វើសមាជនេះ បក្សប្រឆាំងបានបោះឆ្នោតគាំទ្រឱ្យលោក កឹម សុខា ធ្វើជាប្រ​ធាន​គណ​ប​ក្ស​សង្រ្គោះជាតិ ហើយមានអនុប្រធាន៣នាក់ រួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង៕

រាយការណ៍បន្ថែមដោយ​ពេជ្រ ចំរ៉ុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ