ACU​ ឃាត់មន្រ្តីអាដហុកនិង​អគ្គលេខាធិការ​រង គ.ជ.ប ​ទុក​នៅអង្គភាពរហូត​ដល់ម៉ោង​១២យប់នេះ​

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចឃាត់ខ្លួនមន្រ្តីអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា រហូតមកដល់ម៉ោង១២យប់ថ្ងៃព្រហស្បតិ៍នេះ។

រហូតដល់ម៉ោង១២យប់នេះ មន្រ្តីអាដហុកនិងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)មិនទាន់អនុញ្ញាតឲ្យមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូបនិង លោក នី ចរិយា ចាកចេញពីអង្គភាពនោះទេ។ មិនមានមន្រ្តីអង្គភាពចេញមុខមកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាតើអង្គភាពសម្រេចឃាត់ខ្លួនមន្រ្តីទាំងនោះឬយ៉ាងណានោះទេ។ មន្រ្តីអាដហុករួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដានិងលោកស្រី លឹម មុនី។ ពួកគេត្រូវបានសាកសួរតាំងពីថ្ងៃពុធនិងពេញមួយថ្ងៃព្រហស្បតិ៍នេះ។

កាលពីថ្ងៃពុធ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៣រូបអស់រយៈពេលជាង១៤ម៉ោង ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ការសាកសួរនោះធ្វើឡើងរហូតដល់ម៉ោងជាង១០យប់ ហើយត្រូវបានអនុញ្ញាតឲ្យមកផ្ទះវិញ ក្រោយពីមានការធានាពីប្រធានសមាគមអាដហុក លោក ធន សារាយ។

លោក ធន សារាយ ប្រាប់វីអូឌីនៅយប់ថ្ងៃព្រហស្បតិ៍នេះថាដោយសារមន្រ្តីអាដហុកមិនត្រូវអនុញ្ញាតឲ្យចាកចេញពីអង្គភាពរហូតមកដល់ម៉ោងនេះ លោកអាចសន្និដ្ឋានថានេះជាការឃាត់ខ្លួន។ លោកបន្តថាលោកបានហៅទូរស័ព្ទទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយលោក យ៉ិនទៀង បញ្ជាក់ថាមិនអនុញ្ញាតឲ្យយកមន្រ្តីចេញដូចពីកាលថ្ងៃពុធនោះទេ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អង្គភាពបានអនុញ្ញាតឲ្យនាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ត្រឡប់ទៅវិញ ក្រោយពីបញ្ចប់ការសាកសួរ។

សង្គមស៊ីវិលមួយចំនួនបានចាត់ទុកដំណើរការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក ខុសនីតិវិធីនិងថាការសាកសួររហូតដល់ម៉ោងយប់ជាការបំបាក់ស្មារតីមួយ។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពី លោក ឱម យ៉ិនទៀង បាននៅឡើយទេ។

ACUកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហរមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

កាលពីថ្ងៃអង្គារ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ លើកឡើងថាការផ្តល់លុយឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងពេលផ្តល់សេវាការពារសិទ្ធិមនុស្ស មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ ប្រធានសមាគមអាដហុកឲ្យដឹងទៀតថាសមាគមបានផ្តល់ប្រាក់ចំនួន២០៤ដុល្លារសម្រាប់ការធ្វើដំណើរ តាមការស្នើសុំរបស់ស្រីមុំដែលថានាងជួបការលំបាកក្នុងជីវភាព។ លោកបញ្ជាក់ថាបុគ្គលិកសមាគមមិនបានប្រព្រឹត្តអំពើពុករលួយ ហើយលោកដាក់ការងឿងឆ្ងល់ថាតើហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយកោះហៅបុគ្គលិកសមាគម។

[Quote]

លោក ធន សារាយ បញ្ជាក់ថាអ្វីដែលបុគ្គលិកសមាគមផ្តល់ប្រឹក្សាច្បាប់គឺធ្វើតាមចម្លើយរបស់កញ្ញាស្រីមុំ។ លោកបញ្ជាក់ថាកញ្ញាស្រីមុំបានប្រាប់ទៅតុលាការនូវការពិតមួយទៀត ដែលខុសពីការពិតមួយដែលនាងប្រាប់ទៅសមាគមកាលពីដំបូងឡើយ។ លោកបន្ថែមថាសមាគមមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមមិនបានបង្ខិតបង្ខំឲ្យនាងនិយាយកុហកទៅតុលាការ៕ ដោយវីអូឌី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ