កម្មករខ្មែរជាង៥០នាក់ត្រូវបានគេអះអាងថាជាប់ឃុំនៅឥណ្ឌូនេស៊ី

កម្មករខ្មែរធ្វើការលើទូកនេសាទថៃអំពាវឲ្យរដ្ឋាភិបាលខ្មែរអន្ដរាគមន៍ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីជួយដោះលែងពួកគេជាង៥០នាក់មកកាន់ប្រទេសកម្ពុជាវិញ ដោយអះអាងថាសមត្ថកិច្ចប្រទេសនោះចាប់ឃុំខ្លួនជាងកន្លះខែមកហើយ។

ការស្វែងរកអន្ដរាគមន៍នេះបន្ទាប់ពីសមត្ថកិច្ចឥណ្ឌូនេស៊ីបានចាប់ឃុំខ្លួនពួកគេដោយចោទថាធ្វើនេសាទចូលដែនសមុទ្រប្រទេសនោះដោយខុសច្បាប់កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០១៦នេះ។

កម្មករខ្មែរមានស្រុកកំណើតនៅខេត្ដព្រៃវែងដែលកំពុងឃុំខ្លួនលោក ឆាប់ លាប់ ឲ្យវីអូឌីដឹងពីប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃសុក្រនេះថា ពលករខ្មែរធ្វើការនេសាទនៅប្រទេសថៃចំនួន៥៤នាក់ ក្នុងនោះចំនួន២១នាក់នៅខេត្ដសៀមរាបត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូនេស៊ីចាប់ឃុំខ្លួននៅខេត្ដប៊ូស៊ីណា ដោយចោទថាពួកគាត់នេសាទចូលដែនសមុទ្រប្រទេសនោះដោយខុសច្បាប់កាលពីពាក់កណ្ដាលខែមេសានេះ។ កម្មកររូបនោះបន្ដថាសមត្ថកិច្ចឥណ្ឌូនេស៊ីបានឲ្យពួកគេធ្វើការពីរម៉ោងក្នុងមួយថ្ងៃនិងមានការឃ្លាំមើលយ៉ាងតឹងតែងផងដែរ។

កម្មករមួយរូបទៀតដែលកំពុងជាប់ឃុំដែរលោក ម៉ែន ជន ឲ្យដឹងថាកម្មករមួយចំនួនចេញពីប្រទេសទៅធ្វើការលើទូកនៅប្រទេសថៃដោយខុសច្បាប់ ប៉ុន្ដែថៅកែថៃជាអ្នករាប់រងក្នុងការធ្វើទូកនេសាទក្នុងដែនសមុទ្រនោះ។ លោកបន្ដថាក្រុមអ្នកនេសាទទាំងនោះកំពុងជួបការលំបាកដោយខ្វះអាហារគ្រប់គ្រាន់និងបានចាប់ពួកគាត់កោរសក់។ កម្មករវ័យជាង៤០ឆ្នាំរូបអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្ដរាគមន៍បញ្ជូនពួកគាត់កាន់ប្រទេសវិញ។

អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃអគ្គស្នងការនគរបាលជាតិលោក ជីវ ផល្លី មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននៅឡើយទេ ប៉ុន្ដែលោកថាលោកនឹងសហការជាមួយក្រសួងការបរទេសសហប្រតិបត្ដិការអន្ដរជាតិដើម្បីស្វែងរកជនរងគ្រោះបន្ទាប់ពីទទួលព័ត៌មានជាក់លាក់។

របាយការណ៍ក្រសួងការងាររបស់ថៃឲ្យដឹងថាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារទាំងខុសច្បាប់និងស្របច្បាប់នៅក្នុងប្រទេសថៃមានជាង១លាននាក់។ ទន្ទឹមនឹងនោះអង្គការសង្គមស៊ីវិលនៅក្នុងស្រុកក៏ធ្លាប់បង្ហាញរបាយការណ៍ដែរថាពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែនទៀតកំពុងធ្វើការនៅក្នុងប្រទេសមួយចំនួនដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងចិនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ