អាមេរិក​ចង់​ឲ្យ​កូរ៉េ​បង់​ប្រាក់​ថ្លៃ​ខែល​ការពារ​មីស៊ីល តែ​មន្ត្រី​កូរ៉េ​ខាងត្បូង​ថា មិន​អាច​ទៅ​រួច​ទេ

ទីប្រឹក្សា​ជាន់​ខ្ពស់​ទទួល​បន្ទុក​គោល​នយោបាយ​ការបរទេស​របស់​បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សំណើ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ចង់​ឲ្យ​ក្រុង​សេអ៊ូល​បង់​ប្រាក់​សម្រាប់​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក​នោះ នឹង​ក្លាយ​ទៅ​ជា​ជម្រើស​ដែល​មិន​អាច​ទៅ​រួច។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក ត្រាំ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​ថា លោក​ចង់​ឲ្យ​កូរ៉េ​ខាង​ត្បូង​បង់​ប្រាក់ ១​ពាន់​លាន​ដុល្លារ សម្រាប់​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD។

ប៉ុន្តែ លោក គីម គីជុង ទីប្រឹក្សា​គោល​នយោបាយ​ការបរទេស​របស់​លោក មូន បាន​ប្រាប់​ថា បើទោះបី​ជា​យើង​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD ក៏​ដោយ ប៉ុន្តែ ប្រតិបត្តិការ​សំខាន់​របស់​វា នឹង​នៅ​តែ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​អាមេរិក​ដដែល។ លោក​បន្ត​ថា ដូច្នេះ ការ​ទិញ​វា នឹង​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ។

ការ​ស្ទង់​មតិ​នានា​បង្ហាញ​ថា លោក មូន កំពុង​នាំ​មុខ​យ៉ាង​ធំ​​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​០៩ ខែ​ឧសភា​ខាង​មុខ​នេះ ដើម្បី​ឡើង​កាន់​តំណែង​ជំនួស​អតីត​ប្រធានាធិបតី​ អ្នកស្រី ផាក ហ្គឹនហេ ដែល​ត្រូវ​បាន​គេ​ដក​ហូត​អំណាច​។

លោក ត្រាំ ក៏​បាន​ចោទ​សម្ព័ន្ធ​មិត្ត​មួយ​ទៀត​គឺ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា មិន​បាន​បង់​ប្រាក់​ឲ្យ​បាន​គ្រប់​ចំនួន​សម្រាប់​ថ្លៃ​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ