ពលរដ្ឋ​ខេត្តសៀមរាប​ចោទ​យោធា​ថា​បាន​គំរាម​ជីវិត​ពួកគេ

ប្រជាពលរដ្ឋនៅខេត្តសៀមរាប បានចោទមន្ត្រីយោធានៅយោធាភូមិភាគ៤ ថាបានគំរាមបាញ់សម្លាប់ពួកគេ នៅក្នុងករណីជម្លោះដណ្ដើមឈើសង់ផ្ទះលើដីមានជម្លោះមួយកន្លែង។

លោក គ្រំ វ៉េត តំណាងប្រជាពលរដ្ឋ ៨១នាក់ មកពីភូមិភ្នំក្រោម សង្កាត់សៀមរាប បានប្រាប់វីអូឌី(VOD) ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភាកន្លងមកនេះ ប្រជាពលរដ្ឋចំនួន ៨១គ្រួសារ នៅភូមិភ្នំក្រោម បានរៀបចំសង់ផ្ទះឲ្យពលរដ្ឋក្រីក្រមួយគ្រួសារទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ ប៉ុន្ដែ ត្រូវទាហាននៅវរៈស៊ើបការណ៍នៃយោធភូមិភាគ៤ ដឹកជញ្ជូនយកទៅរក្សាទុកក្នុងបន្ទាយ ដោយចោទថា ពលរដ្ឋសង់ផ្ទះលើដីយោធា។

លោក គ្រំ វ៉េត បន្តថា ក្រោយពីបាត់ឈើ ពួកគាត់ប្រហែល៥០នាក់ បាននាំគ្នាតវ៉ាទាមទារឲ្យក្រុមយោធានោះ ប្រគល់ឈើឲ្យពួកគាត់វិញ ប៉ុន្ដែ ត្រូវក្រុមទាហាន ដែលដឹកនាំដោយឈ្មោះ ពុធ ខេមរា ហៅ ប៉ាវ គំរាមបាញ់សម្លាប់។

ពលរដ្ឋមួយរូបទៀតអ្នកស្រី ឈិត រ៉ូន ឲ្យដឹងថា ក្រុមយោធានោះ បានបង្ខំឲ្យពលរដ្ឋចាកចេញពីដីនោះ ដោយគំរាមថា បាញ់សម្លាប់ចោល។ អ្នកស្រីអះអាងថា អ្នកភូមិបានរស់នៅលើដីនោះ តាំងពីយូរមកហើយ ដោយគ្រាន់តែគ្មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះ។

ករណីនេះ VOD មិនអាចទាក់ទង នាយទាហានកងវីរៈស៊ើបការ នៃយោធភូមិភាគ៤ លោក ពុធ ខេមរា ហៅ ប៉ាវ ដើម្បីបំភ្លឺពីការចោទប្រកាន់របស់ពលរដ្ឋនោះបានទេ។

មេភូមិភ្នំក្រោម សង្កាត់សៀមរាប លោក វ៉ាន់ ស្រេក ឲ្យដឹងថា លោកមិនបានដឹងពីយោធាគំរាមបាញ់សម្លាប់ពលរដ្ឋនោះទេ ប៉ុន្ដែ លោកទទួលស្គាល់ថា ទាហានបានយកឈើដែលពលរដ្ឋសម្រាប់សង់ផ្ទះមែន។ លោកបន្ថែមថា អាជ្ញាធរបានសម្របសម្រួលឲ្យយោធានោះប្រគល់ឈើឲ្យពលរដ្ឋវិញហើយ។

ទោះជាយ៉ាងណា អ្នកសម្រួលសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាប លោក នូ ពុទ្ធិ ប្រាប់ថា សមត្ថកិច្ចមិនត្រូវប្រើអាវុធគំរាមប្រជាពលរដ្ឋទេ បើទោះបីសង្ស័យថា ពួកគេសង់លើដីមានជម្លោះក៍ដោយ ហើយលោកចាត់ទុកការគំរាមកំហែងនេះថា ជាអំពើខុសច្បាប់ និងជាការរំលោភលើសិទ្ធិមនុស្សផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ