គូប្រកួតដ៏ខ្លាំងរបស់ រឿង សោភ័ណ្ឌ ធ្លាយដំណឹងថាខានប្រកួតជាង២ឆ្នាំ

ក្នុងជំនួប​យ៉ាងក្ដៅគគុករវាងកីឡាករកម្ពុជា រឿង សោភ័ណ្ឌ និងកីឡាករថៃឈ្មោះ Sam Deng ត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង ដោយសារតែកីឡាករថៃដែលបានឡើងមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ គឺមិនធ្លាប់មកប្រកួត​ទាល់តែសោះ ហើយបើនិយាយពីសមត្ថភាពគឺញាក់សាច់ពេញរយៈពេល៥ទឹក។

យ៉ាងណាមិញមានការបញ្ជាក់ថាកីឡាករថៃដែលបានធ្វើព្យុះធ្វើភ្លៀងជាមួយកីឡាករ​ រឿង សោភ័ណ្ឌ កាលពីថ្ងៃទី​​​​២៨ ឧសភា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះខានឡើងរេញប្រមាណជាង២ឆ្នាំមក​ហើយ។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតនៅកម្ពុជា បានអះអាងថា ក្នុងចំណោម​កីឡាករថៃដែលលោកដឹកនាំមកប្រកួតនៅក្នុងប្រទេសកម្ពុជាចំនួនច្រើនរូប​ក្នុងរយៈពេលចុងក្រោយ កីឡាករថៃ Sam Deng មិនធ្លាប់មកកាន់ប្រទេសកម្ពុជានោះទេ ដោយសារតែពេលគេល្បីគឺតម្លៃខ្លួនគេខ្ពស់ស្របគ្នាដែលលោកក៏មិនសូវមានឱកាសដឹកនាំកីឡាករថៃអោយមកប្រកួត​​​ លុះដល់ពេល​លោកមាន​សកម្មភាពខ្លាំង​​ក្នុងការដឹកនាំ​កីឡាករថៃអោយមកប្រកួតនៅ​កម្ពុជាក៏ចំពេលកីឡាករ Sam Deng បាត់មុខតែម្ដង។

លោកថាកីឡាករថៃរូបនេះ​​​​គឺជាជើងខ្លាំងដែលធ្លាប់ទទួលបានខ្សែក្រវាត់ជើងឯកកាលពី​​​៥ឆ្នាំមុន ប៉ុន្តែឆ្លងកាត់ការប្រកួតបានតែមួយប្រាវក្នុងពេល​​ដណ្ដើមបានខ្សែក្រវាត់ក៏ប្រកាសដើរចេញតែម្ដង​ដោយអះអាងថាមានការងារត្រូវធ្វើនិងជាប់ភារៈរឿងប្រពន្ធកូន។

លោកថា​កីឡាករ Sam Deng ខានប្រកួតប្រមាណជាជាង២ឆ្នាំ​ដោយ​ទើបតែបានប្រកាសទទួលថានឹងចូលរួម​ប្រកួតលេងៗមកវិញនៅក្នុងប្រទេសថៃកាលពី​៣សប្ដាហ៍មុនប៉ុណ្ណោះ ក៏ត្រូវលោកសម្រេចចិត្តជ្រើសអោយមកប្រកួតជាមួយកីឡាករ រឿង សោភ័ណ្ឌ តែម្ដង។

លោកថាមុនពេលបាត់មុខកីឡាករថៃច្រើនណាស់បរាជ័យក្រោមដៃរបស់គេ ​ហើយបើនិយាយពីសមត្ថភាព និងបច្ចេកទេសវាយចេញវិញ គឺអាចនិយាយបាន​ថាពិបាកស៊ូជាមួយគេ។

លោកថាកីឡាករថៃបានសរសើរចំពោះកណ្ដាប់ដៃធ្វេងរបស់ រឿង សោភ័ណ្ឌ និងថាកណ្ដាប់ដៃរបស់កីឡាកររូបនេះខ្លាំង ទើបអាចធ្វើអោយគេបរាជ័យដោយពិន្ទុខុសពីការក្រោងទុក​​។

លោកថាកីឡាករថៃរបស់លោកបរាជ័យទាំងមិនអស់ចិត្ត តែក៏​បានទទួលស្គាល់ថាកីឡាករ រឿង សោភ័ណ្ឌ ពិតជាខ្លាំងធម្មតាសម្រាប់ការប្រកួតជាលើកដំបូងរបស់គេនៅក្នុងប្រទេសកម្ពុជានេះដែរ។ យ៉ាងណាមិញលោកថា បើកីឡាករ Sam Deng មិនបានបាត់មុខដល់ទៅជាង២ឆ្នាំនៅលើសង្វៀន លោកថាកីឡាករ រឿង សោភ័ណ្ឌ មិនអាចឈ្នះ​ទៅរួចនោះទេ ដោយលោកសម្អាងថាកីឡាករថៃខានឡើងរេញដល់ទៅជាង២ឆ្នាំផងនៅវាយអោយគេសន្លប់លើរេញមិនបាន ហើយបានឈ្នះត្រឹមពិន្ទុទាំងលំបាក។

លោកនិយាយថា «អាថៃរបស់ខ្ញុំ បើពីមុន(កាលនៅប្រកួត)អាភ័ណ្ឌ (រឿង សោភ័ណ្ឌ) ទៅអស់រួចទេ មើលថាវាខានប្រកួតជាង២ឆ្នាំផងវាប្រកួតបានប៉ុណ្ណឹង»។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍និយាយថាកីឡាករថៃមិ​នដែលបានមកស្រុកខ្មែរនោះទេ តែលោកមិនបានដឹងថាកីឡាកររូបនេះខានប្រកួតនៅក្នុងប្រទេសថៃដល់ទៅជាង២ឆ្នាំនោះទេដោយលោកគ្រាន់តែបានដឹងថាការប្រកួតរបស់គេដែលបានធ្វើឡើងគឺខ្លាំងហើយរស់រវើក ។ លោកថាកីឡាករកម្ពុជាប្រឹងវាយសម្រុកយ៉ាងខ្លាំង ដើម្បី​ដណ្ដើមយកប្រាក់១លានរៀលតាមលក្ខខណ្ឌ​ការប្រកួតដែលបានប្រកាស ថានឹងទទួលបាន​១លានរៀល បើវាយថៃអោយសន្លប់មុនទឹកទី៣ ប៉ុន្តែលទ្ធផលចុងក្រោយ​គឹវាយមិនបែក។

ជាក់ស្ដែងក្នុងពេលអ្នករៀបចំកម្មវិធីបានពន្យារដល់ទឹកទី​៤អោយតែវាយថៃសន្លប់ ឬអោយបោះបង់ការប្រកួតក៏នៅតែបាន១លានរៀល ក៏កីឡាករ រឿង សោភ័ណ្ឌ វាយថៃមិនបែក ហើយប៊ិះនឹងយ៉ាប់ខ្លួនឯង។

លោកថា​កីឡាករថៃល្អដៃ ល្អកែង ហើយបើនិយាយពីជើងរបស់គេក៏រហ័សណាស់ដែរ។ យ៉ាងណាមិញលោកបានកត់សម្គាល់ឃើញថាកីឡាករថៃ Sam Deng មានអាការៈឆាប់ហត់ ដែលអាចត្រូវនឹងការអះអាងថារបស់លោក ថៃ អ៊ូ ដែលថាគេខានឡើងរេញរហូតដល់ទៅជាង២ឆ្នាំនោះដែរ។

លោកថាកីឡាករកម្ពុជាទំនងជាត្រូវបង្កើនសមត្ថភាពអោយច្រើនឡើងថែមទៀត ដោយសារតែលោកយល់ថាការទម្លាក់ដៃធ្វើអោយសមត្ថភាពចុះខ្សោយ គឺពិបាកអោយលោកយក​​កីឡាករថៃល្អអោយមកប្រកួតជាមួយ។

លោកនិយាយថា «រាល់ថ្ងៃកីឡាករថៃល្អៗយើងមានច្រើនមែនទែន តែអោយតែហ៊ានយកមកដូចយកមកបំបាក់ខ្មែរយើងចឹង តែយើងនៅតែមានគោលការណ៍មិនយកអន់ពេកមកទេ គឺដូចកីឡាករ Sam Deng ចឹងគឺប្រវត្តិប្រកួតគាត់ល្អ!»។

លោកថាកីឡាករ រឿង សោភ័ណ្ឌ នឹងត្រូវដាក់អោយកីឡាករថៃឡើងប្រកួតសងសឹក ដោយសារតែភាគីខាងថៃក៏នឹងគម្រោងសុំប្រកួតក្នុងពេលដ៏ខ្លីដែលលោកបញ្ជាក់ថានឹងរៀបចំការប្រកួតក្នុងពេលខាងមុខ។

លោក ថៃ អ៊ូ បញ្ជាក់ថាកីឡាករថៃនឹងសុំសងសឹក ដោយលោកបញ្ជាក់ថាកីឡាករថៃបានចាត់ទុក​ថាកីឡាករកម្ពុជា រឿង សោភ័ណ្ឌ គឺជាជើងខ្លាំងតែម្នាក់ដែលធ្វើអោយគេវាយមិនបែកព្រោះតែមានកណ្ដាប់ដៃ និងកម្លាំងទាន់ខាងធ្វេងខ្លាំងក្លានោះផង។

លោកថាកីឡាករថៃខ្សោយកម្លាំងឆាប់​​ហត់ទើបបណ្ដោយអោយកីឡាករកម្ពុជាវាយចូលយ៉ាងសន្ធាប់នៅទឹកទី៤ប៉ុន្តែលោកថាប្រសិនបើកីឡាករ Sam Deng ហ្វឹកហាត់គ្រប់គ្រាន់ក៏មិនប្រាកដវាយឈ្នះកីឡាករ រឿង សោភ័ណ្ឌ នោះឡើយក្នុងពេលកីឡាករទាំងពីរប៉ះគ្នាម្ដងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ