វិភាគ៖ តើ​ពលរដ្ឋ​កម្ពុជា​បោះ​ឆ្នោត​យ៉ាង​ដូចម្ដេច ខណៈ​ដែល​ពួកគេ​មិន​ស្គាល់​បេក្ខជន​នៅ​តាម​មូលដ្ឋាន?

ខណៈ​ដែល​​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ បង្ហាញ​នូវ​ការ​សង្កេត​របស់​ពួកគេ​ថា ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ក្នុង​ចំនួន​ច្រើន មិន​បាន​ស្គាល់​ថា តើ​បេក្ខជន​មេ​ឃុំ ឬ​ចៅ​សង្កាត់ ជា​នរណា​នោះ​ឡើយ។

ផ្អែក​តាម​ប្រតិទិន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី ៤ គ្រោង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​ឃោសនា​រយៈ​ពេល ១៤​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​ទាំង​ស្រុង​នោះ។

បើទោះបី​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ កាន់​តែ​ខិត​ជិត​មក​ដល់​មែន ប៉ុន្តែ វា​នៅ​តែ​មាន​បញ្ហា​ចោទ​ឡើង​ថា តើ​ពលរដ្ឋ​កម្ពុជា​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់​ជិត ៨​លាន​នាក់​ បាន​ស្គាល់​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់​មក​ពី​គណបក្ស​នយោបាយ​នីមួយៗ​ហើយ​ឬនៅ?

ដោយ​ធ្វើការ​ងារលើ​កិច្ច​ការ​បោះ​ឆ្នោត​នេះ​ មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក យឿង សុធារ៉ា បង្ហាញ​នូវ​ការ​អង្កេត​របស់​លោក​ថា ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន មិន​សូវស្គាល់ ឬ​ក៏​មិន​ស្គាល់​ទាល់​តែ​សោះ​នូវ​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់ នៅ​តាម​មូលដ្ឋាន​របស់​ពួកគេ ដោយ​លោក​ថា នោះ​ក៏​ព្រោះ​តែ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ ដែលត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សុធារ៉ា បន្ថែម​ថា ប្រព័ន្ធ​សមាមាត្រ​នេះ តម្រូវ​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​នយោបាយ ជា​ជាង​ផ្ដោត​ទៅ​លើ​​បេក្ខជន ដែល​ត្រូវ​បាន​គណបក្ស​នីមួយៗ​ជ្រើស​រើស​ឲ្យ​ឈរ​ឈ្មោះ​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ដែល​លោក​ថា ពលរដ្ឋ​មិន​បាន​ដឹង​មិន​លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន​ទាំង​នោះ​ទេ។

លោក សុធារ៉ា សង្កេត​ឃើញ​ថា ដោយសារ​តែ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សមាមាត្រ​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត លោក​សង្កេត​ឃើញ​គណបក្ស​នយោបាយ​ស្ទើ​តែ​ទាំង​អស់ ពុំ​បាន​ព្យាយាម​បង្ហាញ​លក្ខណៈ​សម្បត្តិ និង​គុណវឌ្ឍិ៍​នៃ​បេក្ខជន​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ ពួកគេ​បាន​ផ្សព្វផ្សាយ​តែ​ពី​គោល​នយោបាយ ឬ​សារ​នយោបាយ​ផ្សេងៗ​ទៅ​វិញ។

មិន​ត្រឹម​តែ​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ជន​បទ​ទេ​ដែល​ពុំ​បាន​ដឹង​ថា តើ​បេក្ខជន​ឈរ​ឈ្មោះ​ធ្វើ​ជា​មេ​ឃុំ​ជា​នរណា​នោះ ប៉ុន្តេ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការបោះ​ឆ្នោត​ហៅ​កាត់​ថា និកហ្វិក លោក សំ គន្ធាមី សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​តំបន់​ទីក្រុង ជាពិសេស ពលរដ្ឋ​ចំណាក​ស្រុក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ទីក្រុង ពួកគេ​ក៏​ជួប​ប្រទះ​កង្វះ​ខាត​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​បេក្ខជន​ឈរ​ឈ្មោះ​ជា​ចៅ​សង្កាត់​ផង​ដែរ។

ស្ថិតក្នុង​ស្ថានភាព​បែប​នេះ លោក សំ គន្ធាមី យល់​ឃើញ​ថា ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត ផ្ទុយ​ទៅ​វិញ ពួកគេ​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​បុគ្គល​ល្បីៗ នៅ​ក្នុង​រង្វង់​នយោបាយ​កម្ពុជា។

ទោះជាយ៉ាងណា គ.ជ.ប. ក៏​បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​នេះ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នានា​រួច​ហើយ ប៉ុន្តែ ទាំង​លោក យឿង សុធារ៉ា និង​លោក សំ គន្ធាមី ជឿ​ជាក់​ថា ពលរដ្ឋ​​ជា​អ្នក​បោះ​ឆ្នោត នៅ​តែ​ពុំ​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​បេក្ខជន​ទាំង​នោះ​ទេ។

ប្រសិន​បើ​ដូច​អ្វី​ដែល​អ្នក​អង្កេត​ការណ៍​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ខាង​លើ ពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​តំបន់​ជន​បទ​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ផ្សេងៗ​ទៀត​ ហើយ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ទីក្រុង​នោះ នឹង​ត្រូវ​បោះ​ឆ្នោត​ទាំង​ដែល​ពួកគេ​មិន​បាន​ដឹង​សោះ​ថា នរណា​ជា​បេក្ខជន​មេ​ឃុំ ឬ​ចៅ​សង្កាត់​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ