លិខិតមិត្តអ្នកអាន៖ សម្តេច​ជាស្តេច​មិន​គ្រង​រាជ្យ​ តែ​កាន់​អំណាច​ (ភាគ១)

King Sihanouk (left) greets Prime Minister Hun Sen at his palace in Siem Reap City in 1997 (Reuters)

‘‘សូម​ពួក​ទេវតា​ រក្សា​មហាក្សត្រ​យើង​…’’ ស្តាប់​ទៅ​ដូច​ជា​សាមញ្ញ​ទេ​ បទ​គោរព​ទង់​ជាតិ​ដែល​សិស្សា​នុសិស្ស​​​ ទន្ទេញ​ចាំ​រត់​មាត់​ស្រែក​ច្រៀងអឺង​កង​ជា​​រៀង​រាល់​ព្រឹក​។ មាន​​​គ្រូ​ប្រវត្តិសាស្ត្រ​ម្នាក់​នៅ​វិទ្យាល័យ​ធ្លាប់​លើក​យក​បទ​គោរព​ទង់​ជាតិ​នេះ​ មក​​ចោទ​សួរនូវ​​សំនួរដ៏​ចម្លែក​មួយ​​ដោយ​​ដឹង​ចម្លើយ​ស្រាប់ ​‘‘តើ​ពួក​ទេវតា​ជា​នរណា​?’’ សម្តេច​សង្ឃរាជ​ ជួន​ ណាត​ អ្នក​តែង​បទ​នេះ​ មិន​ទំនង​ជា​បាន​ជ្រាប​ថា​ បទ​និពន្ធ​របស់​ព្រះ​អង្គ​ បាន​ក្លាយ​ជា​ការ​ពិត​នោះ​ទេ​ គឺ​ថា​ យើង​រាស្ត្រ​សាមញ្ញ​ ត្រូវ​សូម​អង្វរ​ពួក​ទេវតា​ឱ្យ​រក្សា​មហាក្សត្រ​ខ្មែរ​។

១. ពួក​ទេវតា​ គំរាម​មិន​រក្សា​មហាក្សត្រ​

នៅថ្ងៃ​​ទី​១៧ខែតុលា​ឆ្នាំ​២០០៥​ លោក​ ហ៊ុន​ សែន​ បាន​ព្រមាន​រំលាយ​របប​រាជានិយម​ចោល​ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​​សាធារណរដ្ឋ​ បើ​ព្រះ​មហាក្សត្រ​មិន​ព្រម​ចុះ​ហត្ថលេខាលើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​វៀតណាម​កម្ពុជា​ឆ្នាំ​១៩៨៥ ដែល​កាល​ណោះ​ ទើប​តែ​ឡើង​គ្រង​រាជ្យ​ មិន​ទាន់​គម្រប់​មួយ​ខួប​ស្រួល​បួល​ផង​។ ក្រោយ​សម្តេច​តា​ដាក់​រាជ្យ​នៅ​ឆ្នាំ​២០០៤ រួច​ដល់​ដើម​ឆ្នាំ​២០០៦ បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​នាយករដ្ឋមន្ត្រី​, ព្រះ​មហាក្សត្រ និង​ព្រះ​មាតាបិតា​ ​បាន​យាង​ចេញ​ទៅ​ប្រទេស​ចិន​ទាំង​គ្រួសារ​។ ​សម្តេច​តា ​កាល​ណោះ​បាន​ចាត់​ទុក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ​ជា​ការ​ធ្វើ​អត្តឃាតសម្រាប់​​កម្ពុជា​ បាន​ប្រឆាំង​នឹង​សន្ធិសញ្ញា​នេះ​ដូច​គណបក្ស​ប្រឆាំង​និង​សង្គមស៊ីវិល​ដទៃ​ទៀត​ដែរ​ រួច​ព្រះ​អង្គ​ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​ចិន​ជាការ​សម្តែង​​បាតុកម្ម​ប្រឆាំងនឹង​លោក​នាយករដ្ឋមន្ត្រី​ ប៉ុន្តែ​បន្សល់​ទុក​បុត្រា ​ដែល​ទើបឡើង​​គ្រោង​រាជ្យ​នៅ​ក្នុង​ប្រទេស​ ជ្រើស​រើស​ដោយ​ក្រុម​ប្រឹក្ស​រាជ្យ​សម្បត្តិ​ គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​ ចុង​ក្រោយ​ក្សត្រ​ថ្មី​ក៏​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ដដែល​​ ទោះ​ក្រោយ​មក​បាន​ភៀស​ព្រះ​កាយ​ជា​មួយ​គ្រួសារ​ក៏​ដោយ​។ ប្រឈមមុខ​​នឹង​បុរស​ខ្លាំងតែ​មួយ​គត់​នៅ​កម្ពុជា​​ ព្រះ​មហាក្សត្រ​ពុំ​មាន​ជម្រើសអ្វី​​ច្រើន​ទេ​ មតិ​ខ្លះ​ថែម​ទាំង​យល់​ថា​ ព្រះ​អង្គ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​រាជវាំង​ខ្លួន​ឯង​ទៀត​ផង​។​​​​​​

ទោះ​បី​យ៉ាង​ណា​ ប្រជាពលរដ្ឋ​មិន​គួរ​បន្ទោស​ព្រះ​រាជា ​ចំពោះ​ភាព​អសកម្ម​និង​ភាព​គ្មាន​អំណាច​របស់​ទ្រង់​នោះ​ទេ​ ត្បិត​ព្រះ​អង្គ​ក៏​ជា​ជន​រង​គ្រោះដែរ​​ ជា​ពិសេស​សូម្បី​តែ​អតីតព្រះ​មហាក្សត្រ​​​ គូ​ប្រជែង​នយោបាយ​មាន​អំណាច​និមិត្ត​រូបដែលលោក​ ហ៊ុន​ សែន​ ​មិន​អាច​ប្រជែង​អំណាច​ដោយ​ផ្ទាល់​​បាន​ ក៏នៅ​ទី​បំផុត​នៅ​តែ​​ចាញ់​ក្រោម​ដៃ​សម្តេច​នាយក​ដដែល​​ នេះ​នៅ​មិន​រាប់​សម្តេច​ក្រម​ព្រះ​ រណឫទ្ធិ​ ក៏​ត្រូវ​បានសម្តេច​ផ្តួល​ដូច​គ្នា​​។ តួ​យ៉ាង​ កាល​ពី​អាណត្តិ​ទី១ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​ឆ្នោត​ហើយ​ ក៏​សម្តេច​តា​បាន​ត្រឹម​ជំរុញ​ឱ្យ​បុត្រ​ព្រះ​អង្គ ​សហការ​​ជាមួយ​នឹង​​លោក​ ហ៊ុន​ សែន​ តែ​ប៉ុណ្ណោះ​ ពុំ​​នោះ​ទេ​ នឹង​ត្រូវ​គេបញ្ជូន​ឱ្យ​​ទៅ​ធ្វើ​នាយករដ្ឋមន្ត្រី​នៅក្នុង​ភូមិ​តូច​មួយ,​ ការ​ចរចានេះ ​ក៏​បាន​​កើតចេញ​​ជា​រដ្ឋាភិបាល​ក្បាល​ពីរ​ ដែល​បក្ស​ដែល​មាន​អំណាច​ពិតប្រាកដ ​គឺ​ជា​គណបក្ស​ប្រជាជន​ដែល​ចាញ់​ឆ្នោត​​។ លោក​ Benny Widyono នៅ​ក្នុង​ស្នាដៃ​ ‘សាក្សី​ប្រវត្តិសាស្ត្រ​’ បាន​​រំឭក​ពី​បន្ទូល​សម្តេច​តា​ប្រាប់​លោក​ថា “សម្តេច​សីហនុ​ ក៏​ប្រាប់​ខ្ញុំ​រឿង​សម្ងាត់​មួយ​ដោយ​សើច​តិចៗ​ថា ​ព្រះ​អង្គ​បាន​ប្រាប់​ទ្រង់​រណឫទ្ធិ​ថា ​បើ​ទ្រង់​មិន​ចង់​សហការ​ទេ ​ព្រះ​អង្គ​អាច​នឹង​ត្រូវ​ចាត់​ឱ្យ​ទៅ​ធ្វើ​នាយករដ្ឋមន្រី្ត​​ក្នុង​ភូមិ​តូច​នៅ​អំពិល​នៅ​លើ​ដី​តូច​មួយ ​ត្រួត​ត្រា​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ដែល​គ្រប​ដណ្តប់​ប្រហែល​មួយ​ភាគ​រយ​នៃ​ទឹក​ដី​ប្រទេស​កម្ពុជា​”។ ក្រោយ​មក​ទៀត​ រាល់​ការ​ចរចា​ដែល​សម្តេច​តា​ជា​អាជ្ញាកណ្តាល​ សម្តេច​នាយក​តែង​តែ​ជា​អ្នក​ឈ្នះ​ ជា​អ្នក​បាន​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​ចរចា​ដដែល ព្រោះ​ការ​ចរចា​អាស្រ័យលើ​​អំណាច​ មិន​មែន​អាស្រ័យ​លើ​អាជ្ញាកណ្តាលនោះ​​ទេ​ អាជ្ញាកណ្តាល​បាន​ត្រឹមតែ​ជួយ​​សម្រប​សម្រួល​ប៉ុណ្ណោះ​​។

គួរ​បញ្ជាក់​បន្តិច​ដែរ​ថា​​ ដូ​ច​ទស្សនៈ​ខ្លះ​យល់​ឃើញ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​ឆ្នោតនៅ​អាណត្តិ​ទី​១ ពុំ​មែន​ដោយ​សារ​ប្រជាពលរដ្ឋ​ ភាគ​ច្រើន​គាំទ្រ​សម្តេច​ក្រម​ព្រះ​នោះ​ទេ​ តែ​ដោយ​សារនៅ​​គាំទ្រ​សម្តេច​តាតែ​ប៉ុណ្ណោះ​, ក៏ទំនង​មក​ពី​​ភាគ​ច្រើន​នៃ​ពួក​គេ ​​ពុំ​បាន​ដឹង​ពី​ការ​ពាក់​ព័ន្ធ​ដ៏​សាំ​ញ៉ាំ​របស់​​សម្តេចតា​នឹង​សង្គ្រាម​ស៊ីវិលនៅ​​ទសវត្ស​មុនៗ​​។ ចំណែក​គណបក្ស​ប្រជាជន​វិញ​ ចាញ់​ឆ្នោត​នៅ​អាណត្តិ​ទី​១​ ព្រោះ​ស្ទង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​មិន​បាន​ត្រឹម​ត្រូវ​, មោទនភាព​លើ​ជោគ​ជ័យ​ ៧ មករា ពេក​,​ មើល​ស្រាល​ស្មារតី​និយម​ខ្មែរ​ប្រឆាំង​វៀតណាម ដែលបន្ត​​កើន​ឡើង​ក្រោយ​មក​ ​និង​ពិសេសមើល​មិន​ឃើញពី​​​ការ​មិន​ទាន់​ដាច់​អាល័យ​ការ​ដឹក​នាំ​របស់ព្រះមហាក្សត្ររបស់​ប្រជាពលរដ្ឋ​ខ្មែរ​​។

ស្រប​ពេល​ប្រជាពលរដ្ឋ​ខ្លះ ហាក់ស្តី​​បន្ទោស​ស្តេច​ថា ចាំ​តែ​ប្រថាប់​ត្រា​លើក​លែង​ទោស​ឱ្យ​អ្នក​ទោស​នយោបាយ ឬ ​មន្ត្រី​គណបក្ស​ប្រជាជន​​ជាប់​ទោស តែ​​សម្តេច​​នៅ​ត្រូវ​ការ​,​ ឧ. អតីត​អភិបាលខេត្ត​រតនគិរី​​​ដែល​ចូល​រួម​ក្នុង​ការ​កាប់​បំផ្លាញព្រៃ​ឈើ​​លោក​ ខាំ​ ខឿន​, ផ្ទាប់​ត្រា​​តាមតែ​​សំណើ​នាយករដ្ឋមន្ត្រី​ មិន​ដែល​ហ៊ាន​ប្រកែក ​ឬ​លើក​លែង​ទោស​ដោយ​អង្គ​ឯង​​, ក៏​មាន​អ្នក​មួយ​ចំនួន​​ទៀត​ យល់​ចិត្ត​យល់​ថ្លើម​ មាន​សមាន​ចិត្ត ​ចំពោះ​ព្រះ​អង្គ​ដែរ​។ បើ​មិន​ជឿ​ទេ​ គេ​អាច​អាន​រាជសារ​ថ្មីៗ​របស់​ទ្រង់បាន​ ​ចុះ​ថ្ងៃ​ទី​២០​ កុម្ភៈ​ ២០១៧ ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស នៅ​មុន​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ថា ​‘‘សូម​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់​ ការ​គម្រាម​កំហែង​ ឬ​សម្លុត​ពី​ជន​ណា​ម្នាក់​ ឬ​បក្ស​ណា​មួយ​។’’ នរណា​ក៏​អាន​ឬ​ស្តាប់​ទៅ​ ដឹង​ថា​ ព្រះ​មហាក្សត្រទំនងសំដៅ​​ទៅ​កាន់​​លោក​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​ដែរ​ព្រោះមាន​​សារ​គំរាម ​ចេញ​ពី​មនុស្ស​ក្នុង​គណបក្ស​ប្រជាជនតាំង​ពី​២០១៣​ មក​ទល់​ឥឡូវ,​​ ការ​បក​ប្រែ​សារ​នេះ​ថា​ ព្រះ​អង្គ​ពេញ​ចិត្ត​នឹង​គណបក្ស​ប្រជាជន​ គឺ​ជា​ស្ទង់​​ចិត្តសាស្ត្រ​របស់​មនុស្ស​ពុំ​បាន​ត្រឹម​ត្រូវ​។

ជា​ការ​ត្រឹម​ត្រូវ​ ចំពោះ​ការ​ស្នើ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ពន្ធានាគារឆ្នាំ​២០១១ ដែលមាន​មាត្រា​មួយ​​ចែង​​ថា ​នាយករដ្ឋមន្ត្រី​ មាន​បុព្វ​សិទ្ធិ​ស្នើ​ព្រះ​មហាក្សត្រ​​លើក​លែង​ទោសឱ្យបុគ្គល​​ណា​ ដែល​លោក​ពិនិត្យ​ឃើញ​ថា​​ចាំ​បាច់និង​មាន​សារៈសំខាន់​ដល់​ប្រទេស​ជាតិ​។ រាជសិទ្ធិ​​លើក​លែង​ទោស​ពី​មហាក្សត្រ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ក្លាយ​ទៅ​ជា​បុព្វសិទ្ធិ​របស់​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ច្បាប់​ពន្ធនាគារ​ទៅ​វិញ ជា​ការ​ពិត​ណាស់​គឺ​​ផ្ទុយ​ពី​ឋានានុក្រម​ច្បាប់​ដែល​​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ ច្បាប់​ពន្ធនាគារ​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ មិន​មែន​បញ្ច្រាស​ឋានានុក្រម​ច្បាប់​បែបនេះ​ទេ​​។ ពាក្យ​ ‘ស្នើ​’ ស្តាប់​ទៅ​ធម្មតា​ គ្មាន​ឥទ្ធិពល​ តែ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែងវិញ​​ ស្នើ​ស្មើ​​បញ្ជា​ ព្រោះ​ក្នុង​ករណី​នេះ​ អ្នកត្រូវ​បាន​ដាក់​សំណើ​ គ្មាន​អំណាច​ជំទាស់​នោះ​ឡើយ​ ឧ. តាំង​ពី​ឡើង​គ្រង​រាជ្យ​មក​ ព្រះ​មហាក្សត្រ​មិន​ដែល​ហ៊ាន​លើក​លែង​ទោស​ផ្ទុយ​ពី​សំណើ​នាយករដ្ឋមន្ត្រី ឬ​ដោយការ​សម្រេចព្រះ​ទ័យ​​ផ្ទាល់​ព្រះ​អង្គ​នោះ​ឡើយ​។​ ​គេ​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចែង​ពី​ព្រះ​រាជសិទ្ធិលើក​លែង​ទោស​ឱ្យ​បាន​ច្បាស់​លាស់​ កុំ​ឱ្យ​បក​ប្រែ​ស្រេច​តែ​ចិត្ត​និង​វិសោធនកម្ម​ច្បាប់​ពន្ធនាគារ​លុប​មាត្រា​ដែល​ផ្តល់​បុព្វសិទ្ធិ​ដល់​នាយករដ្ឋមន្ត្រី​ស្នើ​លើក​លែងទោស​​ពី​ព្រះ​មហាក្សត្រ​​ដើម្បី​កុំឱ្យ​​នាយករដ្ឋមន្ត្រី​មាន​អំណាច​ពេក​ ឬ​អាច​រំលោភ​ព្រះ​រាជ​សិទ្ធិ​​ព្រះ​មហាក្សត្រ។ យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​គួរ​មាន​សុទិដ្ឋិនិយម​ទេ​ ព្រោះវា​នឹង​មិន​កើត​ឡើងឡើយ​ គ្មាន​នរណា​កែ​ច្បាប់​ ដើម្បី​បំបាត់​​​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​នោះ​ទេ គេ​កែ​ច្បាប់​ដើម្បី​ពង្រីក​ពងឹ្រង​អំណាច​ មិន​មែន​បន្ថែម​អំណាច​ខ្លួន​ឯង​នោះ​ឡើយ​​​។ ដរាប​ណា​សភា​ ដែល​អាច​កែ​ច្បាប់​នៅ​តែ​ក្តោប​ក្តាប់​​ដោយ​គណបក្ស​ប្រជាជន​​ ហើយ​ទោះ​វិសោធនកម្ម​ច្បាប់​​បាន​ក៏​ដោយ​ ក៏​តុលាការ​និង​ក្រុម​ប្រឹក្សា​រាជសម្បត្តិ​នៅ​តែ​ឋិតនៅ​ក្នុង​ដៃ​បក្ស​នេះ​ដដែល​នោះ​មាន​ន័យ​ថា​ រាជវង្ស​នរោត្តម​ នៅ​តែ​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​រាជវង្ស​​ហ៊ុន​​។​

ទោះ​បី​យ៉ាង​ណា​ មហាក្សត្រ​នៅ​តែ​មាន​ប្រយោជន៍​ សម្រាប់​លោក​នាយករដ្ឋមន្ត្រីនិង​គណបក្ស​របស់​លោក​​ ដូច្នេះ​ហើយ​ទើប​លោក​មិន​បាន​រំលាយ​របប​រាជាធិបតេយ្យអាស្រ័យ​រដ្ឋធម្មនុញ្ញ​ចោល ​​​ក៏​ទំនង​មក​ពីនៅ​ឆ្នាំ​២០០៥ ​ព្រះ​មហាក្សត្រ​ព្រម​ចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​បំពេញ​បន្ថែម​ឧបកិច្ច​ជូន​សម្តេច​ដែរ​។ លោក​ ហ៊ុន​ សែន​​ ក៏​ដូច​តួ​អង្គ​ឆាវ​ឆាវ​ ក្នុង​រឿង​សាម​កុក​ដែរ​ យល់​ថា​ បញ្ជា​ព្រះ​មហាក្សត្រ​បាន​ គឺ​ខ្លាំង​ជាង​ព្រះ​មហាក្សត្រ​ទៅ​ទៀត​, ឡើង​ធ្វើ​ស្តេច​មាន​ផល​ចំណេញ​អ្វី​ បើ​ខ្លួន​ឯង​មាន​អំណាច​ស្តេច​ទៅ​ហើយ​នោះ​, បើដណ្តើម​រាជ្យ​​នឹង​នាំ​មាន​ការ​បះបោរ​ប្រឆាំង​ ត្រូវ​រាស្ត្រ​ថ្កោល​ទោស​ថា​ជ្រែក​រាជ្យ​​ និង​បាត់​បង់​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​អ្នក​នៅ​ស្រឡាញ់​ព្រះ​មហាក្សត្រ​ បទ​ពិសោធ​ពី​ក្រុម​សាធារណរដ្ឋ ដែល​ទម្លាក់​សម្តេច​តា​ពី​ប្រមុខ​រដ្ឋ​ ចុង​ក្រោយ​រង​ការ​បះ​បោរ​ពី​អ្នក​គាំទ្រ​ស្តេច​ រហូត​ដល់​រក្សា​របប​​សាធារណរដ្ឋ​ខ្មែរ​របស់​​ខ្លួន​ពុំ​បាន​ផង​​។

២. ឧបរាជ​ ឆាវ​ សែន​

ក្រោយ​ពី​មាន​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ទៅ​លើ​ការ​ចាក់​ខ្សែ​ភាព​យន្ត​ សាម​កុក​ ថត​ថ្មី​ តាម​ចាក់​ទូរ​ទស្សន៍​នៅ​កម្ពុជា​ ពួក​គេ​យល់​ថា​ តាក់ទិច​ចាប់​ស្តេច​ជា​ចំណាប់​ខ្មាំង​នយោបាយ​ គឺ​ជា​តាក់ទិច​សាម​កុក​របស់​តួ​អង្គមេ​ទ័ព​​ ឆាវ​ ឆាវ​ ប្រដូច​នឹង​ ឆាវ​ សែន​ ដែល​កាន់​តំណែង​ជា​ឧបរាជ​ តែ​មាន​អំណាច​ស្តេច​តែ​ម្តង​ មិន​មែន​ស្មើ​ស្តេច​ទេ​ ព្រោះ​ស្តេចនគរ​ហាន​ ​វ័យ​ក្មេង គ្មាន​​អំណាច គ្មាន​ទាំង​សមត្ថភាព​​ធ្វើ​សឹក​ ​ធ្វើ​នយោបាយ​, ទ្រង់​ជាប់​ឃុំ​ឃាំង​ក្នុង​រាជវាំង​ខ្លួន​ឯង​ ឡោមព័ទ្ធ​​ដោយមនុស្ស ​ដែល​ជា​​ភ្នែក​ច្រមុះ​​របស់​ត្រកូល​ឆាវ​ ឈ្លប​មើល​ព្រះ​អង្គ​គ្រប់ម៉ោង​ពេល​។ គេ​ពុំ​បាន​ដឹង​ច្បាស់​ពី​ប្រភព​ណា​ ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​ជ្រាប​ពី​តាក់ទិច​នយោបាយ​ក្នុង​រឿង​សាមកុក​នោះ​ទេ​ ​មិន​ថា តាម​រយៈ​ការ​អាន​ស្នាដៃ​​សំណេរ​បក​ប្រែ​របស់​លោក​ នូ​ កន​ បោះ​ផ្សាយ​ដោយ​ពុទ្ធសាសន​បណ្ឌិត្យ​ ឬតាម​ដាន​​​ខ្សែ​ភាព​យន្ត​ថតចាស់​ឬ​ថ្មី​នោះ​ទេ​ គេនៅ​តែ​ពិបាក​រក ​សូម្បី​តែ​សន្ទរកថា​ណា​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ​ដែល​បាន​លើក​ឡើង​ពី​ខ្លឹម​សារ​សាច់​រឿង​សាម​កុក​ ធ្លាប់​តែ​ឮ​សម្តេច​និយាយ​ពី​រឿង​ឆ្មារ​និង​កណ្តុរតែ​ប៉ុណ្ណោះ​​។ ទោះ​ប្រិយ​មិត្ត​រឿង​សាម​កុកយល់​ថា​ សម្តេច​ដូច​​ឆាវ​ឆាវ​​ក៏​ដោយ​ ក៏ពុំ​មែន​​មាន​ន័យ​ថា​ សម្តេច​នាយក​ ហ៊ុន​ សែន​ មាន​សមត្ថភាព​ដូច​ឧបរាជ​ ឆាវ​ ឆាវ​ នោះ​ដែរ​ រឹត​តែ​មិន​គ្រប់​គ្រាន់​ជា​ភស្តុតាង​យក​មក​គាំទ្រ​សម្មតិកម្ម​ដែល​ថា​ លោក​នាយករដ្ឋមន្ត្រី​យក​តាក់ទិច ​ដែល​ឆាវ​ឆាវ​ប្រើ​ដាក់​មហាក្សត្រ​រាជវង្ស​ហាន មក​ប្រើ​លើ​រាជវង្ស​ខ្មែរ​​។ ​អ្វី​ដែល​គេ​អាច​ច្បាស់បាន​គឺ​ថា លោក ហ៊ុន ​ សែន​ នៅ​តែ​ជា លោក​ ហ៊ុន​ សែន​ ទោះ​លោក​បាន​រៀន​ពី​សាមកុក ​ឬ​ អត់​ លោក​នៅ​តែ​នឹក​ឃើញ​តាក់ទិច​នយោបាយ​ជា​ច្រើន​ បូក​រួម​ទាំង​តាក់ទិច ដែល​បាន​បន្ត​​ប្រើ​ដាក់​មហាក្សត្រ​ ពី​ព្រោះ​សម្តេច​ក៏នៅ​តែ​មាន​​​សម្តេច​តាជា​គំរូ​។

៣. សម្តេច​តា​ សម្តេច​នាយក​ ដូច​ឪពុក​និង​កូន?​

សម្តេច​តា​ជា​អ្នក​ប្រទាន​គោរម្សងារ​ ‘សម្តេច’​ ជូន​លោក​ ហ៊ុន​ សែន​ នៅ​ចុង​ឆ្នាំ​១៩៩៣ ​ថែម​ទាំងបាន​​ចាត់​ទុក​លោក​ជា​ ‘បុត្រា​ពិត​ប្រាកដ​​ក្នុង​ន័យ​​​នយោបាយ ឬ​កូន​ក្នុង​វិស័យ​នយោបាយ​’ ទៀត​ផង (True Political Son)។​ អតីតឯកអគ្គរាជទូត​អាស៊ី​ម្នាក់​បាន​រំឭក​ អតីតព្រះ​មហាក្សត្រ​​ធ្លាប់​បាន​មាន​ព្រះ​រាជ​បន្ទូល​​ សង្ឃឹម​ថា ​លោក​ ហ៊ុន​ សែន ជា​បុត្រា​, រណឫទ្ធិ​ ជា​គីម​ជុង​អីល​។ ជា​ទូទៅ​ ប្រជាពលរដ្ឋ​នៅ​ស្រឡាញ់អតីតស្តេច​​ ប៉ុន្តែ​មិនចូលចិត្តសម្តេច​, អ្វី​ដែល​ពួក​គេ​ពុំ​បាន​ដឹង​គឺ​ថា​ សម្តេច​នាយក​រៀន​ពី​សម្តេច​​​តា​ជា​ច្រើនទោះ​ មិន​ដឹង​​​ថា ​​​រៀន​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ ឬ​តាម​ខ្សែ​ទំនាក់​ទំនងដោយ​ផ្ទាល់ ​ឬមិន​ផ្ទាល់​​ពី​អតីត​មន្ត្រីសល់​ពី​សម័យសង្គមរាស្ត្រ​និយម​​​​, ​​ទាំង​តាក់ទិច​នយោបាយ​ប្រឆាំង​គូ​ប្រជែង​និង​វិធី​ទាក់​ទាញ​ប្រជាប្រិយ​ភាព​ចុះ​តាម​ជន​បទ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​លើស​ពី​ការ​គាប់​ចួន។​ ដូច​សម្តី​របស់​លោក​ ឆាង​ សុង​ អតីត​មន្ត្រី​ធ្លាប់​បម្រើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​​សម្តេច​តា​ និង​ជា​សមាជិក​ព្រឹទ្ធិ​សភា​គណបក្ស​ប្រជាជន​គឺ​ថា​ លោក​ ហ៊ុន​ សែន​ កាន់​តែ​ដូចទៅ​ៗ នឹង​​សម្តេច​សីហនុ​

ដេវិឌ​ ឆាណ្ឌល័រ​ បាន​អធិប្បាយ​សំយោគ​អំពី​ការ​ពាក់​ព័ន្ធ​របស់​សម្តេច​តា​នឹង​សម័យដឹក​នាំ​ក្រោយ​ៗ​មក​ ​នៅ​ក្នុង​ស្នាដៃ​ ‘ប្រវត្តិសាស្ត្រ​ខ្មែរ’​ របស់​លោកថា ​“ដោយ​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ​ជា​ដែន​សាមន្តរាជ​ផ្ទាល់​ ចាត់​ទុក​ប្រជារាស្ត្រ​ថា ​ជា​កូន​ចៅ​របស់​ព្រះ​អង្គ​ និង​អ្នក​ប្រឆាំង​ព្រះ​អង្គ​ថា ជា​​ជន​ក្បត់​នោះ​ សម្តេច​ សីហនុ​ ដោយ​​ប្រាស​ចាក​ប្រាជ្ញាញាណ​ បាន​រៀប​ចំ​របៀប​វារៈ សម្រាប់​ឱ្យ​កើត​ភាព​ច្របូក​ច្របក់​និង​ភាព​រវើរវាយ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​​, ក្តី​រន្ធត់​ឥត​ឧបមា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​, និង​នយោបាយ​ឱ្យ​មាន​គណបក្ស​តែ​មួយ​គត់​នៅ​ក្នុងសម័យ​ក្រោយ​បដិវត្តន៍​”។

សម្តេចតា ​​ធ្លាប់​មាន​ព្រះ​រាជ​បន្ទូល​ប្រាប់​អ្នក​កាសែត​បារាំង​ម្នាក់​ថា​ ‘‘ខ្ញុំ​គឺ​ជា​មេ​ដឹក​នាំ​ប្រទេស​ពី​កំណើត​…ហើយ​ពុំ​ដែល​មាន​នរណា​ម្នាក់​ប្រកែក​ថា​ អំណាច​របស់​ខ្ញុំ​មិន​ពិត​ឡើយ​’’។ មាន​ន័យ​ថា​ ព្រះ​អង្គ​ពុំ​បាន​យល់​​ឃើញ​ថា ​អំណាច​បាន​មក​ពី​ការ​គាំទ្រ​និងការ​​គោរពតាម​​បញ្ជារបស់​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ឡើយ​ តែ​គឺ​បាន​មក​កំណើត​ជា​ស្តេច​ផែន​ដី​ទៅ​វិញ​, ប្រទេស​កម្ពុជា​ប្រៀបបាន​​នឹង​រាជ្យ​សម្បត្តិ​របស់​ព្រះ​អង្គ​ ពុំមែន​ជា​កម្មសិទ្ធិ​​របស់​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​ទេ​។ ស៊ី​គ្នា​នឹង​សំណេរ​របស់​អ្នក​កាសែត​អាមេរិកាំង​នៅ​ទសវត្ស​១៩៦០​ ថា​ “កម្ពុជា​គឺ​សីហនុ”​ និង​របស់​អ្នក​និពន្ធ​បារាំង​ “ព្រះ​អង្គ​គឺជា​​រដ្ឋ [រដ្ឋាភិបាល​]​”។ គាប់​ចួន​ពេក​ទេ​ដឹង​ លោក​ Sebastian Strangio អ្នក​កាសែត​បរទេស​មួយ​រូប ​ដែល​បាន​សរសេរ​ស្នាដៃ​មួយ​អត្ថាធិប្បាយ​ពី​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ បាន​​​ដាក់​ចំណង​ជើង​ស្នាដៃ​របស់​លោក​ថា​ ‘កម្ពុជា​របស់​ហ៊ុន​ សែន​’ ។ លោក​ អៀ​ សុផល​ អ្នក​និពន្ធ​ស្នាដៃ​ ‘Aid dependence in Cambodia ឬ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​កម្ពុជា​’ចាត់​ទុក​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន​ សែន​ ថា​ដូច​ជា​របៀប​ដំណើរ​ការ​​ជំនួញ​គ្រួសារ​។

ស្នាដៃរបស់​លោក​ ឆាណ្ឌល័រ​ ​​​បាន​ឱ្យ​ដឹងជា​ច្រើន​ទៀត​​ថា ព្រឹត្តិការណ៍​នយោបាយ​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​​និយម​​ មាន​ការ​បង្ក្រាបដោយ​ហិង្សា​​ទៅ​លើ​គណ​បក្ស​ប្រជាធិបតេយ្យ​​​ដែលជា​​គូ​ប្រជែង​ចម្បង​នឹង​សម្តេច​តានិងការ​បង្ក្រាប​​បក្ស​ប្រឆាំង​នានាទៀត​, បំបែកនិង​តាម​យាយី​គណ​បក្សប្រជាធិបតេយ្យនេះ​ឥត​លែង​​​​ហើយ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៥៨ បក្ស​នេះ ​ក៏​បាន​រលត់​សូន្យពី​ឆាក​នយោបាយ​ ក្រោយ​មក​សមាជិកបក្ស​នេះ​ ដែល​​សេស​សល់​បាន​ចូល​រួម​ជា​មួយ​​របប​សាធារណរដ្ឋ​ខ្មែរ​​​​, នៅ​ថ្ងៃ​ទី​១៤ មករា​ ឆ្នាំ​១៩៥០ ​ការ​គប់​គ្រាប់​បែក​ចូល​ដល់​​ក្នុង​រដ្ឋ​សភា​ បណ្តាល​ឱ្យ​លោក​ អៀវ​ កើស​ ប្រធានរដ្ឋ​​សភានិង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ ​ត្រូវ​ពលី, ការរំខាន​ពី​សម្តេច​តា​ រហូត​ដល់​គណបក្សប្រជាធិបតេយ្យ​​បើក​អង្គ​ប្រជុំ​សភា​មិន​បាន​និង​​ការ​រំលាយ​រដ្ឋ​សភា​របស់​គណបក្ស​នេះ​ចោល​​, ការ​សម្លុត​និង​ផ្តល់​បុណ្យ​សក្តិ​ជា​ថ្នូរ​នឹង​ការ​ចូល​ជា​សមាជិក​សង្គមរាស្ត្រ​និយម​ ធ្វើ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​បាត់​បង់​សមាជិក​រាប់​រយ​នាក់​, នៅ​ខែ​កញ្ញា​ ១៩៥៧ ការ​វាយ​សំពង​របស់​​ទាហាន​និង​នគរ​បាល​ទៅ​លើ​ឥស្សរជន​គណបក្ស​ប្រជាធិបតេយ្យ៖ ​ ពួក​ប្រជាធិបតេយ្យ​​ ៥នាក់​ ក្រោយពី​ត្រូវ​បាន​សម្តេច​តា​ព្រមានបី​ម៉ោង​ រួច​​ចាក​ចេញ​ពី​វេទិកា​ជជែក​តទល់​គ្នា​ជា​សាធារណៈ​នៅ​ក្នុង​ព្រះ​បរមរាជវាំងចាក់​ផ្សាយ​​តាម​វិទ្យុជាតិ ក៏​ត្រូវ​បាន​ពួក​ទាហាន​ព្រួត​វាយ​, មន្ត្រី​យោធា​ដែល​ជាប់​ពាក់​ព័ន្ធនឹងការ​វាយ​ដំ​​នេះ​ សម្តេច​តាបាន​​បំពាក់​គ្រឿង​ឥស្សរិយយសឱ្យ​​ដោយ​សម្ងាត់​ក្រោយ​មក​, ពីរ​បី​ថ្ងៃបន្ទាប់​​ មនុស្ស​ប្រមាណ​ ៣០ ទៅ​ ៤០ នាក់​ ដែល​ទំនង​ជា​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​វាយ​តប់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ទៀត​,​ ការ​ចោទ​អ្នក​នយោបាយ​ប្រឆាំង​នឹង​ព្រះ​អង្គ​​ថា​ក្បត់​ជាតិ​ រួម​មាន​ លោក​ ដាប​ ឈួន​ ត្រូវ​បាន​រដ្ឋាភិបាល​សង្គមរាស្ត្រ​និយម ​តាម​ប្រមាញ់​និង​យក​សាក​សព​មក​អូស​​តាម​ផ្លូវ​ថ្នល់​រហូត​ដល់​គ្មាន​អ្វី​នៅ​សេស​សល់​ និងចោទពី​បទ​​ក្បត់​ជាតិ​ដូច​គ្នា​ចំពោះ​លោក​​ សម​ សារី​ ឪពុក​លោក​ សម​​ រង្ស៊ី​ បាន​និរទេស​ខ្លួន​និង​ក្រោយ​មក​ត្រូវ​បាន​ធ្វើ​ឃាតនៅ​ប្រទេស​លាវ​​ នៅ​ឆ្នាំ​១៩៦២ ឬ​៦៣?, បញ្ញវន្តភាគ​ច្រើន​នៅ​សម័យ​សង្គមរាស្ត្រ​ពុំ​បាន​ពេញ​ចិត្ត​នឹង​របប​ដឹក​នាំ​របស់​ព្រះ​អង្គនោះ​ទេ​ ការ​គាំទ្រ​ច្រើនចេញ​ពី​ពួក​កសិករ​, វិទ្យុ​ជាតិ​​ គឺ​ជា​មធ្យោបាយផ្សព្វ​ផ្សាយ​​ជា​ទីសព្វ​ព្រះទ័យ​របស់​សម្តេច​តា​​ ព្រោះព្រះ​អង្គ​អាច​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្តាប់​តែ​អង្គ​ឯង​ គ្មាន​ការ​ឆ្លើយ​ឆ្លង​ដេញ​ដោល​​​​​​, ​​ការ​បោះឆ្នោត​ឆ្នាំ​១៩៥៥ ដែល​មាន​បរិយាកាស​បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត សម្លាប់​អ្នក​ចុះ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ ហឹប​ឆ្នោត​មួយ​ចំនួន​​ដែល​គេគិត​ថា​ ក្នុង​នោះ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បាត់​,​​ កាសែត​ប្រឆាំង​ត្រូវ​បាន​បំបិទ​ ហើយ​នាយក​កាសែតទាំង​នោះ​​ ត្រូវ​បាន​ចាប់​​ញាត់​គុកដោយ​គ្មាន​ការ​កាត់​ទោស​​ ជា​លទ្ធផល​ បេក្ខ​​ជន​ពី​សង្គម​រាស្ត្រ​និយមឈ្នះ​ឆ្នោត​​ បាន​អាសនៈ​ទាំង​អស់​ក្នុង​​សភា​។

នេះ​ត្រឹម​តែជា​ការ​​បរិយាយ​សង្ខេប​ត្រួសៗ​ប៉ុណ្ណោះ​ អ្វី​ដែល​លោក​ ឆាណ្ឌល័រ​ សរសេរ នៅ​សម័យ​សង្គមរាស្ត្រ​និយម​ ពុំ​មែន​ជា​ការ​បក​ស្រាយ​អំពី​ព្រឹត្តិការណ៍​ បញ្ចេញ​បញ្ចូល​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក​និពន្ធ​នោះ​ទេ​ តែ​​ជា​ព្រឹត្តិការណ៍​ពិត​ជាក់​ស្តែង​ដែល​បាន​កើត​ឡើងមែន​​ បើ​គេ​ពុំ​ជឿ​ទេ​ អាច​អាន​ស្នាដៃ​ដទៃ​ទៀតបាន​​ ក៏គង់​តែ​​សរសេរក្នុង​ខ្លឹម​សារ​​ស្រដៀង​គ្នា​​​ដែរ​។

បើ​សម័យ​សង្គមរាស្ត្រ​និយម​មាន​អំពើ​រំលោភ​អំណាច​ច្រើន​បែប​នេះ​ ហេតុ​អ្វី​ក៏​ចាស់​ទុំមួយ​ចំនួន​ធំ​ដែល​រស់​នៅ​សម័យ​​នោះ ហើយ​​បន្ត​រស់​ដល់​សម័យ​នេះ​នៅ​តែ​ស្រឡាញ់​សម្តេច​តា​? ម្តេច​​យុវជន​មួយ​ចំនួន​បច្ចុប្បន្នដែល​រស់​នៅ​យុគ​សម័យព័ត៌មានទៅ​ហើយ​ ធ្លាក់​ផុង​ចូល​ក្នុង​ជំនឿ​នេះ​ដែរ​? ១.អ្នក​នៅ​ស្រឡាញ់អតីត​មហាក្សត្រ​​​ ជឿ​លើ​ប្រព័ន្ធ​ឃោសនារដ្ឋ​ ដែល​​​​ចុចយក​តែ​​គុណ​សម្បត្តិ​នៃ​សម័យ​សង្គមរាស្ត្រ​និយម​មក​ចាក់​បញ្ចាំង​តាម​ទូរ​ទស្សន៍​ បង្ហាញ​ពី​ជឿន​លឿន​នៃ​ឧស្សាហកម្ម​សិប្បកម្ម​នៅដំណាក់​កាល​ដំបូង​នៃ​​សម័យ​នោះ​​ បំភ្លេចអស់​​ព្រឹត្តិការណ៍​អវិជ្ជមាន​ទាំង​ឡាយដែល​កើត​ឡើង​ក្រោយ​មក​​ មិន​ខុស​​នឹង​ខ្សែ​ភាព​យន្ត​ស្តី​ពី​ស្នាដៃ​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន ឬ​រាជ​រដ្ឋាភិបាល​​បច្ចុប្បន្ន​នោះ​ទេ​, ​២.ប្រព័ន្ធ​អប់​រំ​ ដែល​ការ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​លក្ខណៈ​សើ​ៗ បង្រៀន​តែ​អ្វី​ដែល​រដ្ឋ​អំណាច​ចង់​ឱ្យ​ដឹងប៉ុណ្ណោះ​​, ឧ. សៀវភៅ​សិក្សា​អធិប្បាយ​ពី​សង្គមរាស្ត្រ​និយម​តិច​តួច​ បង្ហាញ​តែ​ពី​ស្នាដៃ​ទាម​ទារ​ឯករាជ្យ​ពី​បារាំង​របស់​សម្តេច​តា​ មិន​បង្ហាញ​ពី​ស្នាដៃ​កម្ទេច​បំបែក​គូ​ប្រជែង​នយោបាយនៅ​ក្នុង​ការ​ដឹក​នាំ​របស់​ទ្រង់​នោះ​ឡើយ​, ៣.ការ​និទាន​ពី​ចាស់​ទុំ​ដែល​យក​ចាំ​ចង​តែ​រឿង​ល្អៗ​ច្រើន​ជាង​រឿង​អាក្រក់​៖ ចាស់​ទុំ​ ដែល​មួយ​ចំនួន​ធំ​ ជា​កសិករ​ បាន​ដំណាល​ប្រាប់​ពី​ការ​ដាក់​ខ្លួន​របស់​ស្តេច​ មក​ស្ទូង​ស្រូវ​ជា​មួយ​រាស្ត្រ​ សម្តែង​ភាព​ស្និទ្ធ​ស្នាល​​ ដែល​ជា​តាក់ទិច​ប្រជាភិថុត​ អ្នក​នយោបាយក្រោយៗ ​​បាន​ចម្លង​យក​មក​ប្រើ​ដូច​គ្នា​ដែរ​ ទាំង​លោក​ ហ៊ុន​ សែន​ និង​ សម​ រង្ស៊ី​, ​អ្នក​ដឹក​នាំ​ដោះ​ស្រាយ​បញ្ហា​របស់​កសិករ​​ដោយ​គោលនយោបាយ​កសិកម្ម​ដែល​មាន​ប្រសិទ្ធភាព ​មិន​មែន​ដោយ​​ស្ទូង​ស្រូវ​ជា​មួយ​កសិករ​នោះ​ទេ​។ ​លើក​ឡើង​ពី​គូ្រ​បង្រៀន​ពី​សង្គម(‘ពី​សង្គម​’ ពាក្យ​ហៅ​កាត់​សំដៅ​ ‘សង្គម​រាស្ត្រ​និយម’​) មាន​ប្រាក់​ខែ​ខ្ពស់​ មាន​សីលធម៌​ល្អ​ មាន​សមត្ថភាព​ ប៉ុន្តែ​ពុំ​បាន​ឆ្លៀត​ប្រាប់ថា​​ គ្រូ​បង្រៀន​ សាស្ត្រាចារ្យ​ បញ្ញវន្ត​ ទាំង​នោះ​បាន​ដក​ការ​គាំទ្រ​ពី​ចលនា​សង្គមរាស្ត្រនិយម​​ច្រើន​ឡើងៗ​នោះ​ទេ។ លើក​ឡើងពី​​សមាជ​ជាតិនៅ​សម័យ​សង្គម​រាស្ត្រ​និយម​ ​ដែល​បង្ហាញ​ថា​ ក្សត្រ​ចេះ​ស្តាប់​រាស្ត្រ​ ប៉ុន្តែភ្លេច​រៀប​រាប់​ថា​ សមាជនោះ​យក​តែ​ប្រធាន​បទ​មិន​ចម្រូង​ចម្រាស​មក​ជជែកតែ​​ប៉ុណ្ណោះ​ ហើយ​ក្រោយមក​​មិន​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជាប់​លាប់ឡើយ​​។ ចាស់​ទុំ​ខ្លះ ​ក៏​ចង​ចាំ​រឿង​អវិជ្ជមាន​ខ្លះ​ដែរ​ ដូច​ជា​ការ​អំពាវ​ឱ្យ​ចូល​ព្រៃ​ជា​មួយ​ខ្មែរ​ក្រហម ​វាយ​រំលំរដ្ឋាភិបាល​​សាធារណរដ្ឋ​ខ្មែរ​ និង​អំពាវ​នាវ​ឱ្យ​កង​ទ័ព​របប​នេះ​ដាក់​អាវុធ​ចុះ​ចាញ់នៅ​ដំណាក់​កាល​​ចុង​ក្រោយនៃ​សង្គ្រាម​រវាង​ភាគី​ទាំង​ពីរ​​​ ខ្មែរ​ក្រហម​វាយ​ចូល​ទី​ក្រុង​ភ្នំ​ពេញ​ដោយងាយ​​ស្រួល អរគុណ​ការ​អំពាវ​នាវ​របស់​ព្រះ​អង្គ។ ៤. ការ​ចាក់​បញ្ចូល​មនោគមន៍​រាជានិយម​ (Indoctrination)៖ កម្ពុជា​ឋិត​នៅ​ក្រោម​របប​ស្តេច​ប្រមាណ​ ​២០០០ឆ្នាំ​, ការ​មើល​ទៅ​កាន់​ព្រះ​មហាក្សត្រ ឬ​អ្នក​ដឹក​នាំ​​ថា ​ជា​អ្នក​មាន​បុណ្យ​ មើល​ទៅ​កាន់​ព្រះ​រាជា​​សឹង​ប្រហាក់​ប្រហែល​នឹង​អាទិទេព​​ គឺ​ជា​ទស្សនៈ​ដែល​ប្រជារាស្ត្រ​នៅ​តែ​ជឿ​មក​ទល់​បច្ចុប្បន្ន​, រាជសព្ទ​ដាច់​ដោយ​ឡើយ​ បង្ហាញ​លក្ខណៈ​ពិសេស​របស់​ស្តេច​ដែល​ដាច់​ឆ្ងាយ​ពី​រាស្ត្រ​ធម្មតា​ ប្រជារាស្ត្រ​មិន​មែន​ត្រូវ​ថ្វាយ​បង្គំ​​ត្រឹម​ក្រោម​បាទ​ជើង​ស្តេច​នោះ​ទេ​ គឺ​ក្រោម​លំអង​ធូលី​ក្រោម​បាទជើង​ស្តេច​ទៅ​ទៀត​។​

ទោះ​ហេតុ​ផលមួយ​ចំនួន​តូច​​ទាំង​នេះ​ ប្រាកដ​ណាស់​ មិន​អាច​ក្តោប​សេចក្តី​បាន​ទាំង​អស់ឡើយ​​​ តែ​​គេនៅ​តែ​អាច​​យក​ព្រឹត្តិការណ៍​នៅ​សម័យ​សម្តេច​តា ​មក​ប្រៀប​ធៀប​នឹង​សម័យសម្តេច​​តេជោ​បាន​នោះ​ដែរ​។ ​សម័យ​តេជោ​​​មាន​ព្រឹត្តិការណ៍​កើត​ឡើង​ស្រដៀង​គ្នា​ ដូច​ជា​ ការ​គ្រាប់​បែក​ដៃ​ចូល​ហ្វូង​បាតុករ​នៅ​ឆ្នាំ​១៩៩៧​ និងគុប​​នៅ​មុខ​ក្រសួង​មហាផ្ទៃ​នៅ​ឆ្នាំ​១៩៩៨ ក្នុង​បំណងតែ​មួយ​គឺ​​ធ្វើឃាត​​មេគណ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី ប្រហាក់​ប្រហែលនឹង​​ឃាតកម្មមេគណ​បក្ស​ប្រជាធិបតេយ្យ​​លោក​ អៀវ​ កើស​, ការ​ចោទ​លោក​ សម​ រង្ស៊ី​ ថា​ក្បត់​ជាតិ​និង​កូន​អា​ក្បត់​ជាតិ​ ដូច​គ្នា​នឹង​ការ​ចោទ​របស់​សម្តេច​តា​ទៅ​លើ​លោក​ សម​ សារី​, ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​​ចាប់​ដាក់​ពន្ធានាគារដោយ​គ្មាន​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​ចំពោះ​អ្នក​នយោបាយ​ឬ​សកម្មជន​ប្រឆាំង​, ​ឃាតកម្ម​ទៅ​លើ​សកម្មជននយោបាយ មេសហជីព​​​អ្នក​ការ​ពារ​បរិស្ថាន​ ​អ្នក​សារព័ត៌មាន​ និង​សូម្បី​អ្នក​អត្ថាធិប្បាយតាម​សារព័ត៌មាន ស្រដៀង​គ្នា​តិចឬ​ច្រើន​នឹង​អ្វី ​ដែល​កើត​ឡើង​ចំពោះ​អ្នក​ប្រឆាំង​និង​រិះ​គន់​ព្រះ​មហាក្សត្រ​នៅ​សម័យ​សង្គមរាស្ត្រ​និយម​ដែរ​, ​​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ ដែល​បណ្តាយ​មន្ត្រី​សំខាន់​ៗជា​ច្រើន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវពលី​, ព្រឹត្តិការណ៍​​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​មុខ​រដ្ឋ​សភាកាល​ពី​ខែ​តុលា​២០១៥ រួច​ហើយ​​ដំឡើង​ឋានៈ​ដល់​អ្នក​ប្រព្រឹត្ត គឺ​អង្គរក្ស​សម្តេច​នាយក ឡើង​ជា​វីរសេនីឯក ​​សក្តិ​៥ ​​​ស្រដៀងគ្នា​នឹង​​ការ​វាយ​ឥស្សរជន​គណបក្ស​ប្រជាធិបតេយ្យ​ ​ក្រោយ​ចេញពី​​វេទិកា​ដេញ​ដោលនៅ​ព្រះ​បរមរាជវាំងដែរ​ ទាស់​​តែ​ត្រង់​ថា​ សម្តេច​តា​លើក​ទឹក​ចិត្ត​មន្ត្រី​យោធា​ដោយ​​​សម្ងាត់​ សម្តេច​នាយកវិញ​​ ផ្គើនបង្អួត​​តាមកញ្ចក់​​ទូរទស្សន៍​តែ​ម្តង​​​, ការ​បង្ក្រាប​បាតុកម្ម​ជា​ច្រើន​លើក​កម្រិត​ធ្ងន់​ស្រាល​ផ្សេងៗ​គ្នា, ការ​ត្រួត​ត្រា​គណកម្មការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត​ ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដែល​អ្នក​អង្កេតការណ៍​ជាតិ​អន្តរជាតិ​ជា​ទូទៅ​ចាត់​ទុកថា​​មិន​សេរី​និង​មិន​យុត្តិធម៌​ ប្រហែល​គ្នា​ដែរ​ សម័យ​សង្គមរាស្ត្រ​និយម​​ ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៥៥ សូម្បី​តែ​ហឹប​ឆ្នោត​ក៏​បាត់ដែរ​បែប​នេះ​នៅ​សម័យ​តេជោ​ គេ​តែង​ដោះ​សា​ថា ​​​‘កំហុស​បច្ចេកទេស​’, ការចូល​ចិត្ត​​ថ្លែង​សន្ទរកថា​នៅ​លើ​វេទិកា​តែ​ម្នាក់​ឯង​តាម​កញ្ចក់​ទូរទស្សន៍របស់​សម្តេច​ ដោយ​គ្មាន​ការ​ចោទ​សួរ​ដេញ​ដោល ស្រដៀង​គ្នា​នឹង​ការ​ផ្សាយតាម​​វិទ្យុ​​ជាតិ​មាន​ព្រះ​រាជ​បន្ទូល​តែ​អង្គ​ឯក​របស់​សម្តេច​តា,​ ការ​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ជម្រៀក ប្រហែល​គ្នា​នឹង​បំបែក​គណបក្ស​ប្រជាធិបតេយ្យ​​។ល​។​

សំណុំ​ព្រឹត្តិការណ៍​ដែល​ខុស​គ្នា​ដល់​ទៅ​កន្លះ​សតវត្ស​តែ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ទេ​, លោក​​ ឆាណ្ឌល័រ​ អះ​អាង​ត្រឹម​ត្រូវ​ដែល​ថា​ ប្រវត្តិសាស្ត្រ​កម្ពុជា​មាន​លំនាំ​ដដែលៗ​។ លើស​ពី​នេះ​ ប្រវត្តិ​វិទូ​រូប​នេះ​ ​​បានឱ្យ​ដឹង​អំពី​ការ​ដើរ​ជាន់​ដាន​ចាស់របស់​សម្តេច​​នាយក​​តាម​ Cambodia Daily ថា​“ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​លោក​ ហ៊ុន​ សែន​ មាន​ចរិត​​ហិង្សា​បែប​នេះ​ទេ។ លោក​ទំនង​ជា​ដើរ​តាមគន្លង​​ចាស់​របស់​សម្តេច​ សីហនុ​ នៅ​ទសវត្ស​១៩៦០ ដោយ​មិន​ដឹង​ខ្លួន​, ​ធ្វើ​ការ​ហួស​កម្លាំង​, អត្តទត្ថនិយម​យក​តែរួច​ខ្លួន​ឯង (runaway egotism)​, មាន​មនុស្ស​អែប​អប​ច្រើន​ពេក​ ហើយ​និង​មាន​គ្រឿង​​គំរាម​កំហែង​ពិត​ប្រាកដច្រើន​ពេក​​​និងគ្រឿង​គំរាម​កំហែង​ដែល​ចេះ​តែ​ស្រមៃ​ខ្លួន​ឯង​ច្រើនក្រៃ​ពេក​ផង​ ញ៉ាំង​ឱ្យ​សម្តេច​តា​ វិល​វល់​រហូត​គ្រប់​គ្រង​លែង​បាន”​។ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខ្មែរ​វិញ​ក៏​យល់​ឃើញ​មិន​ខុស​​គ្នា​ដែ​រ​ លោក​ មាស​ នី​ នៅ​ក្នុង​បទសម្ភាស​ជា​មួយ​នឹង​អាស៊ី​សេរី​ បាន​ប្រដូច​ការ​ប្រឈម​នឹង​ចលនា​ប្រជាធិបតេយ្យរបស់​សម្តេច​នាយកបច្ចុប្បន្ន​​ ទៅ​នឹង​ការ​ព្យាយាម​ទប់​ស្កាត់​ចលនា​ប្រជាធិបតេយ្យ​នៅ​សម័យ​សង្គម​រាស្ត្រនិយម​។ នៅ​សម័យ​សង្គមរាស្ត្រនិយម​ដែល​ដំបូង​មាន​ទំនាក់​ទំនង​ល្អ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ អាមេរិក​​ ក្រោយ​មក​ទោរ​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត​ បញ្ញវន្ត​ដែល​បាន​រៀន​សូត្រ​ពី​លទ្ធិប្រជាធិបតេយ្យ ក្រោម​ចំហាយ​ឥទ្ធិពល​ពី​ប្រទេស​បារាំង​និង​​អាមេរិក​ មាន​ការ​បង្កើត​គណបក្សប្រជាធិបតេយ្យ​តាំង​ពី​ចុង​សម័យ​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ​។ ប៉ុន្តែ​ក្រោយ​មក សម្តេចតា ដែល​ស្ថិត​នៅ​ក្នុ​ង​ស្ថាន​ភាពរង​ការ​គំរាម​កំហែង​ពី​ចលនា​ប្រជាធិបតេយ្យ​ ​ប្រហាក់​ប្រហែល​នឹង​សម្តេច​ ហ៊ុន​ សែន ប្រឈម​នឹង​បដិវត្តន៍​ពណ៌ឬ​ចលនាអំណាច​​ប្រជាជន​ទាម​ទារ​​លទ្ធិ​ប្រជាធិបតេយ្យ​បច្ចុប្បន្នដែរ​ បាន​ព្យាយាមយ៉ាង​សម្បើម​ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​ប្រជាធិបតេយ្យ​នេះ​ រហូត​ដល់​រំលាយ​គណបក្ស​ប្រជាធិបតេយ្យ​ចោល​ប្រហែល​គ្នា​នឹង​ការ​ប៉ុន​ប៉ងបំបែក​បំបាក់​និង​​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ធ្វើ​ឡើង​ដោយ​សភា​ឯ​កបក្សរបស់​គណបក្ស​ប្រជាជន​លោក​ ហ៊ុន​ សែន​ ថ្មីៗដែរ​​​។ ទោះ​ប្រឹង​ប្រែង​យ៉ាង​ណា​ ទី​បំផុតទៅ​​របបសង្គមរាស្ត្រនិយម​នៅ​តែ​ដួលរំលំដដែល​ ប៉ុន្តែ​ព្រះ​អង្គ​មិនបាន​​បោះ​បង់​អំណាច​ដោយ​ងាយៗ​ភ្លាម​ទេ​ ហើយ​បន្ត​តស៊ូ​ប្រជែង​យក​អំណាច​វិញ​ ដោយជួយ​​ខ្មែរ​ក្រហម​ក្នុងការ​​កៀង​គរ​អំពាវ​នាវ​ឱ្យ​កូន​ចៅ​ព្រះ​អង្គ​ចូល​ព្រៃ​ វាយ​រដ្ឋាភិបាល​របប​សាធារណរដ្ឋខ្មែរ​​ គាំទ្រដោយ​​ចក្រពត្តិ​អាមេរិក​ដើម្បី​យក​អំណាច​មក​ថ្វាយ​ទ្រង់​វិញ​ ទោះ​បង្កជា​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​យ៉ាង​ណា​ ប្រហែល​គ្នា​នឹងការ​អះ​អាង​របស់​សម្តេច​ដែលមាន​ខ្លឹម​សារ​​ថា​ សុទ្ធ​ចិត្ត​អូស​​ប្រទេសឱ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ បើ​ករណី​ខ្លួន​ចាញ់​ឆ្នោត​ ឬ​អស់​អំណាច​​។ ជា​រួម​ ទោះ​ជា​ចំណែក​នៃ​សង្គ្រាម​ត្រជាក់ មាន​ការ​លូក​ដៃ​ពី​បរទេស​ច្រើន​ភាគី​​ក៏​ដោយ​ សង្គ្រាម​ស៊ីវិល​កម្ពុជា​នៅ​ទសវត្ស​១៩៧០ ក៏​មាន​​ចំណែក​មួយ​ ជា​ទំនួល​​​ខុស​ត្រូវ​របស់​សម្តេច​តា​នោះ​​ដែរ​។

លេស​ថា ​ព្រះ​អង្គ​ត្រូវ​ខ្មែរ​ក្រហមក្បត់​ ក្រោយ​ផ្តួល​រំលំ​រដ្ឋាភិបាល​សាធារណរដ្ឋ​បានជោគ​ជ័យ​​ហើយ​ បែរ​​ជា​មិន​បាន​​ប្រគល់អំណាច​​ជូន​ទ្រង់ មិន​អាច​យក​មក​ដោះ​សា​ពី​ការ​ពាក់​ព័ន្ធ​របស់​ព្រះ​អង្គ​ក្នុង​ការ​ជួយ​​កៀង​គរកម្លាំង​ឱ្យ​ខ្មែរ​ក្រហម​​នោះ​ឡើយ​, គេ​អាច​យល់​បាន​ថា​ ​នៅ​ពេល​ខ្មែរ​ក្រហម​ជាប់​ក្លិនអសោចន៍​ដូច​បច្ចុប្បន្ន​ អ្នក​ដែល​មាន​អតីត​ជា​មួយ​ខ្មែរ​ក្រហម​នឹង​ព្យាយាម​ពង្រីក​គម្លាត​សាវតារបស់​ខ្លួនពី​​ខ្មែរ​ក្រហម ដើម្បី​រក្សា​កត្តិយស​របស់​ខ្លួន​។​ ម្យ៉ាង​ សម្តេច​តា​ក៏​សក្តិ​សម​នឹង​ត្រូវ​ខ្មែរ​ក្រហម​ក្បត់ដែរ​​ ពី​ព្រោះព្រះ​អង្គ​បាន​តាម​បំផ្លាញ​ចលនា​កុម្មុយនិស្ត​ខ្មែរ​តាំងពី​ដើម​ទីនោះ​​ដែរ​, ប្រគល់​អំណាច​ជូន​អ្នក​ដែល​បាន​តាម​យាយី​​ក្រុម​របស់​ខ្លួន​ គឺ​មិន​ខុស​ពី​ធ្វើ​អត្តឃាត​នោះ​ទេ​។​ ស្នាដៃ​ ‘សុបិន​និង​ការពិត’ ភាគ​១ របស់​លោក​ វ៉ាន់​ឌី​ កាអុន បាន​ឱ្យ​ដឹង​​ថា៖​

នៅ​ឆ្នាំ​១៩៥៥-៥៧ នោះ​ សម្តេច​ សីហនុ​ ធ្វើ​ការ​គាប​សង្កត់​ទៅ​លើ​អ្នក​ទាំង​អស់​នោះ​ឥត​ត្រា​ប្រណី​។ មិន​តែ​ប៉ុណ្ណោះ​សោត​ ព្រះ​អង្គ​បាន​បំបែក​បំបាក់​ពួក​កុម្មុយនិស្ត​ខ្មែរ​ទាំង​នោះ​បាន​ផង​ទៀត។ មេ​កុម្មុយនិស្ត​ខ្លះ​ ដូច​ជា​ សៀវ​ ហេង​ ជា​ដើម​ ក៏​បាន​ក្បត់​នឹង​ចលនា​របស់​គេ​ សុខ​ចិត្ត​ធ្វើ​ជា​ភ្នាក់​ងារ​សម្ងាត់​របស់​ព្រះ​អង្គ​ថែម​ទៀត​នៅ​ឆ្នាំ​១៩៥៩។ នៅ​ឆ្នាំ​១៩៥៩ នោះ​ សៀវ​ ហេង​ បាន​បំផ្លាញ​ចលនា​របស់​គេ ​ចោល​អស់​ជិត ​៩០ភាគ​រយ​ ដើម្បី​ចូល​បម្រើ​ សម្តេច​ នរោត្តម​ សីហនុ​។ […] ចាប់​តាំង​ពី​១៩៥៦ នោះ​មក​ ចលនា​របស់​ខ្មែរ​កុម្មុយនិស្តនៅ​តាម​ជន​បទ​ បាន​ស្រុត​រលំ​សឹង​តែ​ទាំង​អស់​ គឺនៅ​សល់​តែ​អ្នកដែល​ពួន​សំងំ​ធ្វើ​សកម្មភាព​​​នៅ​ទី​ក្រុង ដូច​ជា​ ប៉ុល ពត​​​ ជា​ដើម​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​គឺ​អ្នក​ទាំង​អស់​នោះ​ហើយ​ ដែល​ក្រោយ​មក​ បាន​ខិត​ខំ​ស្តារ​ចលនា​កុម្មុយនិស្ត​ខ្មែរ​ឡើង​វិញ​។

មិន​មែន​តែ​ពួក​ប្រជាធិបតេយ្យ​ខ្មែរ​ទេ​ ដែល​សម្តេច​តា​តាម​ចង​ពៀរ​ ពួក​កុម្មុយនិស្ត​ខ្មែរ​ក៏​រង​គ្រោះ​ដូច​គ្នា​ ក៏​ព្រោះ​ព្រះ​អង្គ​ចាត់​ទុក​ពួក​គេ​ទាំង​អស់​នោះ ​ជា​សត្រូវ​នយោបាយ​ អាច​ដណ្តើម​អំណាច​ពី​ទ្រង់​។ ហេតុ​អ្វី​សម្តេច​ខ្លាច​គេ​ដណ្តើម​រាជ្យ ​ឬ​អំណាច​ពី​ទ្រង់​ខ្លាំង​ម្ល៉េះ​? ទំនង​ជា​ដើម​ហេតុ​!

នៅ​ថ្ងៃ​រាជាភិសេក​ព្រះ​ករុណា​ នរោត្តម​ សីហនុ​ ០៣​​ ឧសភា​ ១៩៤១​ ទាន​រាជ​ ដែល​មាន​ទំហំ​ធំ​ តម្រូវ​ឱ្យ​ឆេះ​ជា​និច្ច​ក្នុង​កំលុង​ពេល​រាជាភិសេក​ ប៉ុន្តែ​រាត្រី​មួយ​នោះ​ ក៏​រលត់​សូន្យ​ឈឹង​, ហោរ​ហ្លួង​ក៏​ទស្សន៍​ទាយឃើញ​​ថា​ រជ្ជកាល​សម្តេច​តា​នឹង​មាន​វិនាសកម្មនិង​​ភយន្តរាយ​ដោយ​រដ្ឋ​ប្រហារ​។​ ប្រផ្នូល​អាក្រក់​នេះ ​ត្រូវ​បាន​មហាក្សត្រយានី​ កុសមៈ​ មាតា​ សីហនុ​ បញ្ជាឱ្យ​​បិទ​បាំង​។ សម្តេច​តា​ទំនង​ជា​បាន​ជ្រាបពី​ទំនាយ​នេះ​ និង​បារម្ភ​ខ្លាច​​វា​ក្លាយ​ជាការ​​ពិត​ទេ​ដឹង​? ទើបព្រះ​អង្គ​ចេះ​តែ​រវើរ​រវាយ​​​ខ្លាច​មាន​អ្នក​ជ្រែក​រាជ្យ​ដណ្តើម​អំណាច​ពី​ទ្រង់,​ គាប់​ចួន​អី​ នៅថ្ងៃទី១៩កញ្ញា​ឆ្នាំ​១៩២៥ ទារក​​ កេង​ វ៉ាន់​សាក់​ ខ្សែ​រាជវង្ស​ស៊ីសុវត្ថិ​ ដែល​បាន​កើត​ក្រោយ​សម្តេច​តា​ ​៣​ឆ្នាំ​ ក៏​ត្រូវ​បាន​ហោរ​ទាយ​ថា ធំ​ដឹង​ក្តី​ឡើង​​នឹង​កម្ចាត់​រាជានិយម​ចោលពី​ទឹក​ដី​​ទៅ​ទៀត​។ តើ​អារម្មណ៍ទាំង​​នេះ​ឬ​​ដែល​​ ដេវិឌ​ ឆាណ្ឌល័រ​ ពណ៌នា​ថា ​ជា​គ្រឿង​គំរាម​កំហែង​ដែលសម្តេច​តា​​ចេះ​តែ​ស្រមើល​ស្រមៃឡើង​ដោយ​​ខ្លួន​ឯង (Imagined threats)? យ៉ាង​ណា​មិញ​ មតិ​ខ្លះ​លើក​ឡើង​ថា​ ដោយ​សារ​ទទួល​បាន​ការ​អប់​រំ​ពី​ប្រទេស​​បារាំង​ សម្តេច​តា​ប្រាកដ​ជា​បាន​ជ្រាប​ពីព្រឹត្តិការណ៍​​បដិវត្តន៍​បារាំង​ឆ្នាំ​១៧៨៩ ដែល​បាន​ផ្តួល​រំលំ​របបរាជាធិបតេយ្យ​ កាត់​ក្បាល​ស្តេច​បារាំង​ល្វី​ទី​១៦​ ជា​មូល​ហេតុ​មួយ​ញ៉ាំង​ឱ្យ​​សម្តេច​តា​ខ្លាច​កើត​ឡើង​ចំពោះ​ទ្រង់​ដូចគ្នា​​ ទើប​​ទ្រង់​ស្អប់និង​កម្ទេច​​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ទ្រង់​ហៅក្រុម​នេះ​ថា​​ ‘ដេម៉ូៗ ឬ​អា​ពួក​ប្រជាធិបតេយ្យ​​’ (Democrat) នោះ​។ យ៉ាង​ណា​ក៏​ដោយ​ ទំនាយ​នេះ​ដូច​ជា​ពុំបាន​ប្រាប់​ពី​អ្នក​បង្ក​ទេ​ គ្រាន់​តែ​ទាយ​ពី​ព្រឹត្តិការណ៍​អាក្រក់​ដែល​នឹង​កើត​ឡើង​ប៉ុណ្ណោះ​ ហើយ​ពិត​ជា​មាន​មហន្តរាយ​ចេញ​រដ្ឋប្រហារ​មែន​ក្នុង​រជ្ជកាល​ព្រះ​អង្គ​។

ជា​រួម​ ទោះ​មានហេតុ​ផល​អ្វី​ក៏​ដោយ​ ទី​បំផុត​ មិន​ថា​ពួក​ប្រជាធិបតេយ្យ ​ឬ​ ពួក​កុម្មុយនិស្ត​នោះ​ទេ​ សុទ្ធ​តែ​ត្រូវ​សម្តេច​តា​តាម​ឈ្នានីស​ ចុង​ក្រោយ​ គ្មាន​ក្រុម​ណា​មួយ​​ឈរ​ខាង​ព្រះ​អង្គ​នោះ​ទេ​ ពួក​ខ្មែរ​ក្រហម​រណប​ចិន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​ ហើយ​មិនបាន​​ផ្ទេរ​អំណាច​ជូន​ទ្រង់ឡើយ​​ ពួក​សាធារណរដ្ឋ​ប្រជាមានិតរណប​វៀតណាម​ ក៏​ធ្វើ​ដាក់​ទ្រង់អ៊ីចឹង​ដូច​​​គ្នា​ ទោះ​បី​ទ្រង់​​បាន​ទោរ​ទៅ​កុម្មុយនិស្ត​ចិន​ និងធ្លាប់​ជួយ​​វៀតណាម​​ក្តី​។

និយាយ​ពី​ការ​បំបែក​​ពួក​កុម្មុយនិស្ត​និង​ពួក​ប្រជាធិបតេយ្យ​របស់​សម្តេច​តា​, សម្តេច​នាយកក៏​បាន​ផ្តួល​រំលំ​និង​បំបែក​បំបាក់​ខ្មែរ​ក្រហម​ដូច​គ្នា​ញ៉ាំង​ឱ្យ​មេ​ខ្មែរ​ក្រហម អៀង​ សារី នៅ​ឆ្នាំ១៩៩៦ ដឹក​នាំកង​ទ័ពខ្មែរ​ក្រហម​​​មួយ​ចំនួន​ចុះ​ចូល​នឹង​រដ្ឋាភិបាល ឬបើ​ពោល​ឱ្យ​ត្រូវគឺ​​ ចុះ​ចូលនឹង​​​គណបក្ស​ប្រជាជន​​, មិន​មែន​បំបែក​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ប៉ុន​ប៉ង​​បំបែករំលាយ​តែ​​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ អ្នក​អះ​អាង​ថា​ ខ្មែរ​មិន​គួរ​ឈ្លោះនឹង​​ខ្មែរ​ ហាក់​ដូច​ជា​ឱ្យ​តម្លៃលើ​​កត្តា​ជាតិសាសន៍​ពេក​ហើយ​ ព្រោះ​ជាតិ​សាសន៍ដូច​គ្នា​មិន​ប្រាកដ​ថា​មិន​ឈ្លោះ​គ្នា​នោះ​ទេ​ ភស្តុតាង​ប្រវត្តិសាស្ត្រខ្មែរ​ឆ្លុះ​បញ្ចាំង​ផ្ទុយ​ស្រឡះ​,​ បើ​ពោល​ឱ្យ​អាក្រក់​​ស្តាប់ដើម្បី​ឱ្យ​ស៊ី​នឹង​ទស្សនៈ​អវិជ្ជមាន​ដែល​ខ្មែរ​មើល​ទៅ​កាន់​គ្នា​ គឺ​ថា​​ ខ្មែរ​ខាំ​គ្នា​ឯង​ដរាប​មក​យ៉ាង​ហោច​ណាស់​ក៏​តាំង​ពី​សង្គមរាស្ត្រ​និយម​មក​ទល់​ឥឡូវដែរ​ បើ​មិន​រាប់​សម័យ​អាណានិគមនិយមបារាំង​​​, ទស្សនៈ​ថា​ ខ្មែរ​ជា​ពូជ​សាសន៍​ចេះ​ស្រឡាញ់​គ្នា​ ប្រហែល​ជាត្រឹម​​ត្រូវ​តែ​ចំពោះ​រាស្ត្រ​សាមញ្ញតែ​ប៉ុណ្ណោះ​​ ឥស្សរជន​ខ្មែរ​វិញ​ខាំ​គ្នា​ដណ្តើម​អំណាច​ពី​គ្នា​តាំង​ពី​ទឹក​ដី​ធំ​ធេង​ រហូត​ដល់​ប៉ុន​មេ​ដៃ​ ក៏​នៅ​តែ​ខាំ​គ្នា​។​

ផល​ប្រយោជន៍​ចេញ​ពី​ការ​រក្សា​គម្លាត​ពី​ខ្មែរ​ក្រហម​ គ្មាន​នរណា​យល់​ច្បាស់​ជាង​គណបក្ស​ប្រជាជននោះ​​ទេ​​ គណបក្ស​កាន់​អំណាច​​​ព្យាយាម​លុប​បំបាត់​សាវតា​នេះ​​ មិន​ចង់​ឮ​គេ​រំឭកថា​ ខ្លួន​ជា​​អតីតខ្មែរក្រហម​រត់​ចោល​ជួរចូល​ដៃនឹង​​​វៀតណាម​, ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស​ ពី​គណបក្ស​ប្រជាជន​បដិវត្តន៍កម្ពុជា​ មក​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​កុំ​ឱ្យ​នៅ​ជាប់​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ខ្មែរ​ក្រហម​, ប៉ុន្តែ ​គណបក្ស​ប្រជាជន​នៅ​តែ​​ចូល​ចិត្ត​ហៅ​បក្ស​ប្រឆាំង​ថា​ មាន​ចរិត​លក្ខណៈ​ដូច​ខ្មែរ​ក្រហម និង​យក​តាក់ទិច​ខ្មែរ​ក្រហម​មួយ​ចំនួន​មក​ប្រើទៅ​វិញ​,​ ឧ. ឈ្លប​ស្តាប់និង​ដឹក​នាំ​បែប​ចាត់​តាំង​​, ធ្វើ​ដូច​ជា​ស្អប់ខ្មែរ​ក្រហមខ្លាំង​ណាស់​អ៊ីចឹង​​ ស្ទើរ​តែ​ភ្លេច​ខ្លួនថា​​​​បាន​ចូល​រួម​នឹង​ខ្មែរ​ក្រហមផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​ នៅ​ដំណាក់​កាល​ដំបូង​​​ទៅ​ហើយ​, ​រហូតដល់​​ធ្លាប់​បាន​លើក​សំណើ​ចង់​ធ្វើ​ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ថ្ងៃ​៧មករា​ ឬ​សោកនាដកម្ម​នៅ​សម័យ​ខ្មែរ​ក្រហម​ទៅ​ទៀត​​។ ឧបមា​ថា​ របប​ខ្មែរ​ក្រហមនៅ​តែ​​ដឹក​នាំ​ប្រទេសមក​ទល់​បច្ចុប្បន្ន​​ គ្មាន​ការ​លាយ​ជម្រះ​ពួក​តំបន់​បូព៌ា​ ប្រហែល​ជា​ក្រុម​រត់​ចោល​ជួរនៅ​តំបន់​បូព៌ា​ ​មិន​ចាំបាច់​រត់​ទៅ​វៀតណាម​ទេ​, ថា​មិន​ត្រូវ បើ​ខ្មែរ​ក្រហម​មិន​បែក​បាក់​គ្នា​ វៀតណាម​វាយ​មិន​បែក យក​ទី​ក្រុង​មិន​បាន​​នោះ​ទេ​,​ បុគ្គលមួយ​ចំនួន​ក្នុង​គណបក្ស​ប្រជាជន​ដែល​ជា​អតីត​ខ្មែរ​ក្រហម​ នឹងអាច​​​ឡើង​កាន់​ការ​ធំ​ដដែល​ផងក៏​​មិន​ដឹង​ បើ​តាម​​សមត្ថភាព​ធ្វើ​នយោបាយ​និង​​សមត្ថភាព​បត់​បែនរបស់​ពួក​គេ​​ ដូច​ជា​ លោក​ ហ៊ុន​ សែន​ និង ​គាត​ ឈុន ជា​ដើម​, រួច​នឹង​ធ្វើ​ច្បាប់​មិន​ឱ្យ​ប្រមាថ​ខ្មោច​មេ​បក្ស​កុម្មុយនិស្ត​ខ្មែរ​ ប៉ុល​ ពត​ ផង​ក៏​ថា​បាន​​​​​។ ដោយ​សារ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​មិន​មែន​ប្រជាធិបតេយ្យ​ជា​ច្រើន​នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា ​របបរាជាធិបតេយ្យ​, របប​សង្គមរាស្ត្រ​និយម,​ របប​សាធារណរដ្ឋខ្មែរ,​​​ របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​សុទ្ធ​តែ​មិន​មែនរបប​​ប្រជាធិបតេយ្យ​ (របប​សាធារណរដ្ឋ​ខ្មែរ​ពិបាក​រាប់​ចូល​ជា​ប្រជាធិបតេយ្យ​ ព្រោះ​ភាព​ស្រពិចស្រពិល​នៃ​ការ​ដឹក​នាំ​ប្រទេស​នៅ​ក្នុង​ស្ថានភាព​សង្គ្រាម​ស៊ីវិល, ការ​បែង​ចែក​អំណាច​មិន​ច្បាស់​លាស់​, អំពើ​ពុក​រលួយ​បក្ស​ពួក​និយម, ជីវិត​របប​នេះ​មាន​ត្រឹម​តែ​៥ឆ្នាំ​ បូក​រួម​នឹង​រចនាសម្ពន្ធ​អំណាច​ដ៏​សាំ​ញ៉ាំ​ ពិបាក​កំណត់​ដាច់​ស្រេច​​​​) ដូច្នេះ​គេ​ពិបាក​ជឿ​ថា​ របប​ឧកញ៉ាធិបតេយ្យ​របស់​សម្តេចនាយក ដែល​វិវត្ត​ពី​របបសង្គមនិយម​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ក្រោម​អាណានិគម​វៀតណាម​​នឹង​នៅ​តែ​គង់​វង្ស​ជា​និរន្តរ៍​ណាស់​ ទោះ​គណបក្ស​សង្គ្រោះ​ជាតិមិន​មែន​ជា​គូ​ប្រជែង​ស្មើ​កម្លាំង​នឹង​គណបក្ស​ប្រជាជន​ក៏​ដោយ​ ក៏​គ្មាន​កម្លាំង​អ្វី​ស្មើ​កម្លាំង​ពលរដ្ឋ ​ឬ​អំណាច​ប្រជាជន​នោះ​ដែរ​។

អ្នក​វិភាគ​ជា​ច្រើន​តែង​បន្ទោស​ក្រុម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​សម្តេច​តា​​ ឯលោក​នាយករដ្ឋមន្ត្រី​ក៏​បាន​អះ​អាង​ជា​ច្រើន​ដងដែរ​​ថា​ វិបត្តិកម្ពុជាចាប់​ផ្តើម​និង​ជះ​ឥទ្ធិពល​​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារទម្លាក់​សម្តេច​តា​ឆ្នាំ​១៩៧០។ តាម​​ស្នាដៃ​ ‘ប្រវត្តិ​សាស្ត្រ​ខ្មែរ’​ របស់​លោក​ ឆាណ្ឌល័រ​ បាន​ឱ្យ​ដឹង​ថា “នៅ​ពេល​សម្តេច​ព្រះ​សីហនុ​ បាន​យាង​ចេញ​ពី​ស្រុក​ទេស​ដើម្បី​វិស្សម​កាល​ប្រចាំ​ឆ្នាំ​របស់​ព្រះ​អង្គ​ នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​១៩៧០​ មាន​មនុស្ស​ជា​ច្រើន​បាន​បកស្រាយ​ការ​យាង​ចេញ​ដំណើរ​នេះ​ថា​ជា​ កា​រ​លប​រត់។” បើ​ព្រះ​អង្គ​មិន​បាន​ចាក​ចេញ​ពី​ប្រទេស ​ពេល​​ស្រុកកំពុង​​មាន​អាសន្ន​ធ្ងន់ទាំង​ក្នុង​ទាំង​ក្រៅប្រទេសបែប​នេះ​​​​​ ក៏​គ្មាន​រដ្ឋ​ប្រហារ​កើត​ឡើង​ដែរ ក្នុង​នោះ​រួម​មាន​វិបត្តិ​នយោបាយ​ទាក់​ទង​នឹង​ការ​លូក​ដៃ​ក្នុង​សង្គ្រាម​វៀត​ណាម​ និង​វិបត្តិ​សេដ្ឋកិច្ច​សង្គម​ដែល​កើត​ចេញពី​​កាស៊ីណូ​រដ្ឋ​ ធ្វើ​ឱ្យ​ពល​រដ្ឋ​ញៀន​ល្បែង​ ធ្លាក់​ខ្លួន​ក្រ​ ធ្វើ​អត្ត​ឃាត​ កើត​ចោរកម្ម​ គ្រួសារ​ជា​ច្រើន​ក្ស័យ​ធន​។ល។ ដូច្នេះ​ហើយ​ យ៉ា​ង​ហោច​ណាស់ ​ក៏​ព្រះ​អង្គ​ត្រូវ​ទទួលខុស​ត្រូវ​មួយ​ផ្នែក​ដែរ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​​ក្រោម​សម័យ​ដឹក​នាំ​របស់​ព្រះ​អង្គ​ផ្ទាល់​ បន្ទោស​អាមេរិក​ឬ​ពួក​សាធារណរដ្ឋខ្មែរ​​គ្រាន់​តែ​ជា​ការ​ដោះ​សា​យក​រួច​ខ្លួន​ប៉ុណ្ណោះ​។ ប្រើ​ប្រាស់​ស្តង់​ដារ​ពីរ​ សម្តេច​នាយក​បន្ទោស​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​សម្តេច​តាថា​​ជា​អ្នក​ដុត​បញ្ឆេះ​​បញ្ហា​ តែ​លោក​មិន​បន្ទោស​ខ្លួនឯង​​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​កូន​ស្តេច ក្មេង​វត្ត​ទាត់​ក្មេង​វាំង​ នៅ​ឆ្នាំ​១៩៩៧ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាន​ដាក់​ឱ្យនៅ​​ដាច់​តែ​ឯង​ ដាច់​ជំនួយ​ និងត្រូវ​បាន​គេ​​ពន្យារ​ការ​ចូល​ជា​សមាជិក​អាស៊ាន​នោះ​ឡើយ​។

អ្នក​ស្រឡាញ់​ព្រះ​មហាក្សត្រនៅ​កម្ពុជា​ ​មើល​គំរូ​ប្រទេសថៃ ​​ឃើញ​ស្តេចគេ​​មាន​អំណាច​ ក៏​តាំង​ចង់​ឱ្យ​ស្តេច​ខ្មែរ​មាន​អំណាច​ដែរ នឹងអាច​​ត​ទល់​នឹង​សម្តេច​នាយក​​បាន​។ នេះ​ជា​ជម្រើស​ដ៏​គ្រោះ​ថ្នាក់​មួយ​ ឧបមា​ បើ​កម្ពុជា​មាន​ទោស​ប្រមាថ​ព្រះ​មហាក្សត្រ​ដូច​ថៃ​ មាន​ន័យ​ថា​ ស្តង់​ដារ​ពីរ​ មហាក្សត្រប្រមាថ​ប្រជារាស្ត្រ​បាន​ រាស្ត្រ​ប្រមាថស្តេចវិញ​មាន​​ទោសដោយ​មិន​ចាំ​បាច់​គិត​ថា​ ការ​ប្រមាថ​នោះ​ត្រឹម​ត្រូវ​ឬ​អត់​​, ទោស​ប្រមាថស្តេច​នោះ​​​អាច​នឹង​ត្រូវ​បក​ប្រែ​ស្រេចចិត្ត​​គ្មាន​និយមន័យ​ច្បាស់​លាស់​ ចង់​ដាក់​ទោស​នរណា​ក៏​បាន​ ស្រប​ពេល​តុលាការ​និង​ក្រុមបឹ្រក្សា​រាជ្យ​សម្បត្តិក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​ បទ​ប្រមាថ​ព្រះ​មហាក្សត្រ​នឹង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​ថ្មី​មួយ​ទៀត​សម្រាប់​ឱ្យ​បក្ស​នេះ​ត្រេះ​លេង​។​ ​មាន​​ការ​បក​ប្រែ​ច្រលំ​ខ្លឹម​សារ​​នៃ​​រដ្ឋធម្មនុញ្ញ មាត្រា​២៣ ​ដែល​ថា ​‘‘ព្រះ​មហាក្សត្រ​ទ្រង់​ជា​មេបញ្ជាការ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ​។ អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទត្រូវបាន​តែង​តាំង​ឡើង​ដើម្បី​បញ្ជា​ កង​យោធពល​ខេមរភូមិន្ទនេះ​”​ បាន​សេចក្តី​ថា​ គឺ​អគ្គ​មេបញ្ជាការ​ជា​អ្នក​បញ្ជា​ មិន​មែន​ព្រះ​មហាក្សត្រ​ក្នុង​នាម​ជា​មេ​បញ្ជាការ​កំពូល​ជា​អ្នក​បញ្ជា​ទេ, រដ្ឋធម្មនុញ្ញ​កម្ពុជា​ផ្តល់​អំណាច​តិច​តួច​ណាស់​ជូនព្រះ​មហាក្សត្រ​​ ច្រើន​ជា​អំណាច​និមិត្ត​រូប​ ហើយក៏​មិន​ទាស់​ខុសណាស់​ណា​​ដែរ ​បើ​គេ​ក្រលែត​មើល​អំណាច​ស្តេច​នៅ​សម័យអតីតកាល​ ​មិន​ចាំ​មើល​ឯណា​ឆ្ងាយ​ ត្រឹម​សង្គមរាស្ត្រ​និយម​ក៏​យល់​មូល​​ហេតុអ្វី​ដែល​គេ​ត្រូវ​កម្រិត​អំណាច​ស្តេច​ ឬ​មិន​ឱ្យ​ស្តេច​មាន​អំណាច​នយោបាយ​។ របប​រាជាធិបតេយ្យ​និង​ប្រជាធិបតេយ្យ​ ជា​របប​ផ្ទុយ​គ្នា​ មួយ​ផ្តាច់​ការ​ប្រមូល​ផ្តុំ​អំណាច​លើ​បុគ្គល​ម្នាក់ ផ្ទេរ​អំណាច​តាម​គ្រួសារ​ខ្សែ​លោហិត គ្មាន​អាណត្តិ​ច្បាស់​លាស់​​​ មួយ​ទៀត​បែង​ចែក​អំណាច​ទៅ​តាម​​ស្ថាប័ន ផ្ទេរអំណាច​តាម​ការ​បោះ​ឆ្នោត ​កំណត់​ជា​អាណត្តិ​,​ គេ​មិន​អាច​តែង​រដ្ឋធម្មនុញ្ញ​ដោយ​ប្រគល់​អំណាច​ឱ្យ​មហាក្សត្រ​ផង​ ឱ្យ​សភា​ផង​នោះ​ទេ​​។ នៅ​ក្នុង​កម្មវិធី​តុមូល​វីអូឌី​ ប្រធាន​បទ​ ‘ការផ្លាស់ប្តូរក្រោយឆ្នាំ២០១៨’ ថ្ងៃ​ទី២៦ ខែកញ្ញា ២០១៥, លោក​ អ៊ូ​ វីរៈ​ បាន​ពន្យល់​ថា​បើ​ព្រះមហាក្សត្រ​ខ្មែរ​មាន​អំណាច​នយោបាយ​ឬ​យោធា ឬ​និយាយ​ម្យ៉ាង​ទៀត​ ស្តេច​ក្តាប់​​យោធា​​ នោះ​កម្ពុជា​នឹង​ក្លាយ​ជា​របប​រាជាធិបតេយ្យ​ មិន​មែន​ប្រជាធិបតេយ្យឡើយ​។ ក្នុង​របប​ប្រជាធិបតេយ្យ​ អ្នក​នយោបាយ​​ឬ​បក្ស ​ដែល​​ឈ្នះ​ឆ្នោត​កាន់​អំណាច​ ​បញ្ជា​កង​កម្លាំង​ បើ​ខ្ចី​សម្តី​សេដ្ឋកិច្ច​វិទូអាមេរិកាំង​​ Joseph A. Schumpeter ប្រជាធិបតេយ្យ​គឺកាន់​អំណាច​ដោយ​​អ្នក​នយោបាយ មិន​មែន​ប្រជាជន​ទេ នៅ​ក្នុង​ស្នាដៃ ‘​មូលធននិយម​ សង្គមនិយម​ និង​ប្រជាធិបតេយ្យ​’។​ ផ្ទុយ​ទៅ​វិញ​ បើ​យោធា​​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង មិន​ស្ថិត​ក្រោម​បញ្ជារដ្ឋាភិបាល​ ដែល​កើត​ចេញ​ពី​ក្រុម​​អ្នក​នយោបាយ​ឬ​បក្ស​ឈ្នះ​ឆ្នោត យោធា​ឯករាជ្យ​ម្ចាស់​ការ​ទាំង​ស្រុង​នឹង​អាច​បង្ក​ជា​ចលាចល​ ព្រោះ​អាច​​បង្ក្រាប​គណបក្ស​នយោបាយ​ទាំង​ឡាយ ធ្វើ​រដ្ឋប្រហារ​​ រួច​ឡើង​កាន់​អំណាច​បង្កើត​ជា​​របប​សឹក​តែ​ម្តង​។ មូល​ហេតុ​ដែល​ក្រុម​យោធា​មិន​អាច​ឡើង​កាន់​អំណាច​ ព្រោះ​ពួក​គេ​គ្មាន​ភាព​ស្រប​ច្បាប់​ ពុំ​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​, ពួក​គេ​មិនខុសពី​​ក្រុម​អ្នក​បច្ចេកទេស​ មន្ត្រី​រដ្ឋបាល​ នគរ​បាល​ កង​សន្តិសុខ នោះ​ទេ​ គឺចូល​បម្រើ​ការរ​ដ្ឋ​ តាម​​ការ​ប្រលង​ជ្រើស​រើស​ មិន​មែន​បោះ​ឆ្នោត​ជ្រើស​រើស​នោះ​ទេ​, ជា​រួម​ យោធា​គឺ​ជា​អ្នក​បច្ចេកទេស​ តែ​ជា​អ្នក​បច្ចេកទេស​ខាង​អំពើ​ហិង្សា​។ ដូច​បាន​ដក​ស្រង់​មក​ជម្រាប​ជូន​ខាង​លើស្រាប់​ហើយ​​ សម័យ​សង្គមរាស្ត្រ​និយម​ដែល​ស្តេច​កាន់​អំណាច​នយោបាយ​និងត្រួត​ត្រា​​កង​កម្លាំង​ មានការ​បង្ក្រាប​ ​វិបត្តិ​សង្គម​ សេដ្ឋកិច្ច​ នយោបាយ​ អ្វី​ខ្លះ​ដែល​បាន​កើត​ឡើង​, ប៉ុន​ប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចង់​ផ្តល់​អំណាច​នយោបាយ ​និង​យោធា​ដល់​ព្រះ​មហាក្សត្រ​គឺ​ចង់​ប្រព្រឹត្ត​ឆ្គង​​​ពី​អតីតកាលម្តង​ទៀត​​។ (ចប់ភាគ១)

ដោយ​ ទេព​ រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ