មន្ទីរ​ពេទ្យ​ជប៉ុន​រង​ការចោទ​ថាធ្វេស​ប្រហែស​ឲ្យ​​ស្លាប់​ទាំងម្តាយ​និង​ទារក​

មជ្ឈមណ្ឌលជាតិ​​គាំ​ពារ​មាតានិង​​ទារក ​​ហៅ​មន្ទីរ​ពេទ្យជប៉ុន រង​ការចោទ​ប្រកាន់​ថា ​បុគ្គលិក​នៃ​មន្ទី​រ​ពេទ្យ​នេះ​បានធ្វេស​ប្រហែស​​ បណ្តាល​ឲ្យស្ត្រី​ដែល​មាន​ផ្ទៃ​ពោះម្នាក់​ស្លាប់​ទាំង​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ។

​ហេតុ​ការណ៍​នេះ​ បានកើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ១១យប់​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌលជាតិ​គាំពារ​មាតា និង​ទារកហៅ​មន្ទីរ​ពេទ្យ​ជប៉ុន ​ដែល​​ស្ថិតនៅទល់មុខ មន្ទីរពេទ្យព្រះ​កេតុមាលា​​ តាមផ្លូវ​​លេខ​៤៧​ក្នុង​សង្កាត់​​ស្រះចក ខណ្ឌ​ដូនពេញ។

យោង​តាម​វី​ដេអូដែល​​បាន​ផ្សព្វផ្សាយ​តាម​ហ្វេស​ប៊ុក​ បាន​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​គ្រួសារ​សពស្រ្តី​ឈ្មោះ ឈា ណារិន បានយំ​ស្រែក​​ស្តោ​ក​ស្តាយ​ចំពោះ​ការ​បាត់​បង់​សមាជិក​គ្រួសារ​ខ្លួនដោយ​ថា មកពីការ​ធ្វេស​ប្រហែស​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​នេះ។

បុរស​ដែ​ល​អះ​អាង​ថា​ជា​ប្តី​របស់​ស្រ្តីរងគ្រោះបាន​ថ្លែង​រាប់​រាប់​ក្នុង​វី​ដេអូ ​ដែល​បាន​ផ្សព្វផ្សាយ​នោះ​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ប្រពន្ធ​របស់​លោក​ស្លាប់​នោះគឺ​​មក​ពីការ​ធ្វេស​ប្រហែស​របស់​បុគ្គលិក​នៃ​មន្ទីរ​ពេទ្យ​នេះ ​​ដោយ​មិន​បាន​យក​ចិត្ត​ទុកដាក់​ពិនិត្យ​ព្យាបាល​ប្រពន្ធ​ខ្លួន ខណៈស្រ្តីរងគ្រោះ​ធ្លាក់​ឈាម​ខ្លាំង​​នៅ​​ពេល​រៀប​ចំ​សម្រាល។​ លោក​បន្ថែម​ថា ​បុគ្គលិកក្មេង​ៗ​នៃ​មន្ទីរពេទ្យ​នេះ​ ហាក់​មិន​មាន​ជំនាញ​ច្បាស់លាស់ ហើយ​​ឧបករណ៍​សង្គ្រោះបន្ទាន់​មិនមានគុណភាព​ទើ​បណ្តាលឲ្យប្រពន្ធ​លោក​ស្លាប់​បែ​បនេះ។

លោក​ថា៖ «ពេទ្យក៏លូកដៃចូលទៅធ្លាក់ឈាមមក ប្រពន្ធខ្ញុំគាត់ថាបងអើយខ្ញុំជិតដាច់ខ្យល់ហើយ ជីពចរឡើងមកលើ ពេទ្យគេថាយកខ្យល់អុកស៊ីសែនមកខ្យល់ហ្នឹងយកមកដាច់ទុយោទៀត ហើយសុទ្ធតែក្មេងៗ យកអានេះខុសយកអានោះខុសទាល់តែប្រពន្ធដាច់ខ្យល់។ … ពេទ្យក៏លូកដៃចូលទៅធ្លាក់ឈាមមក ប្រពន្ធខ្ញុំគាត់ថាបងអើយអូនងងឹតមុខណាស់ ខ្ញុំថាអូនកើតអី ប្រពន្ធថាខ្ញុំស្លាប់ឥឡូវហើយ ដល់ពេទ្យជប៉ុនក្រែលគេមានជំនាញខ្ញុំថាអត់អី ដល់អញ្ចឹងខ្ញុំចេះតែមើលប្រពន្ធខ្ញុំស្លេកទៅស្លេកទៅ ដល់ពេលចឹងបានពេទ្យធំមកដល់ ក៏រុញចូលមន្ទីរពេទ្យនោះប្រពន្ធខ្ញុំស្លាប់តាំងពីនេះបាត់ទៅហើយ»។

វីអូ​ឌី​មិន​អាច​ទាក់​ទង​​ប្រធាន​មជ្ឈមណ្ឌល​​គាំ​ពារ​មាតា និង​​ទារក ​​ហៅ​​ពេទ្យជប៉ុន ដើម្បី​សុំការ​ឆ្លើយ​បំភ្លឺ​ពី​ករណី​​នេះ​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាលលោក ឡូ វាសនាគីរី ថាលោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ករណី​នេះ​នោះ​ទេ តែ​លោក​ថា​នៅពេល​ដែល​កើត​មាន​រឿង​ដូច្នេះក្រសួង​នឹងមិន​ទុក​ឲ្យ​រឿង​នេះ​ចោលនោះ​ទេ។

លោក​ថា៖ «​ឥឡូវនេះខ្ញុំអត់ទាន់បានទទួលព័ត៌មានហ្នឹងទេ។ តែនៅពេលណាដែលកើតមានករណីអញ្ចឹងក្រសួងនឹងធ្វើការពិនិត្យមើលហើយ អញ្ចឹងទេរហូតមកដល់ពេលនេះខ្ញុំអត់អាចជូនជាព័ត៌មានអីបានទេ។ក្រសួងប្រហែលជាអាចដឹងរឿងហ្នឹងហើយចាំមើលក្រសួងនឹងទាក់ងទៅមជ្ឍមណ្ឌលជាតិ»

វិស័យ​សុខាភិបាល​កម្ពុជា​រង​ការ​រិះ​គន់​ជា​បន្តបន្ទាប់​ទាំង​សេវា បច្ចេក​ទេស​ និង​ពាក្យ​សំដី​គ្រូពេទ្យដែល​ធ្វើឲ្យប្រជា​ជន​កម្ពុជា​មួយ​ចំនួនបង្ហាញការអស់ចំនឿលើមន្ទីរនៅពេទ្យនៅកម្ពុជា។​

​កាលពី​ថ្ងៃ​ទី២៩ កុម្ភះ ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សែន ក៏បានថ្លែង ទទួល​ស្គាល់​ថា​មាន​ពេទ្យមួយចំនួនតូច ដែលលោកថា មិនមានក្រមសីលធម៌ សម្តីមិនល្អនិងគិតតែពីលុយ។ ទោះជា​យ៉ាង​​ណា លោកថាចំនួនគ្រូពេទ្យនោះមិនច្រើនដល់ថ្នាក់៩០ឬ៩៩ភាគរយនោះទេ។ លោកចាត់ទុកការរិះ​គន់​ថាពេទ្យខ្មែរភាគច្រើនអាក្រក់ជា «ការមិនអាចទទួលយកបាន និង ថាជាការប្រមាថលើ​វិស័យ​សុខាភិបាល​កម្ពុជា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ