តួលេខផ្លូវការបានបង្ហាញថាកំណើនសេដ្ឋកិច្ចវៀតណាមបានធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះ ដោយភាពរាំងស្ងួតនៅក្នុងតំបន់និងហេតុការណ៍ត្រីងាប់យ៉ាងច្រើនបានបន្ថែមទៅការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្ដាលមកពីភាពមិនច្បាស់លាស់នៅក្នុងទីផ្សារសកល។
ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់តួលេខពីការិយាល័យស្ថិតិទូទៅនោះបានផ្សាយថាកំណើនសេដ្ឋកិច្ចប្រទេសនេះនៅក្នុងឆមាសទី១ឆ្នាំនេះបានធ្លាក់ចុះមកដល់៥.៥២ភាគរយបើធៀបទៅនឹងកំណើន៦.៣២ភាគរយ នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសនេះទទួលបានកំណើនសេដ្ឋកិច្ចខ្លាំងបំផុតអស់រយៈពេល៥ឆ្នាំ ត្រឹមឆ្នាំ២០១៥ ដោយសារកំណើននៃការនាំចេញនិងការវិនិយោគពីបរទេស។
សេចក្ដីប្រកាសព័ត៌មានស្ថាប័ននេះបានឲ្យដឹងនៅថ្ងៃនេះថាភាពអសកម្មផ្នែកពាណិជ្ជកម្មសកលនិងការវិនិយោគនិងភាពរំជើបរំជួលនៅក្នុងទីផ្សាររូបិយវត្ថុនិងហិរញ្ញវត្ថុពិភពលោកបានជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចប្រទេសនេះ។
ផលិតផលក្នុងស្រុកក៏រងគ្រោះផងដែរដោយសារភាពរឹងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងតំបន់ដែលបានប៉ះពាល់ទៅលើដំណាំស្រូវនិងផលិតផលកាហ្វេវៀតណាម ពោលគឺបានធ្វើឲ្យប្រទេសនេះខាតបង់អស់៦៨១លានដុល្លារ។
សេដ្ឋកិច្ចវៀតណាមបានទទួលរងផលប៉ះពាល់មួយពីការងាប់ត្រីរាប់រយពាន់តោននៅតាមឆ្នេរសមុទ្រភាគកណ្ដាលដែលមិនទាន់មានការពន្យល់ពេញលេញនៅឡើយ។
ត្រីនិងសត្វសមុទ្ររាប់រយពាន់តោនបានងាប់នៅតាមឆ្នេរភាគសមុទ្រភាគកណ្ដាលប្រទេសនេះកាលពី២ខែមុន ហើយបន្តងាប់បន្ថែមទៀតកាលពីពីរបីសប្ដាហ៍កន្លងមកនេះ។
មហន្តរាយបរិស្ថានបានបំផ្លិញបំផ្លាញការចិញ្ចឹមត្រីរបស់អ្នកស្រុកនិងប៉ះពាល់ដល់វិស័យទេសចរណ៍នៅតាមឆ្នេរសមុទ្រ ខណៈដែលវាបានបង្កឲ្យមានបាតុកម្មទូទាំងប្រទេសផងដែរ។
អាជ្ញាធររដ្ឋាភិបាលកុម្មុយនីស្តបានបង្ក្រាបការតវ៉ាទាំងនោះ ដោយមានការចាប់ខ្លួនសកម្មជនមួយចំនួន។ គេរំពឹងថាអាជ្ញាធរវៀតណាមនឹងប្រកាសឲ្យដឹងនៅសប្ដាហ៍នេះពីលទ្ធផលនៃការស៊ើបអង្កេតលើមូលហេតុនៃការងាប់ត្រីដ៏ច្រើនបែបនោះ៕