ប្រមុខ​កាទូត​អាមេរិក​ថាអង់គ្លេស​អាច​មិន​ចាក​ចេញ​ពី​ប្លុក​អឺរ៉ុប

(រូបភាពពី AFP)

ប្រមុខកាទូតអាមេរិក លោក John Kerry បានថ្លែងថាការបោះឆ្នោតសម្រេចចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសអាចមិនអនុវត្តទៅរួចទេ ហើយលោកថារដ្ឋាភិបាលក្រុងឡុងដ៍មិនប្រញាប់ប្រញាល់ចាកចេញនោះទេ។

ថ្លែងមួយថ្ងៃក្រោយពីជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី David Cameron លោក Kerry បាននិយាយថា មេដឹកនាំអង់គ្លេសដែលនឹងចាកចេញពីតំណែងរូបនេះ យល់ថាលោកគ្មានអំណាចចរចាអំពីការចាកចេញដែលលោកមិនចង់ឃើញនោះឡើយ។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះដែលបានថ្លែងថាលោក Cameron មិនចង់អនុវត្តមាត្រា៥០នៃសន្ធិសញ្ញាទីក្រុង Lisbon ដែលនឹងត្រូវការពេលវេលា២ឆ្នាំសម្រាប់ការចាកចេញ។

លោក Kerry ពន្យល់ថារដ្ឋាភិបាលក្រុងឡុងដ៍មិនចង់ដាក់ខ្លួនចូលទៅក្នុងប្រអប់បិទជិតទេនៅក្នុងរយៈពេល២ឆ្នាំក្រោយ ដោយមិនមានកិច្ចព្រមព្រៀងថ្មី ហើយត្រូវបានគេបង្ខំឲ្យចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងនោះឡើយ។

ក្រុងវ៉ាស៊ីងតោនជាយូរមកហើយតែងតែគាំទ្រតួនាទីដ៏រឹងមាំរបស់អង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្លុកអឺរ៉ុប ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពលរដ្ឋអង់គ្លេសសម្រេចចាកចេញពីសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុន។

មកដល់ថ្ងៃនេះក្រុមមន្ត្រីអាមេរិកកំពុងតែអំពាវនាវឲ្យរក្សាការពិភាក្សាដោយស្ងៀមស្ងាត់អំពីការចាកចេញរបស់អង់គ្លេសដែលនឹងជួយឲ្យអង់គ្លេសនិងប្លុកអឺរ៉ុបនៅរក្សាទំនាក់ទំនងល្អនឹងគ្នា។

ទោះជាយ៉ាងណាក្រុមមេដឹកនាំសហភាពអឺរ៉ុបបានទាមទារឲ្យលោក Cameron អនុវត្តតាមមាត្រា៥០ឲ្យបានឆាប់រហ័សនិងចាប់ផ្ដើមចរចាអំពីការចាកចេញ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ខាងនយោបាយនិងសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ