វ៉ាន់ នីឡា ​​​ប្រកាស​បកអាក្រាតជន​អនាមិក ​

តារា​ចម្រៀង​​នាង​​ ​​វ៉ាន់ នីឡា

ក្នុងពិធីប្រគល់ញត្តិថ្កោលទោសជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៨ មិថុនា នៅទីស្ដីការក្រសួង តារាចម្រៀងនាង វ៉ាន់ នីឡា បានអះអាងថានាងនឹងធ្វើការបើកមុខអនាមិកអោយមហាជនបានដឹងជាសាធារណៈក្នុងពេលដ៏ខ្លី។ យ៉ាងណាក៏ដោយ នាងមិនទាន់កំណត់ពេលវេលាក្នុងការលាតត្រដាងនៅឡើយទេ ដោយសារតែខាងសមត្ថកិច្ចទទូចកុំទាន់អោយនាងបញ្ជាក់អ្វីច្រើននាំខុសនឹងនិតិវិធី។

វ៉ាន់ នីឡា និយាយថាជនអនាមិកដែលបានបង្ហោះរូបអាក្រាតរបស់នាងមិនមែនត្រឹមតែនាងស្គាល់មុខនោះទេ គឺសូម្បីតែសមត្ថកិច្ចក៏កំណត់មុខសញ្ញាបានដូចគ្នាផងដែរ ក្រោយពីដាក់ពាក្យបណ្ដឹង។ នាងថាមិនខ្លាចក្នុងការបង្ហាញមុខរបស់ជនអនាមិកនោះទេ ប៉ុន្តែនាងចង់ទុកអោយខាងសមត្ថកិច្ចបន្តកិច្ចការអោយចប់សព្វគ្រប់ទើបនាងសុំចិត្តពន្យារពេលសិន។ នាងថាជនដែលបានបង្ហោះរូបនាងមិនមានអ្វីដែលត្រូវបិទបាំងនិងបន្តលាក់មុខដើម្បីរក្សាកិត្តិយសទុកអោយនោះទេ បើទោះជាជនម្នាក់នោះចេញមុខទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើមកលើនាង។ នាងថាខ្លួនមានភស្ដុតាងនិងខ្សែសំឡេងពាក់ព័ន្ធនឹងជនអនាមិកគ្រប់យ៉ាង ដោយក្នុងបណ្ដឹងដែលនាងដាក់ប្ដឹង គឺនាងបានដាក់ឈ្មោះជនម្នាក់នោះនិងភ្ជាប់ភស្ដុតាងអោយខាងសមត្ថកិច្ចដើម្បីដាក់បន្ទុកដោយមិនលាក់លៀមនោះទេ។ នាងបញ្ជាក់ថានាងនឹងត្រៀមលាតត្រដាងពីជនអនាមិកនោះ ដោយបានប្រកាសថានឹងធ្វើអោយគេរងការអាម៉ាសជាសាធារណៈដូចគ្នានឹងអ្វីដែលនាងបានទទួល។

វ៉ាន់ នីឡា និយាយថា៖ “ដោយសារគាត់(ជនអនាមិក) បញ្ចេញរូបអាក្រក់ៗរបស់ខ្ញុំជាសាធារណៈ ចឹងអត់មានអីដែលខ្ញុំត្រូវខ្លាច និងត្រូវទុកមុខអោយជននោះទេ ខ្ញុំនឹងលាតត្រដាងពីជនម្នាក់នោះអោយអស់ ខ្ញុំនឹងបង្ហាញអោយបងប្អូនបានឃើញ!”។ ទន្ទឹមនឹងការដាក់គម្រោងលាតត្រដាង នាងក៏បានប្រកាសបើកកកាយពីអាថ៌កំបាំងដែលនាំទៅដល់ការបង្ហោះរូបភាពអាក្រាតរបស់នាង ពីសំណាក់ជនអនាមិកអោយបានក្បោះក្បាយផងដែរ ដើម្បីអោយមហាជនអស់ចម្ងល់។

វ៉ាន់ នីឡា បង្ហាញការរំពឹងយ៉ាងខ្លាំងថាភាពអយុត្តិធម៌ដែលបានវាយប្រហារក្នុងជីវិតរបស់នាង នឹងប្រែក្លាយជាផ្លែផ្កាវិជ្ជមាន បន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសធ្វើលិខិតតបតាមញត្តិថ្កោលទោស ស្នើនៅកាន់ក្រសួងមហាផ្ទៃដើម្បីសុំអោយក្រសួងជួយពន្លឿនចំណាត់ការផ្លូវច្បាប់អោយមានប្រសិទ្ធភាព។ បន្ថែមពីលើពាក្យបណ្ដឹងដែលបានដាក់ទៅកាន់ក្រសួងមហាផ្ទៃ វ៉ាន់ នីឡា យល់ថាញត្តិថ្កោលទោសដែលកើតចេញពីកម្លាំងរបស់តារាសិល្បៈ ជាពិសេសពីក្រុមសមាគមន៍សិល្បករខ្មែរ និងក្រុម«គ្រួសារតារាកម្ពុជា» បានធ្វើអោយនាងរំពឹងទាំងស្រុង ថាជនអនាមិកនឹងត្រូវផ្ដន្ទាទោស។ នាងនិយាយថា៖ “បន្ទាប់ពីការប្រគល់ញត្តិហ្នឹង ខ្ញុំជឿថារឿងរបស់ខ្ញុំនឹងមានយុត្តិធម៌ ហើយខ្ញុំក៏សប្បាយចិត្តដែរដែលឃើញតារាសិល្បៈជាច្រើន បានលើកទឹកចិត្តខ្ញុំតាមរយៈរួមគ្នាផ្ដិតមេដៃជួយខ្ញុំនេះ”

13b78e73-d387-4d91-b1c1-9c9d1707c189
រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា និងតារាចម្រៀងនាង វ៉ាន់ នីឡា ជួបសំណេះសំណាលគ្នាកាលពីថ្ងៃទី២៨ខែមិថុនា ពេលសិល្បៈករដាក់ញត្តិស្នាមមេដៃទៅក្រសួងវប្បធម៌

លោកស្រី ភឿង សកុណា បានបង្ហាញការសាទរ បន្ទាប់ពីបានទទួលញត្តិថ្កោលទោសជនអនាមិកពីលោកសុះ ម៉ាច ប្រធានសមាគន៍សិល្បករខ្មែរ ដែលមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ លោកស្រីថាស្នាមមេដៃចំនួន៣៦៨មេដៃដែលធ្វើញត្តិនេះបានបង្ហាញពីកម្លាំងសាមគ្គីរបស់អ្នកសិល្បៈនិងអ្នកគាំទ្រគួរអោយសរសើរ នៅពេលតារាសិល្បៈដូចគ្នាមានទុក្ខ។ លោកស្រីថានេះជាការឈឺឆ្អាលរវាងអ្នកសិល្បៈនិងសិល្បៈ ហើយបើទោះជាញត្តិមួយនេះ មិនមានឥទ្ធិពលផ្លូវច្បាប់ក៏ពិតមែន ប៉ុន្តែក៏បង្ហាញពីកម្លាំងថ្កោលទោស ដើម្បីអោយមានចំណាត់ការជួយជំរុញផ្លូវច្បាប់អោយមានប្រសិទ្ធភាពផងដែរ។ លោកស្រីថានឹងធ្វើលិខិតក្នុងនាមក្រសួងវប្បធម៌ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើអោយមានការអនុវត្តលើពាក្យបណ្ដឹងនោះអោយកាន់តែប្រសើរ ហើយលោកស្រីក៏ប្រកាសតាមដាននូវបណ្ដឹងដែលបានកើតឡើងជួយដល់កញ្ញា វ៉ាន់ នីឡា ផងដែរ។ លោកស្រីស្នើកុំអោយវ៉ាន់ នីឡា បាក់ទឹកចិត្តនិងកុំអស់សង្ឃឹម ក្នុងពេលដែលខាងផ្លូវច្បាប់និងក្រុមតារាសិល្បៈសុទ្ធតែជួយជ្រោមជ្រែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ