អាគារ​រដ្ឋ​បាល​ថ្មី​របស់​សភា​មាន​តម្លៃ​ជាង​១៦​លានដុល្លារ

អាគាររដ្ឋបាលថ្មីដែលកម្ពុជាស្នើឲ្យចិនជួយផ្តល់លុយសាងសង់នោះមានតម្លៃជាង១៦លានដុល្លារ ដោយមិនទាន់គិតតម្លៃនៃការរៀបចំពីខាងក្នុង។ នេះជាការបញ្ជាក់របស់លោក ឈាង វុន។

អ្នកនាំពាក្យសមាជិកសភានៃគណបក្សប្រជាជនរូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីលោក ហេង សំរិន ត្រលប់មកពីចិននៅថ្ងៃនេះថាអាគាររដ្ឋបាលថ្មីនោះគ្រោងសង់កម្ពស់១២ជាន់ដោយថាអាគាររដ្ឋបាលរបស់សភានាពេលបច្ចុប្បន្នមានទំហំតូចពេក បើធៀបនឹងចំនួនបុគ្គលិក។

ទោះជាយ៉ាងណាលោក ឈាង វុន មិនបានបញ្ជាក់ថាអគារថ្មីនោះសង់នៅកន្លែងណានិងចាប់ផ្តើមពេលណាឡើយ ខណៈចិនទើបតែយល់ព្រមលើសំណើរបស់កម្ពុជានោះ។

លោកថា៖ “យើងបានស្នើទៅចិន សភាទៅសភាបានស្នើរួចហើយ។ សភាគេ គេយល់ព្រមហើយ ក៏ប៉ុន្តែនីតិវិធីនៃការអនុវត្តជំនួយនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរឆ្លងតាមក្រសួងហិរញ្ញវត្ថុ ជូនទៅរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលស្នើតាមរយៈក្រសួងការបរទេសទៅភាគីចិន

លោកបន្ថែមថា៖ អាគារយើងសព្វថ្ងៃនេះយើងខ្វះខាតច្រើន មន្ត្រីរបស់យើងមួយចំនួនអត់មានកន្លែងអង្គុយធ្វើការ។ ហើយបើមានកន្លែងក៏ផ្លាស់ប្តូរកន្លែងគ្នាដែរ ខ្លះងើបដើរទៅចូលមកអង្គុយមួយមក។ ឧទាហរណ៍នៅក្នុងការិយាល័យរបស់ខ្លុំមានជំនួយការ៦នាក់ តុអង្គុយមានតែ៣ សាលតូចមែនទែន។ ៦នាក់ហ្នឹងគឺបន្ទប់តូចមែនទែន

បើតាមរដ្ឋសភាកម្ពុជាបានស្នើទៅរដ្ឋសភាចិនដែលជាជំនួយឥតសំណង។

គួរបញ្ជាក់ផងដែរថាប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួន៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦នេះ បន្ទាប់ពីប្រទេសចិនបានផ្តល់ជំនួយឥតសំណងជិត៦០០លានដុល្លារសម្រាប់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ