ម្ចាស់ជំនួយផ្តល់ប្រាក់ជាង១០លានដុល្លារដើម្បីគ្រប់គ្រងទឹកទន្លេមេគង្គ

ដៃគូអភិវឌ្ឍគណៈកម្មការទន្លេមេគង្គដែលរួមមាន៤ប្រទេស បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់ជំនួយជាង១០លានដុល្លារអាមេរិកគាំទ្រយុទ្ធសាស្រ្តការគ្រប់គ្រងអាងទឹកទន្លេមេគង្គ ដើម្បីបញ្ជៀសនូវគ្រោះរាំងស្ងួតដល់ប្រទេសដែលជាសមាជិកនៅអាងទន្លេមេគង្គក្រោម។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចុះថ្ងៃទី២៨ ខែកក្កដា ឲ្យដឹងថាកិច្ចប្រជុំនៃគណៈ កម្មា ធិការរួមនៃគណៈកម្មការទន្លេមេគង្គលើកទី៤៤ ដែលធ្វើឡើងក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៧និង២៨ ខែកក្កដា បានលើកយកប្រធានបទជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលចូលរួមដោយប្រទេសសមាជិកទាំង៤រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម។

ក្នុងកិច្ចប្រជុំនោះប្រទេសដែលជាដៃគូអភិវឌ្ឍន៍និងម្ចាស់ជំនួយចំនួន៤រួមមានប្រទេសអាល្លឺម៉ង់ ស្វីស ប៊ែលហ្សិក និងលុចហ្សំបួរ បានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំនួនជាង១០លានដុល្លារអាមេរិក ជាការគាំទ្រដល់គណៈកម្មការទន្លេមេគង្គក្នុងការបង្កើតនូវយុទ្ធសាស្រ្តថ្មីៗជាច្រើនពាក់ព័ន្ធនឹងការថែរក្សាទឹកទន្លេមេគង្គ។

គួររំលឹកថាកាលពីខែមីនាឆ្នាំ២០១៦ ប្រទេសចិនបានបើកទឹកបម្រុងពីអាងស្តុបទឹកយូណាន ខេត្តជីងហុង ជាការឆ្លើយតបបន្ទាន់នឹងសំណើពីប្រទេសនៅអាងទន្លេមេគង្គក្រោមដោយសារខ្វះទឹកប្រើប្រាស់។

សេចក្តីប្រកាសព័ត៌មានដដែលកិច្ចប្រជុំក៏បានលើកឡើងអំពីការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង និង សាយ៉ាប៊ូរីនៅប្រទេសឡាវ ដោយថាគណៈកម្មការកំពុងកំណត់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីបញ្ហានានា ទាក់ទងនឹងផលប៉ះពាល់នៃការសាងសង់ទំនប់ទាំងពីរនេះ។

ទំនប់វារីអគ្គិសនី ដន សាហុង នឹងបិទច្រកតែមួយគត់ដែលត្រីអាចបំលាស់ទីបានក្នុងរដូវប្រាំងក្នុងទឹកទន្លេមេគង្គ ដែលការនេះនឹងបង្កជាហានិភ័យដល់ធនធានជលផលនិងផលចាប់ត្រីទឹកសាបដែលមានផលិតភាពខ្ពស់ជាងគេលើសកលលោក។ យោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ឲ្យដឹងថាទំនប់នេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាជនចំនួន៦០លាននាក់ដែលកំពុងរស់នៅតំបន់នៃអាងទន្លេមេគង្គក្រោម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ