មន្រ្តី៖ មនុស្សជាងមួយម៉ឺននាក់នៅកម្ពុជា​ផ្ទុក​មេរោគអេដស៍​ដោយ​មិន​ដឹង​ខ្លួន

ការពិនិត្យ​ឈាម​រកមេរោគអេដស៍នៅខេត្តកណ្តាលកាលពីថ្ងៃទី​២២ខែកុម្ភៈ ក្រោយពីមានព័ត៌មានថា​ពលរដ្ឋច្រើននាក់ត្រូវបានរកឃើញ​ថា​មានផ្ទុកមេរោគអេដស៍

មន្ត្រីក្រសួងសុខាភិបាលឲ្យដឹងថានៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ដោយមិនដឹងខ្លួនជាងមួយម៉ឺននាក់ ខណៈដែលកម្ពុជារំពឹងថាខ្លួននឹងអាចកាត់បន្ថយការឆ្លងថ្មីនៃជំងឺអេដស៍បាននៅឆ្នាំ២០២៥និងឈានទៅរកការលុបបំបាត់ការឆ្លងថ្មីទាំងស្រុងក្នុងឆ្នាំ២០៣០។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី តាន់ វួចឆេង មានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អង្គការខាណាកាលពីរសៀលម្សិលមិញថាគិតត្រឹមដំណាច់ឆ្នាំ២០១៥ ប្រទេសកម្ពុជាប៉ាន់ស្មានថាមានអ្នកផ្ទុកមេរោគអេដស៍ចំនួន៧៤ ៥៧២នាក់ ហើយមាន៥៧ ៦៥១នាក់ទទួលបានថ្នាំប្រឆាំងមេរោគនិង១៥ ៧៤២នាក់ផ្ទុកមេរោគអេដស៍ដោយមិនដឹងខ្លួន។ ប៉ុន្តែលោកស្រីរំពឹងថាពួកគេនឹងដឹងស្ថានភាពនៃការរស់នៅជាមួយជំងឺអេដស៍និងទទួលការព្យាបាលនៅឆ្នាំ២០២០។

លោកស្រី តាន់ វួចឆេង បន្តថាអត្រាឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះដោយសារមានការជួយជ្រោមជ្រែងពី ដៃគូអភិវឌ្ឍន៍មួយចំនួន ហើយរំពឹងថាអាចនឹងលុបបំបាត់ការឆ្លងទាំងស្រុងក្នុងឆ្នាំ២០៣០។

លោកស្រីបានថ្លែងថា៖…អត្រាឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ហើយយើងសង្ឈឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចកាត់បន្ថយការឆ្លងថ្មីនេះបាននៅឆ្នាំ២០២៥និងឈានទៅរកការលុបបំបាត់ការឆ្លងថ្មីទាំងស្រុងនាឆ្នាំ២០៣០ ស្របតាមគោលដៅរបស់សកលលោក

អង្គការខាណាដែលធ្វើការទៅលើការបញ្ហាមេរោគអេដស៍បានដាក់ចេញផែនការ៥ឆ្នាំ(២០១៦-២០២០)របស់ខ្លួន ដែលក្នុងនោះមានគោលដៅមួយដែលធ្វើការរួមចំណែកបំបាត់ការឆ្លងមេរោគថ្មី។

នាយកប្រតិបត្តិអង្គការខាណា លោក ជួប សុខចំរើន បានឲ្យដឹងថាអង្គការរបស់លោកនឹងធ្វើការផ្ទាល់ជាមួយនឹងក្រសួងសុខាភិបាលដើម្បីអនុវត្តគោលការពិនិត្យនិងព្យាបាលដើម្បីកាត់បន្ថយការឆ្លងមេរោគអេដស៍។

លោកមានប្រសាសន៍ថា៖យើងនឹងធ្វើការផ្ទាល់ជាមួយនឹងក្រសួងសុខាភិបាលក្នុងការដាក់ចេញនូវគោលការណ៍គេហៅថា តេស្តអេនទ្រីត (Test and Treat) មានន័យថាជម្រុញឲ្យមនុស្សទៅធ្វើតេស្តឲ្យបានច្រើន ដើម្បីដឹងខ្លួនឯង ហើយពេលណាគាត់ធ្វើតេស្តភ្លាមគាត់ដឹងស្ថានភាពរបស់គាត់ ប្រសិនបើគាត់មានផ្ទុកមេរោគអេដស៍គាត់នឹងទទួលការព្យាបាលភ្លាម។…បើសិនជាមនុស្សទាំងអស់ទទួលបានការព្យាបាលកាន់តែច្រើន ស្ថានភាពនៃការឆ្លងកាន់តែទាប

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក តែង គន្ធី សង្ឃឹមថាប្រទេសកម្ពុជាអាចសម្រេចបានគោលដៅនេះតាមរយៈការរួមគ្នាលុបបំបាត់រវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ថ្វីត្បិតតែនៅមានបញ្ហាមួយចំនួនដែលកំពុងតែនឹងដោះស្រាយ។

លោកបានប្រសាសន៍ថា៖ “សម្រាប់រាជរដ្ឋាភិបាលមានស្ថាប័នពីរសំខាន់ ទីមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ និងទី២គេហៅថាអ្នកដែលប្រយុទ្ធខ្លាំងមែនទែនគឺ ក្រសួងសុខាភិបាលមជ្ឈមណ្ឌលជាតិ។ យើងមានផែនការយុទ្ធសាស្ត្ររបស់យើង យើងមានផែនការ៥ឆ្នាំរបស់យើងដែលវាភ្ជាប់ជាមួយគ្នានឹងផែនការរបស់អង្គការខាណានេះដែរ”

បើតាមលោក តែង គន្ធី រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាលើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នេះពី២៣ទៅ៣០លានដុល្លារក្នុងមួយឆ្នាំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ