លោក សម​ រង្ស៊ី ប្រកាសប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមចោទថាបរិហាកេរ្តិ៍លោក ហេង សំរិន

មន្ត្រីអះអាងថាលោក សម រង្ស៊ី នឹងដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ប្រឆាំងសាលក្រមសាលាដំបូង ដែលបង្គាប់ឲ្យបង់ប្រាក់ជាង១០០លានរៀលឲ្យទៅដើមបណ្តឹងប្រធានរដ្ឋសភាលោក ហេង សំរិន ទាក់ទិននឹងមេបក្សរូបនោះបង្ហោះវីដេអូរំឭកពីព្រះរាជបន្ទូលសម្តេចព្រះ នរោត្តម សីហនុ រិះគន់វៀតណាមថាបានបង្កប់កម្លាំងពិសេសចូលក្នុងជួរបក្សកាន់អំណាច។

កាលពីម្សិលមិញចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង សំរិន និងតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់សំណងជំងឺចិត្តដល់លោក ហេង សំរិន ១៥០លានរៀលនិងបង់ពិន័យជូនរដ្ឋ១០លានរៀល។

តំណាងរាស្ត្រមួយរូបរបស់គណបក្សសង្គ្រោះជាតិលោក ឃី វ៉ានដេត ប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់កណ្តាលគណបក្សនាថ្ងៃទី២៩ខែកក្កដានេះថា គណបក្សសង្គ្រោះជាតិមិនអាចទទួលយកតាមសាលក្រមនេះបានទេ។ លោកថាលោក សម រង្ស៊ី បានឲ្យក្រុមមេធាវីដាក់ពាក្យប្តឹងទាស់ទៅសាលាឧទ្ធរណ៍ហើយបើទោះមិនរំពឹងថាឈ្នះក៏ដោយ។

លោកថា៖ «យើងអត់មានជំនឿថានឹងបានយុត្តិធម៌ទេ ព្រោះរឿងហ្នឹងជារឿងនយោបាយ ប៉ុន្តែនីតិវិធីរបស់តុលាការ យើងត្រូវតែបំពេញឲ្យចប់ចុងចប់ដើម។ ពីព្រោះយើងគោរពច្បាប់ ដូច្នេះបើនីតិវិធីរបស់តុលាការចេញសាលក្រមហើយ មានច្រកតែមួយទេគឺយើងប្តឹងឧទ្ធរណ៍បាទ»

លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសរសេរលើទំព័រហ្វេសប៊ុក របស់លោកដោយមានខ្លឹមសារថាក្នុងរបបដែលកើតឡើងនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បានកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិនិងបានភ្ជាប់វីដេអូជាសំឡេងដើមរបស់ព្រះរាជបន្ទូលសម្តេច សីហនុ ដែលព្រះអង្គរិះគន់វៀតណាមថាបានបន្តបញ្ចៀបកម្លាំងពិសេសចូលក្នុងជួរបក្សកាន់អំណាចបច្ចុប្បន្ន។

ព្រះអង្គថា៖«យួនវាបញ្ចូលយួនទៅក្នុងកងទ័ព ហេង សំរិន ហេតុហ្នឹងហើយបានជាយួនវានិយាយប្រាប់គេឯងលើពិភពលោកថា វាអាចចេញពីប្រទេសខ្មែរបាន ក្នុងរយៈពេល៦ឆ្នាំទៀត យ៉ាងយូ១០ឆ្នាំ។ ហេតុអ្វីបានជាយួនវានិយាយអញ្ចឹង ពីព្រោះវាយកពេលវេលា៦ឆ្នាំ៧-៨-១០ឆ្នាំ ដើម្បីបញ្ចូលយួនដែលចេះវ៉ៃតប់ វាបញ្ចូលទៅឲ្យ ហេង សំរិន កាន់តែច្រើនឡើងក្នុងឋានៈជាខ្មែរ យួនប៉ិនកាន់កាតខ្មែរ»។

ទំនងជាការច្រានចោលទៅលើសាលក្រមរបស់សាលាដំបូងនេះលោក សម រង្ស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកជាភាសាអង់គ្លេសថា លោកបានលើកឡើងពីរបបកើតថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងថាលោកមិនបានសំដៅលើឈ្មោះបុគ្គលណាម្នាក់នោះទេ តែលោកថាប្រធានរដ្ឋសភាកម្ពុជាបច្ចុប្បន្នលោក ហេង សំរិន បានចេញមុខប្តឹងរូបលោកជំនួសឲ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅវិញ។

ម្យ៉ាងវិញទៀតលោក សម រង្ស៊ី ថាតាមរយៈបង្ហោះវីដេអូពីព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រព្រះ នរោត្តម សីហនុ នេះធ្វើឲ្យតុលាការចោទលោកទាំងអយុត្តិធម៌។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន បានការពារភាពស្អាតស្អំរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន ដោយអះអាងថាសាលក្រមរបស់តុលាការថ្នាក់ក្រោមបានផ្តល់យុត្តិធម៌ដល់លោកប្រធានរដ្ឋសភាជាដើមបណ្តឹង។

លោកថា៖ «និយាយមែនទែនទៅ របបទាំងអស់ដែលក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនយើង មិនដែលកាត់ទោសហ្លួលរតនកោដ្ឋសម្តេច នរោត្តម សីហនុ ទេ។ អញ្ចឹងហើយ នេះជាការបរិហាកេរ្តិ៍ធំមួយដែលយើងមិនអាចអត់អោនឲ្យបានទេ ព្រោះនិយាយទៅវាប៉ះពាល់ដល់វីរជនស្នេហាជាតិ សម្តេចចក្រី ហេង សំរិន មួយជីវិតរបស់លោក លោកបូជា អញ្ចឹងហើយការប៉ះពាល់លោកដោយគ្មានហេតុផល ខ្ញុំយល់ថាតុលាការគេឲ្យយុត្តិធម៌សម្រាប់សម្តេចប្រធានហើយ»

ចំណែកសង្គមស៊ីវិលនិងអ្នកវិភាគខ្លះវិញគិតថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដាពីរ ដែលពួកគេថាសម្រាប់អ្នកមានប្រាក់និងមន្ត្រីមានអំណាច តែទទួលបានការយកចិត្តទុកដាក់ពីតុលាការ ចំណែកអ្នកក្រីក្រនិងមន្ត្រីបក្សប្រឆាំងច្រើនទទួលបានការខកចិត្តពីការសម្រេចក្តីនានាតាំងពីតុលាការថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល។

យ៉ាងណាក៏ដោយមន្ត្រីបក្សប្រឆាំងអះអាងថាការចោទប្រកាន់មេបក្សរបស់ខ្លួនកាន់តែច្រើន ពួកគេថាគណបក្សសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវ។ ចំណែមេធាវីលោក សំ សុគង់ ដែលការពារក្តីឲ្យលោក សម រង្ស៊ី អះអាងថា លោកនឹងប្តឹងទាស់ករណីនេះទៅសាលាឧទ្ធរណ៍នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដើម្បីស្វែងរកយុត្តិធម៌បន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ