លោក សម រង្ស៊ី បញ្ជាក់​ជំហរថា​ខ្លួន​មិន​បាន​បរិហារកេរ្តិ៍លោក ហេង សំរិន

ប្រធានគណបក្សប្រឆាំងដែលរុំព័ទ្ធដោយបណ្តឹងនៅតុលាការបានច្រានចោលបណ្តឹងមួយរបស់ប្រធានរដ្ឋសភាកម្ពុជាដែលប្តឹងលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈទាក់ទងទៅនឹងអ្វីដែលប្រធានបក្សប្រឆាំងរូបនេះបានសរសេរលើទំព័រហ្វេសប៊ុកកាលពីខែវិច្ឆិកាឆ្នាំមុន។

កាលពីម្សិលមិញចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង សំរិន និងតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់សំណងជំងឺចិត្តដល់លោក ហេង សំរិន ១៥០លានរៀលនិងបង់ពិន័យជូនរដ្ឋ១០លានរៀល។

លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយមានខ្លឹមសារថាក្នុងរបបដែលកើតឡើងនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បានកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ។

ជាការឆ្លើយតបនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកជាភាសាអង់គ្លេសថាលោកបានលើកឡើងពីរបបកើតថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងថាលោកមិនបានសំដៅលើឈ្មោះបុគ្គលណាម្នាក់នោះទេ។ ទោះយ៉ាងណាលោកថា បែរជាប្រធានរដ្ឋសភាកម្ពុជាបច្ចុប្បន្នលោក ហេង សំរិន បានចេញមុខប្តឹងរូបលោកជំនួសឲ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅវិញ។

លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកទៀតថា៖ “តើការសម្រេចរបស់តុលាការនេះត្រូវបានគិតទុកជាមុនឬក៏មានអ្នកណាបង្គាប់ឲ្យគាត់(លោក ហេង សំរិន)តំណាងឲ្យរបបកើតក្នុងថ្ងៃទី៧ ខែមករា ឆ្ន១៩៧៩ មកប្តឹងខ្ញុំឬក៏បណ្តឹងនេះជារឿងជម្លោះបុគ្គល?”

លោក សម រង្ស៊ី ដាក់ជាចម្ងល់ថា បើសិនជាទៅថ្ងៃមុខមានតុលាការឯករាជ្យនិងមានការអនុញ្ញាតឲ្យជនរងគ្រោះក្នុងផែនការ “ក៥” ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាអាចដាក់ពាក្យប្តឹងបានលោក សម រង្ស៊ី សួរថាតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលលោកហៅថាឧក្រិដ្ឋកម្មមនុស្សជាតិមួយនេះ។ លោក សម រង្ស៊ី សរសេរទៀតថា តើលោក ហេង សំរិន ជាអ្នកទទួលខុសត្រូវឬយ៉ាងណា។

ផែនការ “ក៥” កើតមាននៅដើមទសវត្សឆ្នាំ១៩៨០ ដែលពេលនោះអាជ្ញាធរបានកេណ្ឌប្រជាពលរដ្ឋខ្មែរឲ្យទៅកាប់ព្រៃនៅតាមព្រំដែនថៃ ដែលបានបង្កឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនដោយសារជាន់មីនឬជំងឺផ្សេងៗ។

លោក សម រង្ស៊ី សរសេរទៀតថាថ្វីត្បិតតែរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាមិនបានប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែលោកថាការប្រកាសបង្កើតរបបសាធារណរដ្ឋ មានន័យថាបានលុបបំបាត់របបរាជានិយមរួចស្រចទៅហើយ។ លោកបន្តថា ការប្រកាសឲ្យមានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានេះ មានចេតនារួចស្រេចទៅហើយក្នុងការលុបបំបាត់សម្តេចព្រះ នរោត្តម សីហនុ ចេញពីឆាកនយោបាយ បើទោះបីជារបបនេះមិនបានប្រកាសថាកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ក៏ដោយ។ លោកបន្ថែមថារបបសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺដូចគ្នានឹងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដោយថាមានបំណងប្រឆាំងនឹងរាជានិយមនិងសម្តេចព្រះ នរោត្តម សីហនុ ហើយលោកថាចំណុចទាំងនេះគួរត្រូវបានយកមកពិចារណាក្នុងសំណុំរឿងនេះ។

ទោះយ៉ាងណាកាលពីម្សិលមិញ មេធាវីការពារក្តីឲ្យលោក ហេង សំរិន គឺលោក គី តិច ប្រាប់អ្នកសារព័ត៌មានក្រោយការប្រកាសសាលក្រមថាអ្វីដែលលោក សម រង្ស៊ី បានសរសេរគឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ហេង សំរិន ដោយថាក្នុងទសវត្សន៍ឆ្នាំ១៩៨០ លោក ហេង សំរិន មានតួនាទីជាប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍កម្ពុជា។

លោកបន្ថែមថា៖ ការបង្ហោះហ្នឹងគឺទី១បំភាន់ ដ៏បំភាន់ទៅដើម្បីគាត់(លោក សម រង្ស៊ី)យកប្រជាប្រិយភាព គាត់ទម្លាក់កំហុសទៅសម្តេច ហេង សំរិន ព្រោះសម្តេច ហេង សំរិន ជាប្រធានកិត្តិយសរបស់គបក្សប្រជាជនដែរ អ៊ីចឹងគាត់ធ្វើឲ្យប្រជាជន ធ្វើឲ្យមហាជនគាត់មានការភាន់ច្រឡំ ទម្លាក់កំហុងទៅលើសម្តេចទៅ ពេលនោះគាត់ចំណេញ ឯកឧត្តម សម រង្ស៊ី គាត់ចំណេញប្រជាប្រិយភាព គាត់ចំណេញនយោបាយហើយ អាហ្នឹងគឺមូលហេតុគាត់ធ្វើគឺចេតនាគាត់អ៊ីចឹង

គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើងដែលប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ ជាមួយគ្នានោះដែរលោក សម រង្ស៊ី ក៏ជាប់បណ្តឹងពីរទៀតគឺបណ្តឹងមួយប្តឹងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត និងបណ្តឹងថាសមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ