រដ្ឋាភិបាល៖ ២៩កក្កដាឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:01 PM | នយោបាយបោះឆ្នោត | 0 | 7069 លោក ហ៊ុន សែន បោះឆ្នោតនៅការិយាល័យសាលាគរុកោសល្យនិងវិក្រិត្យការក្រុងតាខ្មៅខេត្តកណ្តាលឆ្នាំ២០១៧

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតីកាលទី៦ នៃរដ្ឋសភា នេះបើតាមសេចក្ដីសម្រេច ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបាន។

បើតាមសេចក្ដីប្រកាសដដែលនេះ រាជរដ្ឋាភិបាលបញ្ជាឲ្យក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ អនុវត្តសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ។

ដោយឡែក គ.ជ.ប ក៏បានប្រកាសនឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ពោលគឺធ្វើឡើង ឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

កាលពីបោះឆ្នោតអាណត្តិទី៥ រដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដោយពលរដ្ឋគ្រប់អាយុ បានទៅបោះឆ្នោតចំនួន៩,៦៧លាននាក់។ ក្រោយបោះឆ្នោតកាលនោះ គណបក្សធំៗចំនួនពីរ បានទទួលសំឡេងភាគច្រើនក្នុងរដ្ឋសភា ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ចំណែក គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្ដែក្រោយប្រកាសលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ កាលនោះ គណបក្សសង្គ្រោះជាតិ បានដឹកនាំមហាបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលនោះ ដោយគណបក្សប្រឆាំងចោទថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងទទូចឲ្យមានស៊ើបអង្កេត៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required