អ្នកវិភាគបញ្ចេញទស្សនៈផ្សេងគ្នា ករណីរដ្ឋាភិបាលកម្ពុជាប្រតិកម្មលើយោបល់របស់ជនជាតិវៀតណាម

ការឆ្លើយតប Comment របស់លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះជាវៀតណាមសរសេររិះគន់លោកនាយករដ្ឋមន្ត្រីកម្ពុជា ដោយថាលោក ហ៊ុន សែន បាន “ក្បត់វៀតណាម“។

ការរិះគន់នេះបានធ្វើឲ្យលោក ហ៊ុន សែន មានប្រតិកម្មជាបន្តបន្ទាប់ ហើយនៅថ្ងៃទី២៧ ខែសីហានេះ ក្រសួងការបរទេសកម្ពុជាក៏បានធ្វើសេចក្តីថ្លែងការណ៍ថ្តោលទោសទៅលើអ្នកដែលរិះគន់នោះនិងថែមទាំងអំពាវនាវឲ្យអាជ្ញាធររៀតណាមមានវិធានការទៅលើជនជាតិវៀតណាមទៀតផង។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថាការឆ្លើយតបជាបន្តបន្ទាប់របស់លោក ហ៊ុន សែន និងរហូតដល់ក្រសួងការបរទេសមានប្រតិកម្មបន្ថែមនេះ លោកសង្ស័យថាជាការសំដែង។

លោកសង្ស័យថា៖ “ហេតុដែលធ្វើឲ្យខ្ញុំសង្ស័យត្រង់ថាពីមុនមក បើសិនជាមានខ្មែរណាដែលហ៊ាននិយាយថាឲ្យដល់អ្នកដឹកនាំកំពូល ខ្ញុំគិតថាយូរឆាប់នឹងអាចរកឃើញ មិនយូរប៉ុន្មានស្ទើតែ២៤ម៉ោងគេរកឃើញ Accountហ្នឹងហើយ។ នៅក្នុងលក្ខខណ្ឌបែបនេះខ្ញុំអត់មានឃើញរដ្ឋាភិបាលគាត់មានការស្រាវជ្រាវថាតើ Account ហ្នឹងវានៅក្នុងស្រុកខ្មែរមកពីវៀតណាមមែនទែន”។

លោកបន្ថែមទៀតថា៖ “អ្នកដឹកនាំខ្មែរនិងស្ថាប័ដឹកនាំខ្មែរ ត្រូវតែពិចារណានិងគួរឆ្លើយតបផងដែរ។ ព្រោះថាពេលខ្លះយើងជាប្រមុខរដ្ឋាភិបាល ហើយយើងឆ្លើយតបទៅ តែសម្រាប់សំដីរបស់មនុស្សម្នាក់ ហើយកភាសារបស់អ្នកដឹកនាំខ្មែរមួយទាំងមូលទៅប្រើ ពេលខ្លះវាធ្វើឲ្យយើងអត់សូវបានតម្លៃ។ អញ្ចឹងប្រសិនជាថ្ងៃក្រោយ Account ជារបស់វៀតណាមមែន ខ្ញុំគិតថាបើគេនាំគ្នាសរសេរឲ្យច្រើនតិចមក ខ្ញុំគិតថាអ្នកដឹកនាំខ្មែរប្រាកដជាវិលវល់ហើយ”។

ប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ យល់ថាការប្រតិកម្មតបរបស់លោក ហ៊ុន សែន និងការចេញសេចក្តីថ្លែងការតបរបស់ក្រសួងការបរទេសជាសារដែលរដ្ឋាភិបាលចង់បង្ហាញទៅប្រជាពលរដ្ឋពីគោលជំហររបស់ខ្លួន។ លោកយល់ថា ការចូលមកផ្តល់យោបល់លើហ្វេសប៊ុកលោក ហ៊ុន សែន នេះមិនមែនជាចេតនារបស់រដ្ឋាភិបាលវៀតណាមទេ ដោយលោកលើកឡើងថាវៀតណាមអាចបង្កឲ្យកម្ពុជាឃើញពីចេតនារបស់ខ្លួនតាមរយៈរួបភាពផ្សេងពីនេះ។

លោកបន្តថា៖ “ខ្ញុំយល់ថាមិនមែនជាចេតនារបស់រដ្ឋាភិបាលវៀតណាមទេ។ ព្រោះអីបើចេតនា គេមិនចាំបាច់ផ្ញើតាមហ្វេសប៊ុកចឹងទេ។ អាផ្ញើតាមលិខិតក៏អាចផ្ញើតាមអីផ្សេង។ ប៉ុន្តែតាមការទាយរបស់ខ្ញុំវៀតណាមកំពុងតែមិនសប្បាយចិត្តជាមួយប្រទេសកម្ពុជា បញ្ហាជីកស្រះ បញ្ហាលើកប៉ុស្ត លើកអីនៅតាមបណ្តោយព្រំដែននោះគឺជាយុទ្ធសាស្ត្រក្នុងការកកូរជម្លោះផ្ទៃក្នុងនៅក្នុងរដ្ឋាភិបាលកម្ពុជា។ អញ្ចឹងហើយបានខ្ញុំថា ប្រទេសកម្ពុជាត្រូវជជែកគ្នា ឯកភាពគ្នា ដើម្បីមានគោលនយោបាយអន្តរជាតិរួម“។

ផ្ទុយពីការយល់ឃើញទាំងនេះអ្នកស្រាវជ្រាវពីបញ្ហាព្រំដែនកម្ពុជា លោកបណ្ឌិត សុខ ទូច យល់ថាការដែលជនជាតិវៀតណាមលើកឡើងនៅក្នុងហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី វាយប្រហារ លោក ហ៊ុន សែន នេះគឺជាចេតនារបស់រដ្ឋាភិបាលវៀតណាម។ លោកអះអាងបែបនេះដោយលោកលើកឡើងថា ក្នុងប្រទេសកុំមុយនីស្តដូចជាវៀតណាមឬប្រទេសចិន ការសរសេរវាយប្រហារទៅលើអ្នកណាម្នាក់គឺមិនអាចទៅរួចទេបើគ្មានការបើកដៃពីរដ្ឋាភិបាលរបស់ខ្លួន។

លោកបន្តថា៖ “គ្រាន់តែយើងមើលតាមន័យត្រង់ យើងឃើញថាប្រជាជន(វៀតណាម)ជាការពិតវាមិនមែនជាប្រជាជនទេ។ ជាការបើកភ្លើងខៀវពីរដ្ឋាភិបាលវៀតណាមក៏មេបក្សក៏ពីអ្នកនយោបាយវៀតណាមឲ្យធ្វើ។ ពីព្រោះបើសិនជាមិនមានការបើកភ្លើងខៀវមិនអាចបានទេ លោកត្រូវចាំថាវៀតណាមបក្សដឹកនាំរដ្ឋគ្រប់គ្រងប្រជាជនធ្វើការ“។

លោកបន្ថែមថា៖ “មិនមែនរឿងបុគ្គលទេ នេះគឺរដ្ឋ! គ្រាន់តែគេនៅក្រោយវាំងនន គេឲ្យបុគ្គលធ្វើ ព្រោះខ្ញុំបានជម្រាបជូនហើយថា រដ្ឋវៀតណាមត្រួតពិនិត្យប្រព័ន្ធអ៊ិនធើណេត ប្រព័ន្ធទូរសព្ទ“។

លោក សុខ ទូច យល់ថាការដែលវៀតណាមធ្វើដូចនេះគឺក្នុងចេតនាចង់ឲ្យកម្ពុជាដឹងគុណខ្លួន ខណៈដែលបញ្ហាព្រំដែនត្រូវបានវៀតណាមចាប់ផ្តើមបង្ក ដើម្បីថ្លឹងពីស្ថានការណ៍នយោបាយនៅកម្ពុជានិងការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់។

រហូតមកដល់ពេលនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងអ្នកសរសេរជាយោបល់ក្នុងហ្វេសប៊ុកលោកចំនួន៤ដងហើយ។ កាលពីចុងខែកក្កដាកន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមឈ្មោះ Phạm Đức Hiển បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានក្បត់វៀតណាម ហើយនៅព្រឹកមិញនេះក៏មានអ្នកប្រើប្រាស់ហ្វេសបុកឈ្មោះ Thu Sinh Ho Vo បានវាយប្រហារលោកនាយករដ្ឋមន្ត្រីបន្ថែមទៀតដែរ។ គ្រប់ការរិះគន់នៅលើហ្វេសប៊ុកលោក ហ៊ុន សែន ពួកគេតែងចោទថា លោក ហ៊ុន សែន ថាបានក្បត់វៀតណាមនិងថាប្រសិនបើគ្មានវៀតណាមទេនោះ លោក ហ៊ុន សែន ក៏មិនមានលទ្ធផលដូចថ្ងៃនេះដែរ។

ជាការឆ្លើយតប លោក ហ៊ុន សែន តែងវាយបកទៅវិញក្នុងន័យថា លោកមិនមែនជាអាយ៉ងរបស់វៀតណាម ដោយថាលោកជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យក្នុងការទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមនិងប្រទេសដទៃដោយស្មើភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ