អ្នកបឹងកក់ទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនអំឡុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់ក្រុមប្រជាពលរដ្ឋសហគមន៍បឹងកក់ (ដោយ ណាត សុភាព)

ក្រុមប្រជាពលរដ្ឋសហគមន៍បឹងកក់ប្រហែល៣០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងសហគមន៍របស់ពួកគេនៅព្រឹកថ្ងៃនេះ ដើម្បីទាមទារឲ្យដោះលែងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពី ២សប្ដាហ៍មុន និងជាផ្នែកមួយនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីរៀបចំការបោះឆ្នោត ដែលកំពុងជាប់ឃុំ។

សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែសីហា អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ នៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស៤រូបរបស់សមាគមអាដហុកនិងមន្ត្រី គ.ជ.ប.។

អ្នកស្រី បូវ សោភា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ថ្ងៃ ក្រោមការចោទប្រកាន់ពីបទប្រមាថ ហើយត្រូវបានដោះលែងមកវិញ។

ប៉ុន្តែ អ្នកស្រី ទេព វន្នី មិនត្រូវបានដោះលែងនោះឡើយ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ថាបានប្រមាថរាជការសាធារណៈនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។

អ្នកស្រី ទេព វន្នី និងប្រជាសហគមន៍បឹងកក់ដទៃទៀតបានរៀបចំការតវ៉ាអស់រយៈពេល១៥សប្ដាហ៍ជាបន្តបន្ទាប់ ដែលជាផ្នែកមួយនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ខែឧសភាកន្លងមកនៅក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ