មេដឹកនាំហ្វីលីពីនចាត់ទុកអ្នកប្រើប្រាស់គ្រឿងញៀនមិនមែនជាមនុស្ស

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte(រូបភាពពីបណ្តាញ​សារព័ត៌មានChannel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលកំពុងធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមនោះ បាននិយាយត្រង់ៗចំពោះការសម្លាប់អ្នកប្រើប្រាស់គ្រឿងញៀនក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ ដោយសារលោកថា ជនរងគ្រោះទាំងនោះ មិនមែនជាមនុស្ស។

លោក Duterte បានថ្លែងដូច្នេះកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ខណៈដែលលោកមិនឲ្យតម្លៃក្ដីបារម្ភរបស់អង្គការសហប្រជាជាតិ ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន។

នៅអំឡុងពេលលោកចុះជួបកងទ័ព លោក Duterte បានថ្លែងថា៖ «បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ? ជាដំបូង ខ្ញុំសូមនិយាយត្រង់ជាមួយអ្នកថា តើពួកគេជាមនុស្សទេ? តើអ្នកកំណត់និយមន័យអំពីមនុស្សយ៉ាងដូចម្ដេច?»។

លោកបន្តថា៖ «សិទ្ធិមនុស្ស? ប្រើប្រាស់វាសមរម្យក្នុងបរិបថត្រឹមត្រូវ ប្រសិនបើអ្នកមានខួរក្បាល។ អ្នកមិនអាចធ្វើសង្គ្រាមដោយគ្មានការសម្លាប់មនុស្សនោះឡើយ»។

លោក Duterte បានថ្លែងថា អ្នកប្រើប្រាស់គ្រឿងញៀនទាំងនោះ បានឈានដល់ដំណាក់កាលញៀនហួសពីការស្ដារនីតិសម្បទាឡើងវិញទៅហើយ។

លោក Duterte បានថ្លែងដូច្នេះ ក្រោយពីក្រុមមន្ត្រីនានារបស់អង្គការសហប្រជាជាតិ មានទាំងអគ្គលេខាធិការ លោក បាន គីមូន ផងដែរ កាលពីខែមិថុនាកន្លងមកបានថ្កោលទោសចំពោះការគាំទ្រឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។

កាលពីសប្ដាហ៍មុន មេប៉ូលិសហ្វីលីពីន លោក Dela Rosa បានប្រាប់ទៅព្រឹទ្ធសភាថា មនុស្សជាង៧៥០នាក់ ត្រូវបានប៉ូលិសសម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប់គ្រឿងញៀន ខណៈមនុស្សជាង១ពាន់នាក់ទៀតត្រូវបានសម្លាប់ដោយបុគ្គលលាក់កំបាំង។

លោក Duterte អាយុ៧១ឆ្នាំ បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីខែឧសភាកន្លងមក ដោយសារបានសន្យាសម្លាប់ជនសង្ស័យគ្រឿងញៀន១ម៉ឺននាក់ ដើម្បីការពារប្រទេសហ្វីលីពីនកុំឲ្យក្លាយជារដ្ឋគ្រឿងញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ