វិភាគ៖ កម្ពុជាមិនមានយន្តការច្បាស់លាស់ដើម្បីបញ្ចប់ការជួលដីឲ្យប្រទេសជិតខាង

ក្នុងកំឡុងពេលនៃការកាន់អំណាចរយៈពេលជាង៣៦ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាទទួលរងការវាយប្រហាដោយពាក្យសំដីពីគណបក្សប្រឆាំងថាបានធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងនិងអនុញ្ញាតិឲ្យជនអន្តោប្រវេសន៍ហូរចូលដោយខុសច្បាប់។ ហើយប្រហែលជាដើម្បីបញ្ចប់បញ្ហានេះ រាជរដ្ឋាភិបាលបានចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែន ដែលមានភាពចម្រូងចម្រាស់ជាមួយនឹងប្រទេសវៀតណាម។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញសារាចរហាមជួលឬលក់ដីស្រែចំការឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង រួមទាំងតំបន់មិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនផ្លូវការរួចជាស្ថាពរ។ រយៈពេលជិតមួយឆ្នាំក្រោយពីការអនុវត្តសារាចរនេះ ដីខ្មែរនៅតាមបណ្តោយព្រំដែននៅតែត្រូវបានជួលជាពិសេសទៅឲ្យប្រជាជនវៀតណាម។

កាសែតកោះសន្តិភាពបានចុះផ្សាយនៅថ្ងៃទី២៥ខែសីហាថា ដីស្រែ៤០០ហិកតានៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានម្ចាស់ដីជួលឲ្យវៀតណាមចិញ្ចឹមបង្គា។ ចំណែកគណបក្សសង្គ្រោះជាតិបានដាក់លិខិតទៅប្រធានរដ្ឋសភា ដោយអះអាងថាដីស្រែទំហំ៤៣៦ហិកតានៅស្រុកចន្ទ្រាខេត្តស្វាយរៀងក៏កំពុងត្រូវបានជួលឲ្យទៅជនជាតិវៀតណាមផងដែរ។ ដាច់ដោយឡែកពីនេះក៏មានសេចក្តីរាយការណ៍ថាដីជាប់នឹងព្រំដែនវៀតណាមក្នុងខេត្តរតនគិរីប្រមាណជា៤ម៉ឺនហិចតាក៏ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជាដីសម្បទានដល់ក្រុមហ៊ុនដែលកាន់កាប់ដោយយោធាវៀតណាមផងដែរ។

ជាថ្មីម្តងទៀតបន្ទាប់ពីជួបជាមួយនឹងមន្រ្តីនៅឯខេត្តតាកែវកាលពីថ្ងៃទី១៦ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅអភិបាលខេត្តដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាមឲ្យបញ្ឈប់ជួលដីឲ្យប្រជាជនវៀតណាម។ ហើយបានផ្តល់អនុសាសន៍ឲ្យមន្រ្តីរបស់លោករៀបចំឲ្យមានប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន។

អ្នកវិភាគបានសាទរចំពោះវិធានការថ្មីនេះ ប៉ុន្តែពួកគាត់អះអាងថាវាត្រូវការពេលវេលានិងយន្តការច្បាស់លាស់។

លោកបណ្ឌិត ចាន់ វិបុល ជំនាញខាងវិទ្យាស្រ្តនយោបាយនិងអភិបាលកិច្ច។ លោកមានប្រសាសន៍ថាដើម្បីបញ្ចប់ការជួលដីរបស់ប្រជាពលរដ្ឋឲ្យទៅប្រទេសជិតខាងនោះ រដ្ឋាភិបាលត្រូវតែផ្តល់លទ្ធភាពផ្នែកសេដ្ឋកិច្ចដល់ពលរដ្ឋ។ បើតាមលោក ចាន់ វិបុល រដ្ឋាភិបាលមិនមានកញ្ចប់ថវិកាពិសេស ដើម្បីលើកស្ទួយលើកកំពស់ដល់ការរស់នៅតាមបណ្តោយព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរនោះទេ។

លោកបន្តថា៖ «យើងឃើញនៅតាមតំបន់ជាយដែនគឺពលរដ្ឋមានការលំបាកណាស់។ ប្រព័ន្ធរចនាសម្ព័ន្ធ សាលារៀន សុខាភិបាល នេះប្រជាពលរដ្ឋមិនមានលទ្ធភាពទេ។ វាគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ អញ្ចឹងយើងទៅមើលថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហ្នឹងអាចធ្វើឲ្យពលរដ្ឋរស់នៅបានសេចក្តីសុខទេ។ អញ្ចឹងប្រសិនបើគាត់អត់អាចរស់នៅបានទេ បញ្ហាសេដ្ឋកិច្ចគាត់យ៉ាប់ទៅទៀត អញ្ចឹងគាត់នឹងមិននៅទេ»។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតថ្លែងក្នុងកម្មវិធីតុមូល VOD នៅថ្ងៃសុក្រ ទី២៦ ខែសីហាថា រដ្ឋាភិបាលត្រូវតែមានភាពច្បាស់លាស់អំពីវិធានការពេលខ្លីនិងវិធានការរយៈពេលវែង៖ «ការផ្អាកនៃការជួលដីនេះគឺត្រូវធ្វើឡើងទី១គឺបណ្តោះអាសន្ន ទី២ចេញគោលនយោបាយឲ្យច្បាស់ និងទី៣គឺត្រូវព្យាយាមជួយដោះស្រាយប្រជាពលរដ្ឋដែលនៅតាមព្រំដែនដែលរងផលប៉ះពាល់។ នេះគឺរយៈពេលខ្លី។ សម្រាប់រយៈពេលវែងគឺគ្មានអ្វីក្រៅតែពីការរៀបចំឲ្យមានប្លង់រឹងសម្រាប់ប្រជាពលរដ្ឋ»។

បើតាមលោក អ៊ូ វីរៈការជួលដីរបស់ប្រជាពលរដ្ឋឲ្យទៅប្រទេសជិតខាងមិនខុសទេ។ លោកថារឿងដែលខុសគឺភាពរញ៉េរញ៉ៃនៃបញ្ហាដែលមិនត្រូវបានដោះស្រាយឲ្យមានប្រសិទ្ធភាពពីមុនមក។ លោក អ៊ូ វីរៈ ទទូចឲ្យរដ្ឋាភិបាលធ្វើការសិក្សាឲ្យបានច្បាស់លាស់។ បើតាមលោក អ៊ូ វីរៈ រដ្ឋាភិបាលត្រូវធ្វើឲ្យតំបន់ព្រំដែនទាំងនោះក្លាយជាប្រភពសេដ្ឋកិច្ច។

លោកបន្ថែមថា៖ «សំខាន់វាមែនរឿងជួលឲ្យបរទេស។ ចឹងបានខ្ញុំថារឿងជួលឲ្យបរទេសគឺជារឿងបណ្តោះអាសន្នទេ។ វាមានវិស័យ៣ផ្សេងដែលត្រូវពង្រឹងដើម្បីការពារជាតិយើងឲ្យបានហ្នឹង គឺអន្តោប្រវេសន៍ឲ្យត្រឹមត្រូវ ប្លង់រឹងឲ្យមាំទៅធ្វើជាប្រព័ន្ធទៅ ហើយត្រូវកំណត់តំបន់ព្រំដែនឲ្យច្បាស់លាស។ ហើយបើចង់ជួយកសិករ អាហ្នឹងវាមានទ្រឹស្តីកសិកម្មដែលយើងត្រូវអនុវត្តន៍។ រឿងទាំងឡាយហ្នឹងកុំអាលឈូឆរពេក»។

កម្ពុជាមានព្រំដែនរួមជាប់ប្រទេសវៀតណាមប្រវែង១ ២៧០គីឡូម៉ែត្រ។ បង្គោលព្រំដែនប្រមាណជាជាង៨០%ត្រូវបានបោះរួចរាល់។ ប្រទេសទាំងពីរនេះមានបំណងបញ្ចប់ការបោះបង្គោលព្រំដែនដែលមានភាពចម្រូងចម្រាស់នេះតាំងពីចុងឆ្នាំ២០១២ ប៉ុន្តែត្រូវបានអូសបន្លាយដល់ឆ្នាំ២០១៦នេះ ហើយមិនទាន់ដឹងថានឹងត្រូវបញ្ចប់ឲ្យច្បាស់នៅពេលណានៅឡើយ។

កាលពីថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានបញ្ជាទៅអាជ្ញាធរមូលដ្ឋានឲ្យរារាំងការជួលឬការលក់ដីទៅតាមបណ្តោយព្រំដែនទៅឲ្យជនបរទេស។ លោក ស ខេងលើកឡើងការការជួលដីឬលក់ដីឲ្យទៅជនបរទេសបានធ្វើឲ្យមានបញ្ហា។

អ្នកស្រាវជ្រាវព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិតសភា លោក សុខ ទូច ធ្លាប់ប្រាប់ VOD ថាដីរាប់ម៉ឺនហិកតា ត្រូវបានគេជួលឲ្យទៅវៀតណាម ដែលលោកថាភាគច្រើនអ្នកជួលនោះជាមន្ត្រីយោធាដែលមានអំណាចនិងអ្នកខ្លះមានឋានៈពីរដ្ឋមន្ត្រីរហូតដល់ឧបនាយករដ្ឋមន្តី្រទៀតផង។

ថ្លែងប្រាប់VODតាមទូរសព្ទនៅថ្ងៃចន្ទ ទី២៩ ខែសីហា លោក សុខ ទូច អ្នកវិភាគស្ថានភាពនយោបាយផងនោះបានលើកឡើងថាការជួលដីនៅតាមតំបន់ព្រំដែនទៅឲ្យប្រទេសជិតខាងត្រូវតែបញ្ចប់នៅឆ្នាំនេះ ដើម្បីធានាថាកម្ពុជាមិនបន្តបាត់បង់ដីទៅប្រទេសជិតខាង។ បើតាមលោកបណ្ឌិត សុខ ទូច កម្ពុជាអាចជោគជ័យលើផែនការនេះ ដោយសារលោកមើលឃើញថាអ្នកដែលជួលដីនោះគឺជាមន្រ្តីមានអំណាចបុណ្យសក្តិ។ វិធានការរបស់លោក សុខ ទូច គឺដកហូតដំណែងមន្រ្តីណាដែលត្រូវបានរកឃើញថាបានបន្តជួលដីឲ្យទៅប្រទេសជិតខាង។ លោកមានប្រសាសន៍ថាបើធ្វើដូច្នេះមិនរាងចាលទេនោះត្រូវដកហូតដីនោះមកជាសម្បត្តិរបស់រដ្ឋ។

ទោះបីជាកម្ពុជា-វៀតណាមកំពុងតែបោះបង្គោលព្រំដែន ដើម្បីបញ្ចប់ជម្លោះដែលមានរ៉ាំរ៉ៃច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែបញ្ហានៅតែកើតមានឡើងជាបន្តបន្ទាប់ចាប់ពីប្រជាពលរដ្ឋនៅកំរិតមូលដ្ឋានដូចគ្នារហូតដល់ការទូតនិងកម្រិតរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

កម្ពុជាបានដាក់កំណត់ទូត២៣ទៅប្រទេសវៀតណាម ដោយចោទថាប្រទេសនេះបានរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយជីកស្រះនិងសង់ប៉ុស្តិ៍យាមចូលមកក្នុងទឹកដីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ